ប្រទេស​អភិវឌ្ឍន៍​កំពុង​ខិតខំ​ផលិត​សព្វាវុធ​ដោយ​ខ្លួនឯង​

​ប​ច្ចុ​ប្ប​ប្រទេស​ធំៗ​នៅ​លើ​ពិភពលោក​ បាន​កាត់​បន្ថយ​ការ​ទិញ​សព្វាវុធ​ពី​បរទេស​សម្រាប់​បំពាក់​ដល់​កម្លាំង​ទាហាន​របស់​ខ្លួន​ ដោយ​ខិតខំ​ផលិត​ខ្លួនឯង​ ឬ​ព្រមព្រៀង​ សហការ​ជាមួយ​ដៃគូ​បរទេស​ស្រាវជ្រាវ​ និង​ផលិត​នៅ​ក្នុងស្រុក​ផ្ទាល់​តែ​ម្តង​ ងាយស្រួល​ក្នុង​ការ​ជួសជុល​អភិវឌ្ឍន៍​នា​ពេល​ក្រោយ​។​ ចិន​ និង​ឥណ្ឌា​ជា​ប្រទេស​ទិញ​សព្វាវុធ​ពី​បរទេស​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពី​ភព​លោក​ពេល​នេះ​ក៏​បាន​ស្រាវជ្រាវ​ផលិត​ដោយ​បច្ចេកវិទ្យា​ខ្លួនឯង​ប្រកបដោយ​ជោគជ័យ​ទៀត​ផង​។​

​ប្រទេស​សម្ពន្ធមិត្ត​របស់​អា​មេ​រិ​ក​គឺ​ កូរ៉េ​ខាងត្បូង​ពេល​នេះ​ រដ្ឋាភិបាល​បាន​សម្រេច​ដាក់​ឲ្យ​ដេញថ្លៃ​នូវ​គម្រោង​ផលិត​យន្តហោះ​ចម្បាំង​ ថ្មី​សម្រាប់​បំពាក់​ឲ្យ​ទ័ពអាកាស​កូរ៉េ​ខាងត្បូង​។​ តាម​គម្រោង​ រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​ត្រូវ​ផលិត​យន្តហោះ​ចម្បាំង​ថ្មី​ចំនួន​ ១២០​គ្រឿង​សម្រាប់​ជំនួស​យន្តហោះ​ចម្បាំង​ចាស់ៗ​ និង​ដែល​ត្រូវ​ចំណាយ​ប្រាក់​ជិត​ ៨​ ០០០​លាន​ដុល្លារ​។​ អ្វី​ជា​ការ​កត់សម្គាល់​ អនាគត​យន្តហោះ​ចម្បាំង​របស់​ទ័ពអាកាស​កូរ៉េ​ខាងត្បូង​នឹង​ត្រូវ​ផលិត​ដោយ​ ស្នាដៃ​កូរ៉េ​ខាងត្បូង​រួម​សហការ​ជាមួយ​ក្រុមហ៊ុន​បរទេស​។​ ហេតុ​អ្វី​បានជា​កូរ៉េ​ខាងត្បូង​មិន​ចង់​ទិញ​យន្តហោះ​ចម្បាំង​បរទេស​ ផលិត​ស្រាប់ៗ​ដូចដែល​ខ្លួន​ធ្លាប់​ធ្វើ​កន្លង​មក​?

