ប្រទេសជប៉ុនបញ្ជាក់ពីករណីឆ្លងកូវីដ-១៩ប្រភេទថ្មីដែលរកឃើញនៅអង់គ្លេស

ក្រសួងសុខាភិបាលប្រទេសជប៉ុនបានបញ្ជាក់ពីករណីឆ្លងដំបូងនៃប្រទេសនេះជាមួយនឹងកូវីដ-១៩ថ្មីដែលត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស។

ប្រជាជនទាំង៥នាក់បានមកដល់នៅចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែធ្នូមុនពេលប្រទេសជប៉ុនបង្កើនការត្រួតពិនិត្យព្រំដែននៅថ្ងៃសុក្រ២៥ ធ្នូ សម្រាប់អ្នកដែលចូលមកពីប្រទេសអង់គ្លេស។ បុរសម្នាក់ក្នុងវ័យ៦០ឆ្នាំមានអាការអស់កម្លាំង ប៉ុន្ដែ៤នាក់ទៀតគ្មានរោគសញ្ញាអ្វីឡើយ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុនលោក Norihisa Tamura បាននិយាយថា អ្នកទាំង៥នាក់ត្រូវបានបញ្ជូនទៅស្នាក់នៅដាច់ដោយឡែកបន្ទាប់ពីដល់ព្រលានយន្តហោះ។

ក្រសួងបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីពួកគេបានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូវីដ-១៩ប្រភេទថ្មីនេះការវិភាគបន្ថែមដែលធ្វើឡើងនៅវិទ្យាស្ថានជាតិនៃជំងឺឆ្លងបានកំណត់ថា ពួកគេ អាចចម្លងបាន៧០ភាគរយ គឺមានបម្រែបម្រួលឆ្លងលឿនជាងវីរុសកូវីដ-១៩ចាស់ទៅទៀត។

លោក Shigeru Omi ប្រធានក្រុមការងារទទួលបន្ទុករដ្ឋាភិបាលបានអំពាវនាវឱ្យមានការត្រួតពិនិត្យព្រំដែនតឹងរឹងដើម្បីការពារការផ្លាស់ប្តូរវីរុសកូវីដ-១៩ថ្មីនេះ ។

នេះគឺជាករណីរកឃើញកូវីដ-១៨ប្រភេទថ្មីមួយទៀតនៅអាស៊ីយើង បន្ទាប់ពីសិង្ហបុរី ដែលអាចនឹងមានការរីករាលដាលដល់ប្រទេសក្នុងតំបន់អាស៊ី និងអាគ្នេហ៍ តម្រូវឲ្យមានការប្រយ័ត្នខ្ពស់ជាងមុន ព្រោះការបំលែងវីរុសកូវីដ-១៩ថ្មីនេះគឺមានភាគរយនៃការឆ្លងលឿនជាងមុន ៕

Loading...