ប្រតិភូជាន់ខ្ពស់កូរ៉េខាងជើងមកដល់កូរ៉េខាងត្បូងចូលរួមបិទពិធីកីឡាអូឡាំពិករដូវរងា

មេទ័ពកូរ៉េខាងជើងមួយរូប ដែលស្ថិតនៅក្នុងបញ្ជីខ្មៅ បានមកដល់ទឹកដីកូរ៉េខាងត្បូងហើយ​ កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ (ម៉ោងនៅក្នុងតំបន់) ដើម្បីចូលរួមពិធីបិទកីឡាអូឡាំពិករដូវរងា ហើយពិធីនេះ ក៏នឹងអញ្ជើញចូលរួម ពីសំណាក់គណៈប្រតិភូលោកស្រី Avanka កូនស្រីបង្កើតរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំផងដែរ ។

ដំណើរទស្សនកិច្ចរបស់លោក Kim Yong Chol ដឹកនាំគណៈប្រតិភូជាន់ខ្ពស់៨រូប ឆ្លងកាត់តំបន់គ្មានសកម្មភាពយោធាកាលពីវេលាព្រឹកថ្ងៃអាទិត្យនោះ គឺជាដំណាក់កាលចុងក្រោយនៃកម្មវិធីកីឡា ហើយនាំឲ្យទំនាក់ទំនងការទូតល្អប្រសើរមួយកម្រិត គ្របដណ្តបពីតំបន់ Pyeongchang ជាទីដែលរៀបចំកម្មវិធីប្រកួតកីឡានោះ ។

ប្រទេសដែលមានអាវុធនុយក្លេអ៊េរកូរ៉េខាងជើងបានវាយលុកយ៉ាងខ្លាំងក្លាបំផុត ទាក់ទងនឹងវិស័យកីឡាអូឡាំពិក ដោយបានបញ្ជូនអត្តពលិក, អ្នកគាំទ្រ ក៏ដូចក្រុមអ្នកសម្តែង ឲ្យទៅចូលរួមប្រកួតកីឡាមួយនេះនៅលើទឹកដីកូរ៉េខាងត្បូង ហើយប្អូនស្រីមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន គឺលោកស្រីKim Yo Jongក៏បានវត្តមានក្នុងវិធីបើកកីឡាអូឡាំពិកនេះដែរ ។

ក្រុមអ្នកវិភាគបានលើកឡើងថា សកម្មភាពទាំងនេះរបស់កូរ៉េខាងជើង គឺដើម្បីបន្សាបខ្លះៗសកម្មភាពដាក់ទណ្ឌកម្ម លើប្រទេសនេះពាក់ព័ន្ធជាមួយនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីល ក៏ដូចការព្យាយាមដើម្បីឲ្យចុះខ្សោយទំនាក់ទំនងសម្ពន្ធមិត្តរវាងកូរ៉េខាងត្បូង នឹងអាមេរិកផងដែរ ។

ប៉ុន្តែទោះបីយ៉ាងណា លោក Kim Yo Jong មិនបានទាក់ទងជាមួយអនុប្រធានាធិបតីអាមេរិក លោក Mike Pence នៅឯពិធីបិទកីឡាអូឡាំពិករដូវរងានោះឡើយ បើទោះបីពួកលោកអង្គុយនៅកៅអី វីអាយភី មិនឆ្ងាយប៉ុន្មានពីគ្នា ក៏ដោយ ហើយបើតាមប្រភពពីមន្ត្រីអាមេរិកថ្លែងថា គម្រោងជួបគ្នារវាងប្រតិភូសហរដ្ឋអាមេរិក នឹងទីក្រុងព្យុងយ៉ាងនៅថ្ងៃបន្ទាប់ទៀតនោះត្រូវបានប្រកាសលុបចោល​ដោយកំណត់ហេតុខ្លីមួយច្បាប់របស់កូរ៉េខាងជើង ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ក៏មិនទាន់បានទទួលយល់ព្រមភ្លាមៗទេ ការគោរពអញ្ជើញមួយ តាមរយៈលោកស្រី Kim Yo Jong ប្អូនស្រីបង្កើតមេដឹកនាំកូរ៉េខាងជើង ឲ្យទៅចូលរួមកិច្ចប្រជុំកំពូលមួយ ដោយលោកប្រធានាធិបតីថ្លែងបញ្ជាក់ថា លក្ខខណ្ឌសិទ្ធិមនុស្សតម្រូវឲ្យកើតមានឡើងសិន ។