​រហូត​ មក​ដល់​សព្វថ្ងៃ​ កងទ័ពអាកាស​កូរ៉េ​ខាងត្បូង​មាន​បំពាក់​ដោយ​យន្តហោះ​ចម្បាំង​ដែល​ខ្លួន​បាន​ទិញ​ ស្រាប់ៗ​ពី​បរទេស​ ពិសេស​យន្តហោះ​ចម្បាំង​អា​មេ​រិ​កាំ​ង​ប្រភេទ​ F-៤​ និង​ F-៥​ ដែល​ខ្លួន​បាន​ទិញ​ពី​ក្រុមហ៊ុន​អា​មេ​រិ​កាំ​ង​ Lockheed​ Martin​។​ តែ​ចាប់ពី​ពេល​នេះ​តទៅ​ រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​មិន​ចង់​បន្ត​ប្រើ​នយោបាយ​ទិញ​យន្តហោះ​ចម្បាំង​ «​ made​ in​ usa​ »​ ឬ​មួយ​ក៏​ «​ made​ in​ europe​ »​ ១០០%​ ដូច​មុន​ទៀត​ឡើយ​។​ នេះ​មិនមែន​មាន​ន័យ​ថា​ កូរ៉េ​ខាងត្បូង​ចង់បាន​យន្តហោះ​ចម្បាំង​ «​ made​ in​ korea​ »​ សុទ្ធសាធ​នោះ​ទេ​ តែ​យ៉ាង​ហោច​ណាស់​នៅ​ក្នុង​ជំហាន​ដំបូង​ គឺ​ចង់បាន​យន្តហោះ​ចម្បាំង​ «​ made​ in​ korea​ »​ ដោយ​មានការ​រួម​សហ​ការណ៍​រវាង​ក្រុមហ៊ុន​កូរ៉េ​ និង​ក្រុមហ៊ុន​បរទេស​ និយាយ​ឲ្យ​ស្រួល​យល់​ គឺ​យន្តហោះ​ចម្បាំង​ «​ made​ in​ korea​ »​ ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​បច្ចេកវិជ្ជា​ក្នុងស្រុក​ និង​បច្ចេកវិជ្ជា​បរទេស​។​

​មក​ដល់​ត្រង់​ចំណុច​នេះ​នាំ​ឲ្យ​មាន​សំណួរ​ ចោទ​ឡើង​ថា​ តើ​ប្រទេស​ជឿនលឿន​ដូច​កូរ៉េ​ខាងត្បូង​ ពិសេស​ក្នុង​បច្ចេកវិទ្យា​ ពិតជា​គ្មាន​លទ្ធភាព​ផលិត​យន្តហោះ​ចម្បាំង​ដោយ​ខ្លួនឯង​ ឬ​?​។​ អាច​មាន​ចម្លើយ​ពីរ​ចំពោះ​សំណួរ​នេះ​ ទី​១​ អាច​ថា​កូរ៉េ​ខាងត្បូង​នៅ​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផលិត​ យន្តហោះ​ចម្បាំង​ដោយ​ខ្លួនឯង​ នោះ​បើ​ទោះបីជា​កូរ៉េ​ខាងត្បូង​ជាប់​ឈ្មោះ​ជា​ជើងឯក​ក្នុង​ផ្នែក​ បច្ចេកវិជ្ជា​លើ​វិស័យ​ផ្សេង​ក៏​ដោយ​ ទី​២​ អាច​ថា​ជា​ភាព​ឆ្លាត​វៃ​របស់​កូរ៉េ​ខាងត្បូង​។​ បើ​ពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ឃើញ​ថា​ ចម្លើយ​ទី​២​ ប្រហែលជា​ត្រឹមត្រូវ​ជាង​ ព្រោះថា​ អ្វី​ដែល​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​កំពុង​ធ្វើ​ពេល​នេះ​ វា​មិន​ខុស​អ្វី​នឹង​សុភាសិត​មួយ​ដែល​និយាយ​ថា​ ហៅ​គ្រូ​ឲ្យ​មក​ជួយ​បង្ហាត់​ពី​របៀប​ស្ទូចត្រី​ ជា​ជាង​បន្ត​ទិញ​ត្រី​ដែល​គេ​ស្ទូច​បាន​ស្រាប់​នោះ​ទេ​។​

