ប្រតិកម្ម​របស់​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ចំពោះ​បម្រាម​ចាក់​ផ្សាយ​ភាពយន្ត​បរទេស

ភ្នំពេញ៖អ្នក​គ្រប់គ្រង​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន កំពុង​ពិចារណា​ចំពោះ​វិធានការ​របស់​ក្រសួង​ព័ត៌មាន ដែល​តម្រូវ​ឲ្យ​បិទ​ការ​ចាក់​ផ្សាយ​ភាពយន្ត​បរទេស នៅ​តាម​កញ្ចក់​ទូរទស្សន៍​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ចាប់​ពី​ចន្លោះ​ម៉ោង ៧ ដល់​ម៉ោង ៩​យប់ ដើម្បី​ចូលរួម​លើក​ស្ទួយ​វប្បធម៌ និង​អត្តសញ្ញាណ​ភាពយន្ត​ខ្មែរ។

អ្នក​គ្រប់គ្រង​ស្ថានីយ​ទូរទស្សន៍​ល្បីៗ​ក្នុង​ស្រុក ចាត់​ទុក​ម៉ោង ៧ ដល់​ម៉ោង ៩​យប់ ជា​ម៉ោង​មាស​សម្រាប់​កម្មវិធី​ផ្សាយ​របស់​ពួក​គេ ដែល​កំពុង​ចាក់​បញ្ចាំង​រឿង​បរទេស​ល្បីៗ និង​កម្មវិធី​ផ្សេងៗ ដើម្បី​ទាក់ទាញ​អ្នក​ទស្សនា​ដែល​អាច​រក​កម្រៃ​បាន​ច្រើន។

ទោះ​ជា​យ៉ាង​ណា ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​យល់​ថា វិធានការ​របស់​ក្រសួង​ព័ត៌មាន នៅ​ពេល​នេះ គឺ​លឿន​ពេក ដែល​ធ្វើ​ឲ្យ​ពួក​គេ​ជួប​ការ​លំបាក។

អគ្គនាយក​រង​ទូរទស្សន៍​បណ្ដាញ​ជាតិ​ប្រជាជន ។លោក សោម ឆាយា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ កញ្ញា ថា វិធានការ​ដ៏​លឿន​នេះ ជំរុញ​ឲ្យ​ពួក​គាត់​ប្រឈម​ខ្លាំង​ជាមួយ​ក្រុមហ៊ុន​ផ្សេងៗ​ដែល​ស្ថានីយ​ជាប់​ កិច្ចសន្យា។ លោក​ថា បញ្ហា​នេះ ខាង​ស្ថានីយ​នឹង​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ក្រសួង​ព័ត៌មាន ទទួល​បន្ទុក ដើម្បី​រក​ច្រក​ចេញ​ពី​បញ្ហា​នេះ៖ «យើង​ក៏​នឹង​សុំ​ឲ្យ​ក្រសួង​អនុគ្រោះ ឬ​ក៏​អាច​ចាប់​ផ្ដើម​ពី​ចំណុច​បន្តិច​ម្ដងៗ ឬ​ក៏​យ៉ាង​ណា ពីព្រោះ​ថា ក្រសួង​ដាក់​មក​ភឹង​អ៊ីចឹង​មក យើង​ចុះ​កិច្ចសន្យា ពីរ​បី​លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន​គេ​ផ្សេងៗ​ហ្នឹង ក្រៅ​ប្រទេស​ហ្នឹង គេ​ធ្វើ​យ៉ាង​ម៉េច? នរណា​អ្នក​ឲ្យ​យើង? ពីព្រោះ​ការ​រក​ទទួល​ទាន​របស់​ទូរទស្សន៍​ហ្នឹង គឺ​វា​មាន​តែ​បញ្ហា​ហ្នឹង​ទេ ដែល​ក្រុមហ៊ុន​ឧបត្ថម្ភ​យើង ទាល់​តែ​រក​កុន​ណា​ល្អៗ ដើម្បី​តម្រូវ​ទីផ្សារ។ ប្រជាជន​យើង​ភាគ​ច្រើន ឲ្យ​តែ​ដាក់​កុន​ថៃ មក​ប្រជាជន​មើល​ច្រើន ក្រុមហ៊ុន​ពាណិជ្ជកម្ម​គេ​យក​មក​ដាក់​នៅ​ក្នុង​ម៉ោង​ហ្នឹង​ច្រើន​ដែរ»