ទីក្រុងវ៉ាស៊ីនតោនវិញ បានរ៉ាយរ៉ាប់អំពីវិធីសាស្ត្រថ្មីរបស់ខ្លួនដាក់ទណ្ឌកម្មក្រុងព្យុងយ៉ាងថែមទៀត ក្នុងនោះគឺការដាក់សម្ពាធ និងការចូលរួមអនុវត្តឲ្យច្រើនថែមទៀតពីសំណាក់ប្រទេសទាំងឡាយ ប្រឆាំងកូរ៉េខាងជើង ។

អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង​បានប្រកាសថា គណៈប្រតិភូរបស់លោក Kim Yong Chol បានឆ្លងកាត់តំបន់ព្រំដែនបំពាក់ដោយអាវុធធុនធ្ងន់គ្រប់ប្រភេទនោះហើយ កាលពីព្រឹកថ្ងៃអាទិត្យ ។

បណ្តាញទូរទស្សន៍បានផ្សាយរូបភាពលោក Kim Yong Chol ពាក់អាវរងាវែងពណ៌ខ្មៅ ដែលទទួលរាក់ទាក់ស្វាគមន៍ពីសំណាក់មន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង មុនពេលចូលទៅក្នុងរថយន្តទំនើបពណ៌ខ្មៅមួយគ្រឿងរៀបចំដោយកូរ៉េខាងត្បូង ខណៈដែលប្រតិភូដទៃផ្សេងទៀត ជិះឡានក្រុងជាដើម ។

លោក Kim ត្រូវបានតែងតាំងជាប្រធានក្រុមការងារដោះស្រាយបញ្ហាចម្រូងចម្រាស់ជាមួយកូរ៉េខាងត្បូង ។ លោក Kim ត្រូវគេចោទថា ជាអ្នកដែលបានបាញ់ប្រហារទៅលើនាវាកងទ័ពជើងទឹកកូរ៉េខាងត្បូងកាលពីឆ្នាំ២០១០ សម្លាប់នាវិក៤៦នាក់ ។

តំណាងរាស្ត្រអភិរក្សនិយមបានប្រឹងប្រែងធ្វើបាតុកម្មទាំងយប់នៅក្បែរព្រំដែនជាមួយកូរ៉េខាងជើង ហើយក្រុមសកម្មជនច្រើននាក់ផ្សេងទៀតក៏បានចូលរួមបាតុកម្មនោះផងដែរ ។

បាតុករបានគ្រវីបដាផ្សេងៗ ដូចជា«ចាប់ខ្លួន Kim Yong Chol» និង « Kim Yong Chol​ ត្រូវលុតជង្គង់ចំពោះមុខក្រុមគ្រួសាររងគ្រោះសុំទោស»ជាដើម។

លោក Kim បានស្ថិតនៅក្នុងបញ្ជីខ្មៅរបស់ទីក្រុងសេអ៊ុលដាក់ទណ្ឌកម្មជាឯកតោភាគីប្រឆាំងកូរ៉េខាងជើង មានន័យថា លោកជាគោលដៅបង្កកទ្រព្យសម្បត្តិ ប៉ុន្តែទោះបីយ៉ាងណា លោក Kim មិនស្ថិតនៅក្នុងវិធានរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ ៕ សុមេធ

 

 

Loading...