​អ៊ីចឹង​ហើយ​បានជា​រដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ រវាង​ក្រុមហ៊ុន​ក្នុងស្រុក​ជាមួយ​ក្រុមហ៊ុន​បរទេស​ដើម្បី​ផលិត​ យន្តហោះ​ចម្បាំង​ទាំង​ ១២០​គ្រឿង​ដែល​គិត​ជា​ទឹកប្រាក់​មាន​ជិត​ ៨​ ០០០​លាន​ដុល្លារ​។​ គឺជា​ទីផ្សារ​មួយ​យ៉ាង​សម្បើម​ដែល​ក្រុមហ៊ុន​អឺរ៉ុប​ Airbus​ ឈ្មោះ​ Airbus​ Defense​ &​ Space​ និង​ក្រុមហ៊ុន​អា​មេ​រិ​កាំ​ង​ Lockheed​ Martin​ មិន​អាច​មើល​រំលង​បាន​ទេ​។​ ចំណែក​ក្រុមហ៊ុន​ក្នុងស្រុក​កូរ៉េ​វិញ​ គឺ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ Korean​ Air​ និង​ក្រុមហ៊ុន​ Korean​ Aerospace​ Indudtries​។​ អ្វី​ដែល​គេ​បានដឹង​ជា​ផ្លូវការ​ពេល​នេះ​ គឺ​ Korean​ Air​ បាន​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន​អឺរ៉ុប​ Airbus​ Defense​ &​ Space​ ចំណែក​ក្រុមហ៊ុន​ Korean​ Aerospace​ Industries​ បាន​រួម​សហ​ការណ៍​ជាមួយ​ក្រុមហ៊ុន​អា​មេ​រិ​កាំ​ង​ Lockheed​ Martin​។​ តាម​គម្រោង​ យន្តហោះ​ចម្បាំង​ទាំង​ ១២០​គ្រឿង​ដែល​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ពីរ​គ្រឿង​នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ កងទ័ពអាកាស​កូរ៉េ​ខាងត្បូង​ចាប់ពី​ឆ្នាំ​ ២០២៥​។​

​ដូច្នេះ​ចាប់ពី​ពេល​នេះ​តទៅ​ គូប្រជែង​ទាំង​ពីរ​នឹង​ត្រូវ​រួសរាន់​រៀបចំ​កម្មវិធី​លំអិត​របស់​ខ្លួន​ ដើម្បី​បញ្ជូន​ទៅ​ឲ្យ​ស្ថាប័ន​ទទួល​បន្ទុក​កម្មវិធី​ផលិត​យន្តហោះ​ចម្បាំង​ របស់​រដ្ឋាភិបាល​ពិនិត្យ​សម្រេច​ជ្រើសរើស​។​ តាម​ប្រភព​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា​ សេចក្តី​សម្រេចចិត្ត​ចុង​ក្រោយ​ក្នុង​ការ​ជ្រើសរើស​យក​ក្រុមហ៊ុន​មួយ​ណា​នោះ​ នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​រង្វង់​ខែមិថុនា​ ឬ​ខែកក្កដា​ខាង​មុខ​។​ ដោយឡែក​ នៅ​ក្នុង​គម្រោង​ផលិត​យន្តហោះ​ចម្បាំង​ទាំង​ ១២០​គ្រឿង​ដែល​ត្រូវ​ចំណាយ​ជិត​ ៨​ ០០០​លាន​ដុល្លារ​នោះ​ រដ្ឋ​កូរ៉េ​ដាក់​ទុន​វិនិយោគ​ចំនួន​ ៦០%​ ក្រុមហ៊ុន​ទទួល​បាន​កុងត្រា​មាន​ចំណែក​ ២០%​ រីឯ​ ២០%​ ទៀត​ជា​ចំណែក​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ដែល​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​បាន​ ចុះ​កិច្ចព្រមព្រៀង​ស្តី​ពី​វិស័យ​ការពារ​ជាមួយ​ទីក្រុង​ហ្សា​ការ​តា​។​

