ប្រទេស​ចិន​នាំ​ដំឡូង​មី​ពី​កម្ពុជា​ លើក​ទី​មួយ​ចំនួន​ ៧.៥០០​ តោន​ សម្រាប់​ឆ្នាំ​ ២០១៥

​ប្រទេស​ចិន​ ចាប់ផ្ដើម​នាំ​ដំឡូង​មី​ស្ងួត​ពី​កម្ពុជា​ ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​ ២០១៥​នេះ​ ដែល​ឆ្នាំ​កន្លង​មក​ ក៏​បាន​នាំ​ចេញ​ដែរ​ តែ​មិន​មាន​លក្ខណៈ​ធំ​ប៉ុន្មាន​ទេ​។​ ក្នុង​ការ​នាំ​ចេញ​លើក​ដំបូង​នេះ​ ប្រទេស​ចិន​ បាន​នាំ​យក​កប៉ាល់​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​សាធារណរដ្ឋ​ចិន​តែ​ម្ដង​មក​ទទួលយក​ដំឡូង​មី​ស្ងួត​ពី​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ​ ក្នុង​ចំនួន​ ៧.៥០០​ តោន​ ហើយនឹង​បន្ត​ទិញ​ដំឡូង​មី​ពី​កម្ពុជា​ នាំ​ចូល​ប្រទេស​ចិន​ជា​បន្តបន្ទាប់​ទៀត​ ដើម្បី​បំ​លែង​ធ្វើ​ជា​អេតាណុល​ សម្រាប់​ដាក់​លាយ​ជាមួយ​សាំង​ក្នុង​កាត់​កាត់​បន្ថយ​បញ្ហា​បរិស្ថាន​។​ នៅ​ថ្ងៃ​ទី​២​ ខែមករា​ ២០១៥​ កប៉ាល់​ដែល​ដឹក​ដំឡូង​មី​ស្ងួត​ពី​កម្ពុជា​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ ជា​ផ្លូវការ​។​

​នៅ​ក្នុង​ការ​ប្រមូល​ទិញ​ដំឡូង​មី​ស្ងួត​ពី​ប្រជាពលរដ្ឋ​កម្ពុជា​នេះ​ ដោយ​មានការ​សហការ​រវាង​ពីរ​ក្រុមហ៊ុន​ គឺ​ក្រុមហ៊ុន​ Advanced​ Glory​ Logistics​ (Cambodia​ )​ Co.,Ltd​ ជា​អ្នក​ប្រមូល​ទិញ​ ឲ្យ​ក្រុមហ៊ុន​ធៀន​ហ្គា​ន់​គ្លូ​ប៊​ល​ កា​សាវ៉ា​ ប្រូ​សេ​ស៊ី​ង​ ត្រេ​ឌី​ង​ ជា​អ្នក​នាំ​ចេញ​។​

