ប្រទះឃើញបុរសម្នាក់ ស្លាប់ សំយ៉ុងក្បាលចូលអាងទឹកក្នុងផ្ទះ បង្កការភ្ញាក់ផ្អើល នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់បាត់រយ:ពេលមួយយប់ មិនឃើញចេញពីផ្ទះពេលអ្នកជិតខាងទៅមើល ប្រទះឃើញជនរងគ្រោះដាំដូងក្បាលសំយ៉ុងចូលអាងទឹកក្នុងផ្ទះគ្មានអ្នកដឹង ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅភូមិគោកព្រេច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ដាន សុត ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិគោកព្រេច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាបុរសពោះម៉ាយ នៅផ្ទះម្នាក់ឯងនិងមានកូនស្រីម្នាក់ ទៅធ្វើការនៅប្រទេសថៃ ។

តាមការបំភ្លឺពីអ្នកជិតខាង បានប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ មិនឃើញបុរសរងគ្រោះចេញពីផ្ទះដូចសព្វដងទេ ព្រោះជនរងគ្រោះជាមនុស្សញៀនស្រាស ផឹកស្រាស ជាប្រចាំមិនសូវគិតគូរពីរឿងបាយទឹកទេ ។ ដោយមានការសង្ស័យ នៅវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី១៥​ ខែមីនា ឆ្នាំ២០២១ ទៅមើលក្នុងផ្ទះ ស្រាប់តែឃើញជនរងគ្រោះដាំដូងក្បាលសំយ៉ុងចូលក្នុងអាងទឹក ដោយជើងផុតពីដី ក៏មានការភ្ញាក់ផ្អើលតែម្តង ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្ត្រ នគរបាលប៉ុស្តិ៍បាន សហការណ៍ជាមួយគ្រូពេទ្យ មេភូមិ ធ្វើការពិនិត្យសពពុំឃើញមានស្លាកស្នាមអ្វីដែល ពាក់ព័ន្ធនិងបទល្មើសទេ តាមសន្និដ្ឋានរបស់គ្រូពេទ្យ បានអះអាងថា ជនរងគ្រោះសង្ស័យពេលចូលបន្ទប់ទឹកក្នុងស្ថានភាពស្រវឹងស្រា ហើយបានកើតខ្យល់គ ដួលសំយ៉ុងក្បាលទៅក្នុងអាងទឹក ទើបបណ្តាលឲ្យលង់ទឹកក្នុងអាងស្លាប់តែម្តង ។ សពត្រូវបានប្រគល់ជូនសាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួច ៕

Loading...