ប្រទេសថៃ៖ ក្មេងៗ​ជាប់នៅ​រូងភ្នំ អាច​យកចេញបានក្នុងរយៈពេល​៣​ទៅ​៤​ថ្ងៃ​ទៀត

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុម​ជួយសង្គ្រោះ អាច​នឹង​ចាប់ផ្តើមយក​ក្មេងៗ​១២​នាក់ និង​គ្រូបង្វឹក​ម្នាក់ ចេញពី​ក្នុង​រូង​ភ្នំដែលកំពុងជាប់គាំង នៅក្នុង​រយៈពេល​៣​ទៅ​៤​ថ្ងៃ​ទៀត ។

អាជ្ញាធរបាន​ណែនាំ​ឲ្យ​អ្នក​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ប្រតិបត្តិ​ការសង្គ្រោះ ចាកចេញ​ពី​តំបន់​នៅ​មាត់​ច្រកចូល​រូងភ្នំ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ទី៨ ខែកក្កដា ដើម្បី​បង្ក​ភាពងាយស្រួល ដល់​ក្រុម​ជួយសង្គ្រោះ​រៀបចំ​បរិវេណ​នោះ បម្រើឲ្យ​ប្រតិបត្តិ​ការយក​មនុស្សចេញ ដោយ​ជោគជ័យ​។​

​លោក​Narongsak Osottanakorn អភិបាលខេត្ត​ឈៀង​រ៉ៃ​ប្រទេស​ថៃ និយាយ​ថា ពេលនេះ​ហើយ​នៅក្នុង​រយៈពេល​៣​ទៅ​៤​ថ្ងៃ​ខាងមុខ គឺជា​លក្ខខណ្ឌ​ល្អឥតខ្ចោះ​សម្រាប់​ជម្លៀស​។ លក្ខខណ្ឌ​ល្អឥតខ្ចោះ​ដែល​លោក Narongsak​និយាយ​នោះ គឺ​សំដៅ​ទៅលើ ទាំង​ស្ថានភាព​សុខភាព​ក្មេងៗ និង​អាកាសធាតុ​សុទ្ធតែ​អំណោយផល ដល់​ប្រតិបត្តិ​ការយក​ក្មេងៗ​ចេញ​ ៕

Loading...