​លោក​ សៀ​ក​ ហ៊ុន​ អ្នកគ្រប់គ្រង​គម្រោង​ក្រុមហ៊ុន​ Advanced​ Glory​ Logistics​ (Cambodia​ )​ Col.,Ltd​ បាន​មាន​ប្រសាសន៍​ថា​ នេះ​ជា​លើក​ទី​មួយ​សម្រាប់​ក្រុមហ៊ុន​ ធៀន​ហ្គា​ន់​កា​សាវ៉ា​ប្រូ​សេ​ស៊ី​ង​ ត្រេ​ឌី​ង​នាំ​ចេញ​ដំឡូង​មី​ពី​កម្ពុជា​ ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ហើយ​ក៏​ជា​លើក​ដំបូង​សម្រាប់​ឆ្នាំ​ ២០១៥​ នេះ​ ដែល​កម្ពុជា​ នាំ​ចេញ​ដំឡូង​ទៅ​កាន់​ប្រទេស​ចិន​។​ ការ​នាំ​ចេញ​ដំឡូង​មី​ពី​កម្ពុជា​ទៅ​ចិន​នេះ​ វា​ក៏​ជា​សញ្ញាណ​មួយ​ល្អ​សម្រាប់​ប្រជាជន​អ្នក​ដាំដំឡូង​មី​ដែរ​ ព្រោះថា​ក្រុមហ៊ុន​ធៀន​ហ្គា​ន់​កា​សាវ៉ា​ ប្រូ​សេ​ស៊ី​ង​ ត្រេ​ឌី​ង​ ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ប្រទេស​ចិន​ បាន​ចាប់ផ្ដើម​ទិញ​ដោយ​ផ្ទាល់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​ ព្រោះ​កន្លង​មក​ ក្រុមហ៊ុន​ធៀន​ហ្គា​ន់​ កា​សាវ៉ា​ប្រូ​សេ​ស៊ី​ង​ ត្រេ​ឌី​ង​ មិន​បាន​ទិញ​ផ្ទាល់​តែ​ទិញ​ពី​ប្រទេស​ផ្សេងៗ​ ដូច​ជា​ថៃ​ លាវ​ និង​ក្រុមហ៊ុន​ចិន​ដទៃ​ទៀត​។​ យ៉ាងណាមិញ​ ការ​ទិញ​ដំឡូង​មី​ពី​ប្រទេស​ដទៃ​ ដែល​ទិញ​ពី​កម្ពុជា​យក​ទៅ​លក់​បន្ត​ឲ្យ​ចិន​រួច​ដាក់​ឈ្មោះ​ថា​ជា​ដំឡូង​មី​របស់​គេ​ ក៏​យើង​នៅ​តែ​ដឹង​ថា​ដំឡូង​នេះ​ពិតជា​ទិញ​ពី​ប្រទេស​កម្ពុជា​ រួច​កែ​ដាក់​ឈ្មោះ​ខ្លួនឯង​ដែរ​។​

​លោក​បន្ត​ថា​ តាម​គម្រោង​ក្រុមហ៊ុន​យើង​ទាំង​ពីរ​ ការ​នាំ​ចេញ​ដំឡូង​មី​ពី​កម្ពុជា​ទៅ​ចិន​ យើង​មិន​កំណត់​ចំនួន​ទេ​ គឺ​អាស្រ័យ​ទៅ​លើ​អ្នក​ដាំ​ អ្នក​ផលិត​ បើ​ផលិត​បាន​ច្រើន​ មាន​ប៉ុន្មាន​យើង​នឹង​ទិញ​យក​ទាំងអស់​ ហើយ​នេះ​ ជា​សញ្ញាណ​មួយ​ល្អ​ សម្រាប់​ប្រជាជន​ក្នុង​ការ​ផលិត​ដំឡូង​មី​ រឺ​ទទួលផល​ហើយ​គ្មាន​អ្នកទិញ​។​

​លោក​បន្ថែម​ថា​ សម្រាប់​ដំឡូង​មី​ដែល​នឹង​នាំ​ចេញ​ទៅ​ពេល​នេះ​ យើង​បាន​ប្រមូល​ទិញ​ពី​ បងប្អូន​កសិករ​ នៅ​តាម​ខេត្ត​ កំពង់ស្ពឺ​ កំពង់ធំ​ សៀមរាប​ បាត់ដំបង​ ពោធិ៍សាត់​ និង​ខេត្ត​មួយ​ចំនួន​ទៀត​ ហើយ​ក្រៅពី​នោះ​ ក្រុមហ៊ុន​ធៀន​ហ្គា​ន់​ក៏​បាន​ផលិត​ខ្លួនឯង​មួយ​ចំនួន​ដែរ​ ដោយ​មាន​ផ្ទៃដី​ប្រមាណ​ ៨​ ម៉ឺន​ហិ​កតា​នៅ​ខេត្តពោធិ៍សាត់​សម្រាប់​ដាំដំឡូង​មី​។​ ការ​ប្រមូល​ទិញ​ដំឡូង​ពី​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ មិន​មាន​អ្វី​ជា​បញ្ហា​ទេ​ គឺ​យើង​ប្រមូល​តែ​រយៈពេល​ជាង​១​ខែ​ យើង​បាន​ប្រមូល​គ្រប់​ចំនួន​ដែល​ក្រុមហ៊ុន​ធៀន​ហ្គា​ន់​បាន​កំណត់​ តែ​អ្វី​ដែល​ពិបាក​សម្រាប់​ ក្រុមហ៊ុន​នោះ​ គឺ​មធ្យោបាយ​ដឹក​ជញ្ជូន​ពី​បណ្ដា​ខេត្ត​មក​កាន់​កំពង់​ផែ​ ដើម្បី​ត្រៀម​នាំ​ចេញ​ គឺ​ដោយសារ​តែ​តម្លៃ​មធ្យោបាយ​ហាក់​នៅ​ខ្ពស់​ ដែល​ធ្វើ​ឲ្យ​យើង​មិន​ទាន់​អាច​ទិញ​ដំឡូង​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តម្លៃ​ខ្ពស់​បាន​ តែ​មិនមែន​មាន​ន័យ​ថា​តម្លៃ​យើង​ទិញ​ពី​បងប្អូន​ ទាប​ជាង​ទីផ្សារ​នោះ​ទេ​ យើង​ទិញ​ទៅ​តាម​តម្លៃ​ទីផ្សារ​ តែបើ​ថ្លៃ​ដឹក​ជញ្ជូន​ទាប​បន្តិច​ តម្លៃ​ទិញ​ក៏​យើង​អាច​ឲ្យ​ពួក​គាត់​ខ្ពស់​បាន​បន្តិច​ដែរ​។​

