ប្រទេសម៉ាឡេស៊ីចោទប្រកាន់ក្រុមហ៊ុនផលិតស្រោមដៃ ដោយរកឃើញកន្លែងស្នាក់នៅរបស់កម្មករគ្មានស្តង់ដារ

តាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែល CNA យកមកចុះផ្សាយនៅថ្ងៃទី២៨ ធ្នូនេះថា ប្រទេសម៉ាឡេស៊ីមានបំណងដាក់ការចោទប្រកាន់ចំនួន៣០ករណីទៅលើក្រុមហ៊ុនផលិតស្រោមដៃឈ្មោះ Brightway Holdings និងក្រុមហ៊ុនបុត្រសម្ពន្ធរបស់ខ្លួនចំនួន២បន្ទាប់ពីមន្ត្រីប្រទេសនេះវាយឆ្មក់ចូលរកឃើញថា ការស្នាក់នៅរបស់កម្មករមិនមានលក្ខណៈស្តង់ដារ។

នាយកដ្ឋានការងារដែលជាផ្នែកមួយនៃក្រសួងធនធានមនុស្សម៉ាឡេស៊ីបានធ្វើការវាយឆ្មក់ទៅលើរោងចក្រផលិតស្រោមដៃមួយនៅក្នុងស្រុកកាហ្គាងដែលស្ថិតនៅខាងក្រៅទីក្រុងគូឡាឡាំពួកាលពីសប្តាហ៍មុនដែលពួកគេបានរកឃើញថា កម្មកររស់នៅក្នុងកុងតឺន័រដឹកទំនិញ មានភាពចង្អៀត និងរស់នៅខាងក្រោយបរិវេណក្រុមហ៊ុនដូចជាមនុស្សក្រីក្រ និងគ្មានស្តង់ដារការងារ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យ ទី២៧ ធ្នូថា ខ្លួនបានរកឃើញកន្លែងដែលមិនមានលក្ខណៈស្តង់ដារអប្បបរមា ហើយនិយោជកមិនមានលិខិតបញ្ជាក់កន្លែងស្នាក់នៅត្រឹមត្រូវនោះទេ។ ប៉ុន្តែក្រុមហ៊ុន Brightway មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ក្រសួងបានអះអាងថា ខ្លួនកំពុងបំពេញឯកសារស៊ើបអង្កេតប្រឆាំងនឹងក្រុមហ៊ុន Brightway និងក្រុមហ៊ុនបុត្រសម្ពន្ធរបស់ខ្លួនគឺក្រុមហ៊ុន Biopro និង La Glove ។

ការចោទប្រកាន់នេះកើតឡើងនៅពេលដែលប្រទេសម៉ាឡេស៊ីបង្កើនការត្រួតពិនិត្យទៅលើការស្នាក់នៅរបស់កម្មករនៅឯក្រុមហ៊ុនផលិតស្រោមដៃបន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅក្រុមហ៊ុនថូហ្គោលដែលជាក្រុមហ៊ុនផលិតស្រោមដៃវេជ្ជសាស្រ្តធំបំផុតរបស់ពិភពលោក។

មន្ត្រីការងារប្រទេសម៉ាឡេស៊ីបាននិយាយនៅក្នុងខែនេះថា ខ្លួននឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនថូហ្គោលដោយសារតែកន្លែងស្នាក់នៅរបស់កម្មករក្រីក្រដែលវាត្រូវបានគេរកឃើញថា មានសភាពចង្អៀត និងមានខ្យល់ចេញចូលមិនសូវល្អ។

សូមបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីជាប្រទេសផលិតស្រោមដៃកៅស៊ូលំដាប់លេខ១នៅលើពិភពលោក ហើយរោងចក្ររបស់ខ្លួនមានការមមាញឹកយ៉ាងខ្លាំងក្នុងការបញ្ជាទិញចាប់តាំងពីការរាតត្បាតជំងឺឆ្លងកូវីដ-១៩នេះចាប់ផ្តើមផ្ទុះឡើង។ ប្រទេសនេះមានការកើនឡើងនូវករណីឆ្លងជំងឺកូវីដ-១៩ ចាប់តាំងពីខែកញ្ញាដោយមានករណីឆ្លងជាង១០៥.០០០នាក់ និងការស្លាប់ចំនួន៤៥២នាក់គិតត្រឹមថ្ងៃអាទិត្យ ទី២៧ ធ្នូ ៕

Loading...