ប្រទេស​ចិន​បិទ​ការ​ប្រើប្រាស់​សារ​អេ​ឡិច​ត្រូ​និ​ច​ Gmail​ ក្នុង​ប្រទេស​ទាំងស្រុង​

​រាប់​ពី​ថ្ងៃ​ចន្ទ​នេះ​តទៅ​មុខ​ បណ្ដា​មហាជន​ក្នុង​ប្រទេស​ចិន​ទំនងជា​ប្រើប្រាស់​មិន​បាន​ បើក​មិន​ចេញ​ទៀត​ទេ​គណនី​នៃ​សារ​ អេ​ឡិច​ត្រូ​និ​ច​Gmail​ដ៏​ពេញ​និយម​របស់​ពួក​គេ​ ដ្បិតអី​ប្រព័ន្ធ​សារ​អេ​ឡិច​ត្រូ​និ​ច​ដ៏​ធំ​ និង​ពេញ​និយម​មួយ​នេះ​មិន​អាច​ត្រូវ​ បាន​គេ​ចូល​ទៅ​បើក​បាន​ឡើយ​នៅ​ពាសពេញ​ប្រទេស​ចិន​។​

​បណ្ដា​អ្នក​ឃ្លាំមើល​ និង​ក្រុមហ៊ុន​ Google​ជា​ម្ចាស់​Gmail​ផ្ទាល់​តែ​ម្ដង​ផង​នោះ​ សុទ្ធតែ​បាន​បញ្ជាក់​ព្រមៗ​គ្នា​ថា​ រាល់​ទិន្នន័យ​ ទាក់ទិន​នឹង​អ្នក​ប្រើប្រាស់​ ក៏​ដូច​ជា​ការ​ចុច​ប្រើប្រាស់​Gmail​ បាន​រលត់​ឈឹង​ពី​ប្រទេស​ចិន​តាំង​តែ​ពី​ថ្ងៃ​សុក្រ​។​ ជា​អ្វី​ដែល​គេ​ ហៅ​ថា​សកម្មភាព​ថ្មី​របស់​អាជ្ញាធរ​ចិន​ក្នុង​ការ​ត្រួតពិនិត្យ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ក្នុង​រដ្ឋ​កុម្មុយនីស្ត​របស់​ខ្លួន​។​

​ក្រុម​ Great​ Firewall​ របស់​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ចិន​ ត្រូវ​បាន​គេ​សង្ស័យ​ និង​ចោទ​ថា​នៅ​ពីក្រោយ​ការ​បិទ​ខ្ចប់​ ដោយ​ជោគជ័យ​ទៅ​លើ​បណ្ដាញ​សារ​អេ​ឡិច​ត្រូ​និ​ច​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អា​មេ​រិច​មួយ​នេះ​ ដ្បិតអី​កន្លង​មក​ ក្រុម​ នេះ​បាន​ធ្វើការ​រំខាន​ជា​រឿយ​ ប៉ុនប៉ង​ ព្យាយាម​ កាត់​ផ្ដាច់​រាល់​លទ្ធភាព​នានា​ដែល​អាច​ឈាន​ទៅ​ចុច​ស្វែងរក​លើ​ប្រព័ន្ធ​ អ៊ី​ន​ធឺ​ណែ​ត​តាម​Google​ ឬ​ប្រើប្រាស់​Gmail​បាន​។​

​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP​ វិធានការ​របស់​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​មួយ​ប្រាវ​នេះ​ បាន​បង្ក​ឱ្យ​មហាជន​ជា​អ្នក​ប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​ត​មានការ​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​ បរិហារ​តបត​នឹង​រដ្ឋ​ ដែល​មួយ​ចំនួន​ធំ​នៃ​ពួក​ គេ​គឺជា​ក្រុម​និស្សិត​ដែល​ទាមទារ​ឱ្យ​មាន​សេរីភាព​ធំធេង​ជាង​នេះ​ក្នុង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ចិន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុមហ៊ុន​Google​ និង​អាជ្ញាធរ​ចិន​ ជា​រឿយៗ​តែង​មាន​ភាព​រកាំរកូស​នឹង​គ្នា​ ដ្បិតអី​រដ្ឋ​ចិន​តែង​ចោទ​ Google​ ថា​តែង​បង្ហាញ​ខ្លឹមសារ​នៃ​ការ​រុករក​លើ​បណ្ដាញ​របស់​ខ្លួន​ប៉ះពាល់​ និង​បង្ខូចឈ្មោះ​ប្រទេស​ និង​រដ្ឋ​ចិន​។​ កាលពី​ឆ្នាំ​ ២០១០​ Google​ បាន​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ចិនដីគោក​ទាំង​បង្ខំ​។​

​មិន​ត្រឹមតែ​ Google​ ឬ​ Gmail​ ទេ​ សូ​ម្បី​តែ​ YouTube,​ Twitter,​ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដទៃ​ទៀត​រួម​មាន​Facebook​ ជាដើម​ក៏​ត្រូវ​បាន​ក្រុម​ Great​ Firewall​ បិទ​ខ្ចប់​មិន​ឱ្យ​អ្នក​ប្រើប្រាស់​ចិនដីគោក​អាច​បើក​ប្រើប្រាស់​បាន​រួច​នោះ​ទេ​ ហើយ​ជំនួស​មក​វិញ​នូវ​បណ្ដាញ​សង្គម​ដែល​បង្កើត​ដោយ​រដ្ឋ​ចិន​ និង​ដែល​អាច​គ្រប់គ្រង​បាន​ដូច​មាន​ Weibo​ ជាដើម​៕

google

Loading...

Leave a Reply

Your email address will not be published. Required fields are marked *