ប្រទេសឥណ្ឌា មានអ្នកឆ្លងកូវីដ-១៩ កើនដល់ ៤ ២០៨ ៦៤៥នាក់

ឥណ្ឌា ដណ្ដើមលេខ២ពីប្រទេសប្រេស៊ីល លើកូវីដ-១៩ ។

កន្លងមក ថ្វីដ្បិតតែអាជ្ញាធរឥណ្ឌា បានប្រើប្រាស់គ្រប់មធ្យោបាយ ទាំងក្តៅ  និងត្រជាក់ក៏ដូចជា រូបភាពបន្លាចដល់ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យគេចផុតអំពីការឆ្លងវីរុសកូរ៉ូណា ឬកូវីដ-១៩ក្ដី តែរហូតមកដល់ពេលនេះ ប្រទេសមហាអំណាចនុយក្លេអ៊ែរ នៅតំបន់អាស៊ីខាងត្បូងមួយនេះ មានអ្នកឆ្លងជំងឺដ៏កាចសាហាវ ឈរក្នុងលំដាប់លេខ២របស់ពិភពលោក។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ នៅវេលាម៉ោង៨យប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រទេសឥណ្ឌា មានអ្នកឆ្លងកូវីដ-១៩ កើនដល់ ៤ ២០៨ ៦៤៥នាក់ (ឆ្លងថ្មី ៦ ០៨៣នាក់) ក្នុងនោះស្លាប់ ៧១ ៧១១នាក់ ជាសះស្បើយ ៣ ២៥០ ៤២៩នាក់ អ្នកកំពុងស្ថិតក្នុងការព្យាបាល ៨៨៦ ៥០៥នាក់ និងស្ថានភាពធ្ងន់ធ្ងរ ៨ ៩៤៤នាក់។

ទោះជាយ៉ាងណា អាមេរិកនៅតែមានចំនួនអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេបំផុត នៅលើពិភពលោក។ ប្រទេសមហាអំណាចលេខ១របស់ពិភពលោក ទាំងសេដ្ឋកិច្ច និងយោធាមួយនេះ មានអ្នកឆ្លងកូវីដ-១៩ កើនដល់ ៦ ៤៦១ ៣៥៣នាក់ ស្លាប់ ១៩៣ ២៥៣នាក់ ជាសះស្បើយ ៣ ៧២៦ ០៩៩នាក់ អ្នកកំពុងព្យាបាល ២ ៥៤២ ០០១នាក់ និងស្ថានភាពធ្ងន់ ១៤ ៦៨១នាក់។

ដោយឡែកប្រទេសប្រេស៊ីល វិញ បានធ្លាក់មកចំណាត់ថ្នាក់លេខ៣ ដោយមានអ្នកឆ្លង ៤ ១៣៧ ៦០៦នាក់ ស្លាប់១២៦ ៦៨៦នាក់ និងជាសះស្បើយ ៣ ៣១៧ ២២៧នាក់។ រីឯប្រទេសដែលមានអ្នកឆ្លងច្រើន បន្ដបន្ទាប់ពីអាមេរិក ឥណ្ឌា និងប្រេស៊ីល រួមមាន រុស្ស៊ី ប៉េរូ កូឡុំប៊ី អាហ្វ្រិកខាងត្បូង ម៉ិកស៊ីក និងអេស្ប៉ាញ…ជាដើម។

បើគិតមកដល់វេលាខាងលើនេះ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ បន្ដកើនឡើងដល់ ២៧ ៣១៦ ៦០៥នាក់ ស្លាប់ ៨៩៣ ៥០១នាក់ និងជាសះស្បើយ ១៩ ៣៨៥ ១២៣នាក់៕

 

Loading...