​គេ​នៅ​មិន​ទាន់​អាច​និយាយ​បាន​ទេ​ថា​ តើ​គម្រោង​នោះ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​របស់​ដៃគូ​រវាង​ Korean​ Air-​និង​ Airbus​ Defense​ &​ Space​ ឬ​មួយ​ក៏​ដៃគូ​រវាង​ Korean​ Aerospace​ Industries​ និង​ Lockheed​ Martin​ នោះ​ទេ​។​ អ្វី​ដែល​គេ​ដឹង​នៅ​ក្នុង​អតីតកាល​ ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​ច្រើន​តែ​ជ្រើសរើស​យក​ក្រុមហ៊ុន​ អា​មេ​រិ​កាំ​ង​ឲ្យ​ផលិត​អាវុធ​ដើម្បី​បំពាក់​ឲ្យ​ទាហាន​របស់​ខ្លួន​។​ ជាក់ស្តែង​ក្នុង​ឆ្នាំ​ ២០១៣​ កន្លង​ទៅ​ ក្រុមហ៊ុន​ Lockheed​ Martin​ ទទួល​បាន​កុងត្រា​ផលិត​យន្តហោះ​ច្បាំង​ប្រភេទ​ F-៣៥​ ចំនួន​ ៤០​គ្រឿង​ឲ្យ​ទ័ពអាកាស​កូរ៉េ​ខាងត្បូង​។​ តែ​នៅ​ពេល​នេះ​ បច្ចេកវិជ្ជា​របស់​ក្រុមហ៊ុន​អឺរ៉ុប​ Airbus​ បាន​ និង​កំពុង​ធ្វើ​ឲ្យ​កូរ៉េ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​។​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ក្រុមហ៊ុន​ Airbus​ ក៏​ធ្លាប់​បាន​ដាក់​បេក្ខភាព​ប្រកួតប្រជែង​យក​ទីផ្សារ​មាន​ទឹកប្រាក់​ជាង​ ១៥០០​លាន​ដុល្លារ​ដើម្បី​ផលិត​យន្តហោះ​ដឹក​ព​ស្តុ​ភារ​សម្រាប់​ទ័ពអាកាស​ កូរ៉េ​ខាងត្បូង​ដែរ​។​

​តាម​ពិត​ទៅ​ ការ​ដែល​កូរ៉េ​ខាងត្បូង​ចង់​ធ្វើ​អ្វីមួយ​ដោយ​ខ្លួនឯង​ដោយ​សហ​ការណ៍​ជាមួយ​ បរទេស​ពេល​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ​។​ កន្លង​ទៅ​ថ្មីៗ​នេះ​ ឥណ្ឌា​ក៏​បាន​ប្រកាស​ពី​ការ​កាត់​បន្ថយ​ការ​ទិញ​អាវុធ​ពី​បរទេស​ ដោយ​ចង់​ផលិត​ខ្លួនឯង​ជាមួយនឹង​ក្រុមហ៊ុន​បរទេស​។​ តែ​គេ​ត្រូវ​ហ៊ាន​ទទួលស្គាល់​ថា​ គោលដៅ​សំខាន់​របស់​កូរ៉េ​ ក៏​ដូច​ជា​ឥណ្ឌា​ គឺ​ចង់​ឲ្យ​ក្រុម​ម​ហ៊ុន​បរទេស​បង្រៀន​ និង​ផ្ទេរ​បច្ចេកវិជ្ជា​ទៅ​ឲ្យ​ខ្លួន​។​ បន្តិច​ម្តងៗ​ យន្តហោះ​ចម្បាំង​កូរ៉េ​ ឬ​ឥណ្ឌា​លែង​ជា​កិច្ច​សហប្រតិបត្តិការ​កូរ៉េ​ បរទេស​ ឬ​ឥណ្ឌា​ បរទេស​ទៀត​ឡើយ​ តែ​ជា​ស្នាដៃ​ក្នុងស្រុក​ ១០០%៕

6_air_defence
fdsfd
fca46abd0b97d25e5ec469912390f448

Loading...

Leave a Reply

Your email address will not be published. Required fields are marked *