ប្រទះឃើញសាកសពស្ត្រីម្នាក់ស្អុយរលួយ សមត្ថកិច្ចថា ស្លាប់ដោយសារខ្យល់គរ

ខេត្តកំពង់ស្ពឺ៖ មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីគេបានប្រទះឃើញសាកសពស្ត្រីម្នាក់​បានបាត់បង់ជីវិតរហូតដល់ហើមស្អុយដង្កូវចេញស៊ីទៅហើយ កាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចលូដាច់ គីឡូម៉ែត្រលេខ៦៩ និងលេខ៧០ ភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ករណីខាងលើនេះ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃអធិការដ្ឋានស្រុកភ្នំស្រួច សហការជាមួយជំនាញខេត្តកំពង់ស្ពឺចុះត្រួតពិនិត្យធ្វើកោសល្យវិច័យលើសាកសព រួចបានសន្និដ្ឋានថា ជនរងគ្រោះបាត់បង់ជីវិតដោយសារករណីខ្យល់គរ ពុំមែនជាអំពើឃាតកម្មស្លាប់អ្វីឡើយ ។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការពិនិត្យជំនាញបច្ចេកទេសខេត្ត និង ស្រុកនៅលើដងខ្លួនសាកសពមិនមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។ ជនរងគ្រោះ ស្លាប់ដោយសារជំងឺខ្យល់គរ និងយោងតាមការបំភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះ ថា សពឈ្មោះ ឃឹម ណឺង អាយុ៤៧ឆ្នាំ រស់នៅភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ធ្លាប់មានជំងឺសរសៃប្រសាទ ហើយ បានដើរចេញពីផ្ទះច្រើនដងមកហើយ ។

ក្រោយពិនិត្យធ្វើកោសល្យវិច័យរួចរាល់ សពត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ មណ្ឌលច្បារមន

Loading...