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្ដី​ជូន​ដំណឹង ហើយ​ព្រមាន​ដក​អាជ្ញាប័ណ្ណ​ចំពោះ​ស្ថានីយ​ទូរទស្សន៍​ណា​ដែល​ល្មើស​នឹង​ការ​ សម្រេច​របស់​ក្រសួង ដែល​ស្នើ​ឲ្យ​បិទ​ការ​ចាក់​ផ្សាយ​ភាពយន្ត​បរទេស​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ របស់​ខ្លួន ចាប់​ពី​ចន្លោះ​ម៉ោង ៧ ដល់​ម៉ោង ៩​យប់ ដើម្បី​ចូលរួម​លើក​ស្ទួយ​វប្បធម៌ និង​អត្តសញ្ញាណ​ភាពយន្ត​ខ្មែរ។ វិធានការ​នេះ នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

ទាក់ទង​នឹង​វិធានការ​នេះ​ដែរ នាយក​ចាត់ការ​ទូទៅ​របស់​ស្ថានីយ​ទូរទស្សន៍ ម៉ាយ ធីវី (My TV) ថ្លែង​ថា លោក​មិន​ទាន់​ទទួល​បាន​លិខិត​ពី​ក្រសួង​ជា​ផ្លូវ​ការ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា លោក​ស្វាគមន៍​វិធានការ​នេះ ថ្វី​បើ​ពេលវេលា​នេះ​លឿន​ពេក ដែល​មិន​អំណោយ​ផល​ដល់​ការ​រៀបចំ​តារាង​កម្មវិធី​នៃ​ការ​ផ្សាយ និង​ផលិតកម្ម​ថ្មី​នោះ៖ «ការ​កំណត់​របស់​ក្រសួង​ហ្នឹង ខ្ញុំ​គិត​ថា​បាន​ជួយ​នៅ​ក្នុង​វិស័យ​ផលិត ហើយ​និង​ផលិតករ​ខ្មែរ​យើង។ ខាង​ខ្ញុំ​មាន​ជា​ហូរហែ​មក​ហើយ មិន​មែន​ទាល់​តែ​មាន​វិធានការ​របស់​ក្រសួង បាន​ខ្ញុំ​ផលិត​អី​ទេ។ ថ្មីៗ​នេះ យើង​មាន​រឿង​ស្លឹក​ចាក​មួយ​ជា​ស្នាដៃ​របស់ លោក ឆាយ បូរ៉ា ទទួល​បាន​ការ​គាំទ្រ​ដែរ។ យើង​ចាក់​បញ្ចប់​មុន​ហ្នឹង​ប្រហែល​ជា​មួយ​ខែ ហើយ​យើង​នឹង​មាន​រឿង​បន្តបន្ទាប់​ច្រើន​ទៀត»

ស្រដៀង​គ្នា​នេះ​ដែរ អគ្គនាយក​ស្ថានីយ ហង្ស មាស (Hang Meas) លោក អេង ឆាយងួន ថ្លែង​ថា វិធានការ​នេះ​ស្ថានីយ​ត្រូវ​តែ​អនុវត្ត​ទាំង​លំបាក ដោយសារ​ពុំ​មាន​ពេលវេលា​ច្រើន។ រីឯ​រឿង​បរទេស​ដែល​កំពុង​ចាក់​ផ្សាយ មាន​តែ​រំកិល​ម៉ោង​ផ្សាយ​ដើម្បី​ដោះស្រាយ​មួយ​គ្រា​សិន៖ «យើង​គិត​ហើយ​ ហ្នឹង វា​មិន​អាច​ភ្លាមៗ​ទៅ​បាន​ទេ ពីព្រោះ​ធម្មតា​ដំណើរ​ការ​នៃ​ការ​ផលិត​ត្រូវ​ការ​ពេលវេលា​ក្នុង​មួយ​រឿងៗ យើង​គិត​មើល! យើង​ថត​មួយ​ភាគ​យើង​ត្រូវ​ចាយ​ពេល​ប៉ុន្មាន?»

