ប្រធានការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ រងការសង្ស័យថា ផឹកស្រាស្រវឹងជោគជាំ បើករថយន្តបុករនាំង រូបសំណាកលោកអាចារ្យលាក់ និងបានជេរប្រមាថធ្ងន់ៗ ទៅលើថ្នាក់ដឹកនាំខេត្តកំពង់ធំ ថែមទៀតផង !

ខេត្តកំពង់ធំ៖ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលខេត្តកំពង់ធំ លោក រុំ សុវិជ្ជា បានផឹកស្រាស្ររឹងជោគជាំ រួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាកលោកតាអាចារ្យលាក់ បណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោងប្រមាណជា ៩ និង១២នាទីយប់ ថ្ងៃទី១៥ឧសភាឆ្នាំ២០២០ នៅលើដងផ្លូវ១ខ្សែ ស្ថិតនៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន។

សេចក្តីរាយការណ៍ បានអោយដឹងថា អ្វីដែលគួរអោយមានការភ្ញាក់ផ្អើល ថែមទៀតនោះ គឺមន្ត្រីនគបាលចរាចរណ៍ផ្លូវគោកជាន់ខ្ពស់រូបនេះ បានស្រែកជេរប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើ អភិបាលខេត្តកំពង់ធំលោក សុខ លូ ថា នៅទីតាំកើតហេតុមិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបធ្វើអោយគាត់ជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះ។ ប៉ុន្តែ ធាតុពិតនៅទីតាំងកើតហេតុនោះ គឺមានបំពាក់ភ្លើងបំភ្លឺ និងមានចំណាំងផ្លាតគ្រប់គ្រាន់ ពុំដូចការជេរប្រមាថនោះឡើយ។ រីឯការផឹកស្រាស្រវឹង បើកបុកទ្រព្យសម្បត្តិសាធារណៈនេះ គឺស្របពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ដោយអនុវត្តចាប់តាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នោះមក និងរូបលោកវរៈសេនីយ៍ឯក រុំ សុវិជ្ជា ដែលមានតួទាទី ជានាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានប្រព្រឹត្តបទល្មើស ផ្ទុយពីការអនុវត្តច្បាប់ចរាចរណ៍ ដ៏តឹងរឹងនេះ ថែមទៀតផង។

អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចខេត្តកំពង់ធំ បានលាតត្រដាងរបាយការណ៍ ដោយបង្ហាញ អំពី រឿងអាស្រូវមួយចំនួន ដែលមន្ត្រីនគរបាលជាន់ខ្ពស់រូបនេះ ធ្លាប់បានបង្កជាច្រើនដង ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់មុខមាត់របស់ខេត្តកំពង់ធំ និងស្ថាប័ននគរបាលជាតិ ហើយក៏មានការថ្នាំងថ្នាក់យ៉ាងខ្លាំង ពីមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេស ចំពោះប្រជាពលរដ្ឋ ដែលធ្លាប់មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នាពេលកន្លងទៅ។

លោក រុំ សុវិជ្ជា ត្រូវគេដឹងថា ក៏ធ្លាប់បានជេរប្រមាថ ដោយសម្តីអសុរោះ ទៅលើអ្នកគ្រូពេទ្យ នៅក្នុងខេត្តកំពង់ធំ កាលពីពេលកន្លងទៅផងទៀត ពេលដែលរូបគាត់បានចូលទៅក្នុងមន្ទីរពេទ្យ ដើម្បីចូលមើលមិត្តភក្តិផឹកស៊ីរបស់ខ្លួន ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។

សមត្ថកិច្ចខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីបង្កហេតុ និងស្រែកឡូឡានោះមក គេបានឃើញ បក្ខពួករបស់លោក រុំ សុវិជ្ជា ដែលគេដឹងថា ជាមន្ត្រីនគរបាលដូចគ្នា បាននាំគ្នារំដោះយករថយន្តបង្កហេតុ ទៅទុកនៅយានដ្ឋានមួយកន្លែងទាំងយប់ ដើម្បីបិទបាំងការពិត លើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ។

សូមជម្រាបថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២៦មីនាឆ្នាំ២០២០ កន្លងទៅនេះ សម្តេចបានចេញលិខិតព្រមានលើកទី១ ទៅលើលោកវរៈសេនីយ៍ឯក រុំ សុវិជ្ជា ដោយសារតែធ្វេសប្រហែស ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន។ សម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា បើលោក រុំ សុវិជ្ជា នៅតែប្រព្រឹត្តផ្ទុយពីការណែនាំនេះ សម្តេចនឹងចាត់វិធានការណ៍ តាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ជាក់ជាពុំខានឡើយ។

មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំ បានសំណូមពរដល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង និងអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន មេត្តាចាត់វិធានការអោយបានធ្ងន់ធ្ងរ ចំពោះបុគ្គលរូបនេះ ដើម្បីជាគំរូដល់មន្ត្រីអនុវត្តច្បាប់ ឯទៀត និងដើម្បីចូលរួមការរឹតបន្ដឹង ការនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

 

Loading...