ប្រទះឃើញសត្វផ្សោតទម្ងន់ជិត១០០គីឡូបានងាប់ដោយសារជាប់មង..!

ក្រចេះ៖ ប្រទះឃើញសាកសពសត្វផ្សោតមួយក្បាលទម្ងន់ជិត១០០គីឡូក្រាមបានងាប់ដោយជាប់មងក្រឡា១៥សង់ទីម៉ែត្រប្រវែងប្រមាណជា៦០ម៉ែត្រដែលជនល្មើសបានលួចដាក់បង្កប់ក្នុងទឹកជ្រៅនៅត្រង់កាំងប្រហុកស្ថិតនៅក្នុងអន្លង់ផ្សោតកាំពីក្នុងភូមិកាំពីឃុំសំបុកស្រុកចិត្របុរីខេត្តក្រចេះកាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។
មន្ត្រីអង្គការWWFប្រចាំខេត្តក្រចេះបានបញ្ជាក់ថា៖លោកមួងដាជាអ្នកបើកទូកជូនភ្ញៀវទេសចរមើលសត្វផ្សោតនៅរម្មណីយដ្ឋានអន្លង់ផ្សោតកាំពីដែលរស់នៅភូមិកាំពីឃុំសំបុកស្រុកចិត្របុរីខេត្តក្រចេះជាអ្នកប្រទះឃើញ។ក្រោយពីបានព័ត៌មាននេះភ្លាមលោកគឹមគីនិងក្រុមអ្នកបើកទូកជូនភ្ញៀវទេសចរក៏បានចុះទៅត្រួតពិនិត្យសាកសពសត្វផ្សោតនោះភ្លាមៗ។

បន្ទាប់មកក្រុមការងារឆ្មាំទន្លេបានរាយការណ៍ជូនមកលោកម៉ុកពន្លកនាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះនិងជាប្រធានឆ្មាំទន្លេប្រចាំខេត្តក្រចេះហើយបាននាំយកសាកសពសត្វផ្សោតនោះមកកាន់ទីរួមខេត្ត ក្រចេះ។លោកម៉ុកពន្លកក៏បានចាត់មន្រ្តីជំនាញជានាយរងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះនិងជាមន្រ្តីសហការជាមួយអង្គការWWFប្រចាំខេត្តក្រចេះរួមជាមួយមន្រ្តីផ្នែកស្រាវជ្រាវនៃអង្គការWWFប្រចាំខេត្តក្រចេះចុះទៅពិនិត្យនិងទទួលយកសាកសពសត្វផ្សោតនោះនៅផែលើខេត្តក្រចេះនាល្ងាចថ្ងៃទី១៥ខែមករាឆ្នាំ២០២១។
តាមការត្រួតពិនិត្យជាក់ស្តែងរបស់ក្រុមការងារឃើញថាសាកសពសត្វផ្សោតមានសភាពហើមរលាត់ស្បែកមួយចំនួននិងមានមងក្រឡាទំហំ១៥សង់ទីម៉ែត្ររុំជាប់នៅគល់កន្ទុយនិងលើដងខ្លួនទាំងមូលរបស់សាកសពសត្វផ្សោត។

ក្រោយពីបានធ្វើការពិនិត្យសាកសពសត្វផ្សោតរួចរាល់ក្រុមការងារក៏បានសន្និដ្ឋានថា៖សត្វផ្សោតនេះបានងាប់ដោយសារការជាប់មងនេសាទវាជាផ្សោតពេញវ័យដែលរស់នៅអន្លង់ផ្សោតកាំពីក្នុងភូមិកាំពីឃុំសំបុកស្រុកចិត្របុរីខេត្តក្រចេះ។បន្ទាប់ពីត្រួតពិនិត្យសាកសពផ្សោតរួចរាល់ហើយក្រុមការងារក៏បានធ្វើការ ថ្លឹងទម្ងន់ ថតរូប វាស់វែង ដែលមានទិន្ន័យសង្ខេបដូចខាងក្រោម៖

ផ្សោតឈ្មោលប្រវែង ១៩៨សង់ទីម៉ែត្រទម្ងន់ ៨៥គីឡូក្រាមអាយុកាលប៉ាន់ប្រមាណ៖១២ទៅ ១៥ ឆ្នាំស្ថានភាពហើមស្អុយរយៈពេលងាប់ប្រហែល៣ថ្ងៃ។សាកសពសត្វផ្សោតត្រូវបានក្រុមការងាររក្សាទុកក្នុងធុងក្លាសេ បានធ្វើការវះកាត់យកសំណាកគំរូរវិភាគសម្រាប់ផ្នែកវិជ្ជសាស្រ្តនៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២១ ហើយបានរក្សាទុកសំណាកទាំងអស់ក្នុងទូរក្លាសេ នៅការិយាល័យអង្គការ WWF ប្រចាំខេត្តក្រចេះ ។

សាកសពសត្វផ្សោតនេះជាផ្សោតទីពីរហើយដែលបានងាប់នៅក្នុងឆ្នាំ២០២១ នេះចាប់ពីថ្ងៃទី ១ ដល់ ថ្ងៃទី១៥ខែមករា។ក្នុងនោះរួមមានកូនផ្សោតចំនួន១ក្បាលបានងាប់និងផ្សោតពេញវ័យចំនួន១ក្បាលបានងាប់។លោកម៉ុកពន្លកនាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះនិងជាប្រធានឆ្មាំទន្លេបានបញ្ជាក់ថាចាប់ពីថ្ងៃទី១ខែមករាលោកបានដាក់ផែនការចុះធ្វើការដោយបានសហការជាមួយអាជ្ញាធរមូលដ្ឋាននគរបាលប៉ុស្តិ៍រដ្ឋបាលប្រជាការពារនិងសហគមន៍នេសាទបានចុះល្បាតជារៀងរហូត។ប៉ុន្តែនៅតែមានជនសង្ស័យខូចខិលលួចដាក់មងនៅក្នុងអន្លង់បំផ្លិចបំផ្លាញ់ធ្វើឱ្យផ្សោតងាប់។បច្ចប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវវែករកមុខសញ្ញាអ្នកដាក់មងក្នុងអន្លង់ដើម្បីបញ្ជូនសំណុំរឿងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕

Loading...