ប្រធានក្រុមការងាររាជរដ្ឋាភិបាល ណែនាំក្រុមការងារបន្តសកម្មភាពចុះជួយពន្យល់ពលរដ្ឋកុំឱ្យជឿលើការញុះញង់រឿងបញ្ហាព្រំដែន ពីសំណាក់ជនអគតិ

(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ បានបន្តដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ជាមួយប្រធានគណបក្សស្រុកទាំងពីរ និងប្រធានគណបក្សឃុំទាំង១៨ នៅក្នុងស្រុកទាំងពីរ ដើម្បីត្រួតពិនិត្យចង្អុលបង្ហាញទិសដៅការងារបន្ត ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ បង្កើនប្រសិទ្ធភាពអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព ជម្រុញការងារកសិកម្ម ការដាំដុះ និងការពង្រឹង និងពង្រីកសមាជិកគណបក្សបន្ថែមទៀត។

លោក ថោង ខុន បានជំរុញបន្ថែមដល់ប្រធាន-សមាជិកគណបក្សស្រុកទាំង២ ត្រូវបន្តសហការគ្នាបន្ថែមទៀត ចុះអប់រំផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋនៅក្នុងស្រុកដែលជាកន្លែងខ្លួនគ្រប់គ្រង កុំឱ្យមានការជឿលើការញុះញង់ពីសំណាក់ជនអគតិមួយក្តាប់តូច ដែលកំពុងតែព្យាយាមចង់កេងចំណេញលើបញ្ហា នយោបាយ តាមរយៈ ការញុះញង់ពលរដ្ឋទាក់ទងនិងរឿងបញ្ហាព្រំដែន ដែលបានកើតឡើងកាលពីពេលថ្មីៗនេះ និងត្រូវចុះតាមដានទប់ស្កាត់ និងវាយបកឱ្យបានទាន់ ពេលវេលា ចំពោះជនអគតិដែលតែងតែព្យាយាម ចង់បង្ករភាពចលាចលក្នុងស្រុក ដើម្បីកេងចំណេញនយោបាយតាមរយៈរូបភាពផ្សេងៗ ។

លោក ថោង ខុន បានកោតសរសើរដល់ប្រធាន-សមាជិកគណបក្សប្រចាំស្រុកបារាយណ៍ និងស្រុកតាំងគោក ដែលបានសហការគ្នាយ៉ាងល្អប្រសើរ ចុះអបរំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋពីបញ្ហាជំងឺកូវីដ១៩ បញ្ហាសុវត្ថិភាពចររាណ៍ និងបានចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដើម្បីសម្រួលដល់ការធ្វើដំណើរសម្សាន្តរបស់ប្រជាពលរដ្ឋ​ក្នុងស្រុកបានល្អប្រសើរ ជាពិសេសបានឱ្យប្រជាពលរដ្ឋអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ដោយមិនមានពលរដ្ឋណាម្នាក់ ឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ក្នុងឱកាសដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រពលរដ្ឋឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំថ្មីចំនួន៥ថ្ងៃនោះឡើយ។

លោក ថោង ខុន ណែនាំបន្ថែមឱ្យប្រធានបក្សស្រុកទាំង២ ត្រូវរួមសហការគ្នាចុះសួរសុខទុក្ខ តាមដានពីអាការសុខភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាប្រចាំ ក្នុងដំណាក់កាលជំងឺកូវីដ-១៩ និងបន្តក្រើនរំឭកឱ្យប្រជាពលរដ្ឋកុំឱ្យមានការមើលស្រាលពីបញ្ហាជំងឺកូវីដ១៩ ដោយត្រូវរក្សាអនាម័យស្អាត ពាក់ម៉ាស់ លាងដៃនិងអាកុល ត្រូវរក្សាគម្លាត រវាងគ្នានិងគ្នា ដោយមិនត្រូវមានការធ្វេសប្រហែសឡើយ ជាពិសេសក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងមកដល់ក្នុងពេលខាងមុខនេះ។

លោក ថោង ខុន បញ្ជាក់ថា ប្រធានគណបក្សស្រុក និងឃុំទាំង១៨ ត្រូវបន្តខិតខំកសាងសមាជិកបក្សឱ្យបានយ៉ាងតិច ៧០% ធៀបនឹងពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវធានាបានថា ជាសមាជិកពិតប្រាកដ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីនាំជ័យជម្នះសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងបោះឆ្នោតសកល ឆ្នាំ២០២៣ ខាងមុខ៕

Loading...