ប្រទះឃើញ​សព​នារី​ម្នាក់ ក្នុង​ទឹក​ត្រពាំង និង​ម៉ូតូ​១​គ្រឿង

ខេត្តកំពង់ស្ពឺ៖ នា​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៥ វេលា​ម៉ោង​១០​យប់ នៅ​ស្ពាន​ប្រឡាយ​ខាងជើង ភូមិ​តាំង​តា​ឡា​ត់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ម៉ូតូ ១​គ្រឿង ធ្លាក់​ក្នុង​ប្រឡាយ ដោយមាន​ភ្លើង​ស៊ីញ៉ូ​ភ្លែតៗ ហើយ​ក៏បាន​រាយការណ៍ មក​សមត្ថកិច្ច ចុះ​ត្រួតពិនិត្យ​កន្លែងកើតហេតុ ដើររក​មើល មិនឃើញ​មា្ច​ស់ ក៏​យក​ម៉ូតូ​មក​រក្សាទុក​។ លុះ​ស្អែក​ឡើង គេ​ក៏​ប្រទះឃើញ​ស្ត្រី​ម្នាក់ស្លាប់​អណ្តែត​ក្នុង​ទឹក​ត្រពាំង​។​

​លោក​ឡុង វ៉ិ​ញ​ហួង មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹងថា នារី​ដែល​ស្លាប់​នេះ មានឈ្មោះ ម៉ៅ សុខា ហៅ អិត អាយុ​២០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​ជួន ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល មុខ របរ​ជា​កម្មការិនី​រោងចក្រ ស្ថិតក្នុង​សួន​ឧស្សាហកម្ម ឈុន​ហុង បែក​ចាន​។​

​លោក​បាន​បញ្ជក់​ថា មុនពេល​កើតហេតុ កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៥ ឈ្មោះ ម៉ៅ សុខា បាន​ចេញពីផ្ទះ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាង​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ​កណ្តាល 1Q-0044 ទៅផ្ទះ​មិត្ត​ភ័ក្ត្រ ធ្វើការ​រោងចក្រ​ជាមួយគ្នា ឈ្មោះ ពួក ដា ភេទ​ស្រី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រៃ​ឫស្សី ឃុំ​ព្រៃ​ក្រសាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

ពេលមកដល់​ផ្ទះ​ឈ្មោះ ពួក ដា ហើយ​នៅវេលា​ម៉ោង ៦:១៥ នាទី ឈ្មោះ​ម៉ៅ សុខា ក៏​បបួល​ឈ្មោះ ពួក ដា ទៅ​បុណ្យ​ដា​លាន នៅផ្ទះ​មិត្ត​ភ័ក្ត្រ ធ្វើការ​រោងចក្រ​ជាមួយគ្នា ឈ្មោះ សារ៉ាន់ ភេទ​ស្រី នៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុន្នី ស្រុក​គងពិសី​។ លុះដល់​ម៉ោង ៨ យប់ ថ្ងៃ​ដដែល​ឈ្មោះ ម៉ៅ សុខា បាន​បបួល​ឈ្មោះ ពួក ដា ឲ្យ​ត្រឡប់មក​ភូមិ​ព្រៃ​ឫស្សី ឃុំ​ព្រៃ​ក្រសាំង ស្រុក​ឧដុង្គ​វិញ ព្រោះ​ក្នុងភូមិ​នោះ មានកម្ម​វិធី​រាំលេង ក្នុងភូមិ​ដែរ​។

​ពេលនោះ ឈ្មោះ ពួក ដា បាន​ទូរស័ព្ទ​មក​ឪពុក ម្តាយ រួច​ឪពុកម្តាយ ក៏​ប្រាប់​កូន​ថា យប់​ហើយ កូន​ដេក​នៅផ្ទះ​មិត្ត​ភ័ក្ត្រ​កូន​ចុះ កុំមក​អី​។ នៅពេលនោះ ឈ្មោះ ម៉ៅ សុខា ក៏​ជិះ​ម៉ូតូ​មកវិញ​តែម្នាក់ឯង​។​ ​លុះ​មកដល់​ម៉ោង ១០ យប់ ថ្ងៃ​ដដែល នៅត្រង់​គល់ស្ពាន ខាងជើង ភូមិ​តាំង​តា​ឡា​ត់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង មាន​ប្រជាពលរដ្ឋ ជា​អ្នក​ឆ្លុះ​កង្កែប បានឮ​សំឡេង​មនុស្ស​និយាយ​គ្នា នៅក្បែរ​ស្ពាន រួច​ក៏បាត់​សំឡេង​មនុស្ស តែ​ឃើញតែ​ម៉ូតូ​បើកភ្លើង និង​ស៊ីញ៉ូ​ចោល ក៏​រាយការណ៍​ប្រាប់​ប៉ូលិស ហើយ​ប៉ូលិស និង​ប្រជាពលរដ្ឋ បាន​ដើររក​មនុស្ស តែ​មិនឃើញ ឃើញតែ​ទូរស័ព្ទ និង​ស្បែកជើង ក៏​យក​ម៉ូតូ​មក​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ព្នាយ​។​

​លុះដល់​ម៉ោ​ប្រមាណ​ជាង ១ រសៀល ថ្ងៃទី​១ ខែកុម្ភ​: ឆ្នាំ​២០១៥ អាណាព្យាបាល​ជនរងគ្រោះ និង​ប៉ូលិស ទៅរក​ម្តងទៀត ក៏​ប្រទះឃើញ​សាកសព នៅ​ខាងលិច​ផ្លូវ ក្នុង​ត្រពាំងទឹក ចម្ងាយ​ប្រហែល ១០០ ម៉ែត្រ ពី​ម៉ូតូ​ទុកចោល កាលពី​យប់​។​ ​បច្ចុប្បន្ន ជនសង្ស័យ​ម្នាក់​ឈ្មោះ ពួក ដា ត្រូវបាន​សមត្ថ​ឃាត់ខ្លួន ហៅ​មក​សាកសួរ នៅ​ស្នងការ​ខេត្ត​។ រីឯ​សព​ត្រូវ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

kill lady (2)

kill lady (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *