ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យការដ្ឋានជួសជុលផ្លូវជាតិមួយខ្សែ ដែលក្រុមមន្ត្រីជំនាញ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត កំពុងធ្វើការជួសជុល និងថែទាំ !

ខេត្តរតនគិរី៖ ការអញ្ជើញចុះពិនិត្យការជួសជុល និងថែទាំងផ្លូវជាតិ លេខ៧៦ មួយខ្សែ របស់ប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តរតនគិរី លោក ជៀង អំ កាលពីថ្ងៃអាទិត្យ ទី៣០សីហាឆ្នាំ២០២០នោះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់អភិបាលខេត្តរតនគិរី លោក ថង សាវុន មន្ត្រីខេត្ត ស្រុក អង្គភាពពាក់ ព័ន្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក សាយ សាមាន រួមទាំងមន្ត្រីជំនាញ នៃមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត ជាច្រើនរូបទៀត នៅចំណុចបង្គោលគីឡូម៉ែត្រ លេខ២៨៤, លេខ២៨៦ និងលេខ២៨៧ ស្ថិតនៅក្នុងភូមិស្រ្តស្រុកលំផាត់ ខេត្តរតនគិរី ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី លោក សាយ សាមាន បានថ្លែងថា ផ្លូវ
ជាតិលេខ៧៦ មានប្រវែង ២៩៥.១៥០គីឡូម៉ែត្រ និងមានផ្ទៃទទឹងទំហំ ៧ម៉ែត្រ គឺជាប្រភេទផ្លូវ DBST ហើយផ្លូវ១ខ្សែនេះ ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ២០១២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃ ទី២១វិចិ្ឆកា ឆ្នាំ២០១៦ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ លោក សាយ សាមាន បានបន្តទៀតថា បច្ចុប្បន្ន មន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្ត បានបន្តការងារថែទាំជាប្រចាំ ដោយអនុវត្តបានប្រវែង ៥ពាន់ ៩៥០ម៉ែត្រ ក្រៅពីនេះ មន្ទីរបាន បន្តការងារថែទាំ លើកំណាត់ផ្លូវជាតិលេខ៧៨ ដោយស្រោចកៅស៊ូ និងរោយថ្មកម្រាស់ ១២មីលីម៉ែត្រ បានប្រវែង ៨ពាន់ ៩០០ម៉ែត្រ បន្តជួសជុលកំណាត់ផ្លូវជាតិលេខ៧៦ ដោយចាក់ក្រាលថ្មម៉ិច ចាក់ក្រាលដី គ្រួសល្បាយថ្ម ធ្វើប្រអប់ និងជួសជុលផ្លូវខេត្ត លេខ ៣៧៨៩ ត្រង់រង្វង់មូលត្បូង (ផ្លូវបំបែកស្រុកបរកែវ និង ស្រុកអណ្តូងមាស) ដោយស្រោចកៅស៊ូ និងបាចខ្សាច់ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។

ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តរតនគិរី លោក ជៀង អំ បានថ្លែងកោតសរសើរ ចំពោះកិច្ច ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ របស់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលទើបតែទទួលបាន នូវមុខតំណែងថ្មីកន្លងមកនេះ ធ្វើឲ្យសម្រេចបាន នូវសមិទ្ធផល និងស្នាដៃជាច្រើន លើការងារថែទាំជួស ជុលផ្លូវជាតិ និងផ្លូវខេត្ត។ លោក ជៀង អំ បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ ដែលកំពុង កែលម្អរជួសជុលនេះ ត្រូវចូលរួមសម្រួលដល់ដំណើរ ការកែលម្អរជួសជុលផ្លូវ និងរួមគ្នាថែទាំសមិទ្ធផលផ្លូវ នេះ ឲ្យបានគង់វង្សយូរអង្វែង។
ក្រោយការពិនិត្យលើការងារជួសជុល និងថែទាំងផ្លូវនោះរួច ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ខេត្តរតនគិរី លោក ជៀង អំ ,អភិបាលខេត្តរតនគិរី លោក ថង សាវុន រួមទាំងមន្ត្រីអ្នកមុខអ្នកការទាំងអស់ បានអញ្ជើញចុះពិនិត្យមើលលើការងារដាំបន្លែសរីរាង្គ និងការចិញ្ចឹមត្រីអណ្តែង របស់ប្រជាពលរដ្ឋនៅក្នុង ភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ផងទៀត។

លោក ជៀង អំ បានមានប្រសាសន៍ថា នៅក្នុងបរិការណ៍ នៃបញ្ហារាលដាលជំងឺកូវីដ-១៩នេះ ដើម្បីធានាសន្តិសុខស្បៀង បង្កើនឱកាសការងារ និងប្រាក់ចំណូលជូនប្រជាកសិករ សម្តេចតេជោ នាយករដ្ឋមន្រ្តី សម្តេចបានដាក់ចេញ នូវយុទ្ធនាការ ជំរុញការអនុវត្តសកម្មភាពវារីវប្បកម្មនៅទូទាំងប្រទេស ដើម្បីលើកស្ទួយកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោក ជៀង អំ បានថ្លែង លើកទឹកចិត្តដល់ប្រជា កសិករគ្រប់រូប ឲ្យបន្តខិតខំប្រឹងប្រែងក្នុងការចិញ្ចឹមត្រី ក៏ដូចជាការដាំបន្លែបង្កា និងដំណាំរួមផ្សំផ្សេងៗទៀត ដើម្បីធានាការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឲ្យបានពេញលេញ។ លោកបានជំរុញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត រួមទាំងអាជ្ញាធរខេត្តរតនគិរី សូមជួយផ្តល់ការគាំទ្របច្ចេកទេស លើការងារដាំដុះ បង្កបង្កើន ផល ឲ្យបានពេញលេញ ជូនដល់ប្រជាកសិករ និងបន្តការតាមដានពិនិត្យ ក្នុងករណីកសិករជួបបញ្ហា ប្រឈមនានា ដើម្បីដោះស្រាយជូនពួកគាត់ ឲ្យបានទាន់ពេលវេលា៕

Loading...