​លោក​បញ្ជាក់​ថា​ ចំពោះ​តម្លៃ​ដំឡូង​មី​សព្វ​ថ្ងៃនេះ​ យើង​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុង​មួយ​តោន​ប្រមាណ​ ១៦០​ ទៅ​ ១៦៥​ដុល្លារ​អា​មេ​រិ​ក​ ហើយ​បូក​ជាមួយនឹង​តម្លៃ​ដឹក​ជញ្ជូន​ប្រមាណ​ ៣០​ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​តោន​ទៀត​ ដូចនេះ​ មក​ដល់​កំពង់​ផែ​មុន​នាំ​ចេញ​ដំឡូង​មី​ស្ងួត​មួយ​តោន​យើង​ត្រូវ​ចំណាយ​អស់​ប្រមាណ​ ១៩០​ ទៅ​ ១៩៥​ ដុល្លារ​អា​មេ​រិ​ក​ ហើយ​នៅ​ថ្លៃ​ដឹក​ជញ្ជូន​តាម​កប៉ាល់​ទៀត​ យើង​ត្រូវ​ចំណាយ​ច្រើន​។​

​លោក​ក៏​បាន​ផ្ដាំផ្ញើ​ទៅ​ប្រជាពលរដ្ឋ​សូមកុំ​ឲ្យ​ភ័យ​ រឿង​រក​អ្នកទិញ​អត់​បាន​ទៀត​នៅ​ពេល​ប្រមូល​ផល​ដំឡូង​បាន​ហើយ​ តែ​ក៏​សូម​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាងណា​ឲ្យ​ដំឡូង​នោះ​មានគុណ​ភាព​ មាន​ន័យ​ថា​ មុន​នឹង​លក់​ចេញ​សូម​ឲ្យ​ហាល​ឬ​ស​ម្ងួ​ត​ឲ្យ​បាន​ស្ងួត​ល្អ​ បើ​មិន​ដូចនេះ​ទេ​ នឹង​ធ្វើ​ឲ្យ​ផលិតផល​កម្ពុជា​ យើង​គេ​លែង​ជឿជាក់​។​ ម្យ៉ាង​ក៏​សូម​សំណូមពរ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​សម្រួល​ដល់​ការ​មធ្យោបាយ​ដឹក​ជញ្ជូន​ចំពោះ​ក្រុមហ៊ុន​ផង​ដែរ​៕

ចុចអាន៖ សៀវភៅ​​ល្អ​បំផុត​ ៥​ក្បាល​ដែល​​កំពូល​មហាសេដ្ឋី​អាមេរិកលោក​ប៊ីលហ្គេត​អាន​នៅ​ឆ្នាំ​២០១៤​នេះ

Loading...

Leave a Reply

Your email address will not be published. Required fields are marked *