ក្រសួង​ព័ត៌មាន មាន​ទស្សនវិស័យ​ខ្ពស់​ក្នុង​ការ​លើក​តម្កើង​មោទនភាព​ជាតិ និង​វប្បធម៌​ខ្មែរ។ វិធានការ​នេះ បំណង​ឲ្យ​ម្ចាស់​ស្ថានីយ​ទូរទស្សន៍​ទាំងអស់ ត្រូវ​តែ​ចាក់​ផ្សាយ​វណ្ណកម្ម​ខ្មែរ ដូចជា​ខ្សែ​ភាពយន្ត និង​វីដេអូ​ខ្មែរ តន្ត្រី​សម័យ​បុរាណ កម្មវិធី​កម្សាន្ត​ផ្សេងៗ និង​កីឡា ជាដើម។

ជុំវិញ​បញ្ហា​នេះ សមាជិក​ក្រុម​ព្រះ​សុរិយា យុវជន រិន ឆោមវីរៈ មាន​ទស្សនៈ​ថា នេះ​ជា​កិច្ច​អន្តរាគមន៍​របស់​ក្រសួង ក្នុង​ការ​ស្ដារ និង​ការពារ​ភាពយន្ត​បរទេស​ដែល​កំពុង​វាយ​លុក​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​លោក​យល់​ថា វិធានការ​ដ៏​លំបាក​មួយ ហើយ​ប្រសិទ្ធភាព​នោះ គឺ​មិន​មែន​ជា​ការ​រារាំង​ការ​ចាក់​បញ្ចាំង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​បណ្ដុះ​គំនិត​របស់​យុវជន​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​ឲ្យ​យល់​ពី​តម្លៃ​ជាតិ​តែ​ប៉ុណ្ណោះ៖ «ទោះ​បី​ជា​ បញ្ចាំង​ម៉ោង ១០ បើ​គេ​ចង់​មើល ក៏​គេ​នៅ​មើល​ដែរ​រឿង​ហ្នឹង​នោះ គ្រាន់​តែ​ថា​ចន្លោះ​ម៉ោង​ហ្នឹង គឺ​ជា​ម៉ោង​ថ្លៃ អ៊ីចឹង​ការ​បញ្ចាំង​មាន​តម្លៃ​ថ្លៃ ការ​ទស្សនា​របស់​មហា​ជន​ច្រើន។ សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សាទរ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​ក្រសួង​ពិចារណា​លើ​តម្លៃ​ជាតិ​វិញ។ ធ្វើ​ឲ្យ​មនុស្ស​ពី​តម្លៃ​ជាតិ ទី​១ យើង​ត្រូវ​យល់​ថា តើ​ការ​ហូរ​ចូល​នូវ​វប្បធម៌​បរទេស យើង​នឹង​ផ្ដល់​ផល​ប៉ះពាល់​យ៉ាង​ម៉េច​ខ្លះ​សម្រាប់​ជាតិ​យើង? ចំណុច​ទី​២ យើង​ត្រូវ​មាន​កុន​ខ្មែរ​ដែល​ល្អ​សម្រាប់​ឲ្យ​យុវជន​មើល យុវជន​ខ្មែរ​ឥឡូវ​ចាប់​ផ្ដើម​គាំទ្រ​កុន​ខ្មែរ​ហើយ»

ផលិតករ​ភាពយន្ត​ខ្មែរ​មួយ​ចំនួន​ក្នុង​ពេល​បច្ចុប្បន្ន កំពុង​ខិតខំ​ប្រឹងប្រែង​សម្រិតសម្រាំង​ស្នាដៃ​និពន្ធ​ថ្មីៗ​របស់​ខ្លួន ក្នុង​ការ​ផលិត​ដើម្បី​លើក​ស្ទួយ​វិស័យ​សិល្បៈ វប្បធម៌​ខ្មែរ។ ប៉ុន្តែ​ផលិតករ​ទាំង​នោះ បាន​ត្អូញត្អែរ​ថា រដ្ឋាភិបាល ពិសេស​ក្រសួង​ពាក់ព័ន្ធ នៅ​ខ្វះ​ការ​ជួយ​ជ្រោមជ្រែង​ក្នុង​វិស័យ​នេះ៕

image២

Loading...

Leave a Reply

Your email address will not be published. Required fields are marked *