ប្រធានក្រុមការងាររាជរដ្ឋាភិបាល អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា មកឧបត្ថម្ភប្រជាពលរដ្ឋរងគ្រោះ និងរងផលប៉ះពាល់ ដោយទឹកជំនន់ ជាច្រើនគ្រួសារ នៅក្នុងខេត្តព្រះវិហារ !

ខេត្តព្រះវិហារ៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ដែលមានការចូលរួមពី អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំទាំង៣ មន្ទីរ អង្គភាពពាក់ ព័ន្ធ អាជ្ញាធរស្រុក និងថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង នៅថ្ងៃឈប់សម្រាសក្នុងសប្តាហ៍មុននេះ ស្ថិតនៅក្នុងភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។

អំណោយដែលបាននាំយកមកផ្តល់ជូនប្រជាពលរដ្ឋ ៧គ្រួសារ ដែលរងគ្រោះ និងផលប៉ះពាល់ដោយ ជំនន់ទឹកភ្លៀងនាគ្រានោះ រួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួន ឧត្ថម្ភថវិកាជូនម្ចាស់ ទូកដរចម្លងគណៈប្រតិភូ និងថ្នាក់ដឹកនាំក្រុមការងារថ្នាក់ខេត្ត ១៣ទូក ក្នុងទូក១គ្រឿង ១០ម៉ឺនរៀល ផងដែរ។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ ណែនាំដល់ប្រជាពលរដ្ឋដែលរង គ្រោះ និងរងផលប៉ះពាល់ដោយទឹកជំនន់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានជាប្រចាំ ត្រូវខិតខំថែទាំសុខ ភាពឲ្យបានល្អ ត្រូវរស់នៅស្អាត ផឹកស្អាត ហូបស្អាត ពេលគេងត្រូវដាក់មុង ដើម្បីបង្ការការកើតជំងឺផ្សេងៗ ព្រោះត្បិតពេលនេះជារដូវភ្លៀងធ្លាក់ និងទឹកស្ទឹង បឹង អូរព្រែក កំពុងបន្តហក់ឡើងជាលំដាប់។

លោកអភិបាលខេត្ត បានផ្តាំផ្ញើប្រជាពលរដ្ឋថា ប្រសិនបើមានការកើតឡើង ទឹកជំនន់ធ្ងន់ធ្ងរជាងនេះ ថែមទៀត ទោះជានៅពេលណាក៏ដោយ ត្រូវរាយការណ៍ជាបន្ទាន់ មកមន្ត្រីប៉ុស្តិ៍ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងទាំង៣ នៅក្នុងមូលដ្ឋាន ដើម្បីមានវិធានការចុះអន្តរាគមន៍ ជួយសង្គ្រោះបានទាន់ពេលវេលា។

ប្រធានក្រុមការងាររាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ផ្តាំផ្ញើ ដល់អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ត្រូវត្រៀមមធ្យោ បាយ សម្ភារៈ និងកងកម្លាំង ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ នូវគ្រប់ពេលវេលា និងក៏ត្រូវ បន្តតាមដានពីស្ថានភាពជំនន់ទឹកភ្លៀង នៅតាមមូលដ្ឋានដែលខ្លួនគ្រប់គ្រងឲ្យបានជាប្រចាំ ត្រូវបន្តផ្សព្វ ផ្សាយជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន តាមដងទន្លេមេគង្គ បឹង អូរនិងព្រែក ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ហើយក៏ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងទាំង«សម្ភារៈបរិក្ខា ថ្នាំពេទ្យ ស្បៀងអាហារ មធ្យោបាយ រថយន្ត ទូក ឬកាណូត និងកម្លាំងសរុប» ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជា ពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាព គ្រាដែលទឹកជំនន់បន្តហក់ឡើងខ្ពស់ បង្កជាគ្រោះមហន្តរាយ បំផ្លិចបំ ផ្លាញលំនៅដ្ឋាន ភូមិករ និងទ្រព្យសម្បត្តិរបស់ពួកគាត់ ហើយក៏មិនត្រូវបណ្តែតបណ្តោយឲ្យពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់ដោយគ្រោះទឹកជំនន់ជាដាច់ខាត។
បន្ទាប់មកថ្នាក់ដឹកនាំ បានអញ្ជើញចុះពិនិត្យ «ទំនប់អាងទឹករក្សា» ដែលមានមូលដ្ឋាន ស្ថិតនៅតាម បណ្តោយស្ទឹងសែន ជាប់ព្រំប្រទល់ស្រុកពីរ គឺស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ។

ទំនប់អាងទឹករក្សា ត្រូវគេដឹងថា បានចាប់ដំណើរការសាងសង់ កាលថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០១៩ នោះមក គម្រោងអភិវឌ្ឍន៍ ដែលស្ថាបនាឡើងដោយក្រុមហ៊ុន ២របស់ប្រទេសចិន គឺក្រុមហ៊ុនThe Consortium of Guangdong Foreign Construction Co., Ltd. & Guangdong Yuantian Engineering Co., Ltd. រហូតមកដល់ពេលនេះ មានរយះពេលជិត ១ឆ្នាំហើយ ក្រុមហ៊ុនទាំងពីរបានខិតខំរួមគ្នា ស្ថាបនាទំនប់ អាងទឹករក្សានេះ ទៅតាមគោលការណ៍ និងលក្ខខ័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងអភិវឌ្ឍន៍ នៃទំបន់អាងទឹករក្សានេះ គេនឹងបន្តសាងសង់ទំនប់បេតុង១ មានទ្វារទឹក៣ ,សាងសង់ទំនប់ដី នៅផ្នែកខាងឆ្វេង១ ,សាងសង់ទំនប់ដី នៅផ្នែកខាងស្តាំ១ ,សាងសង់ទំនប់ដីរង១ ,សាងសង់សំណង់បង្ហៀរ មានប្រវែង ២៥១ម៉ែត្រ និងមានទ្វារទឹកសរុប ២០ កន្លែង ដោយទ្វារទឹកនីមួយៗមានទំហំទទឹង ១០ម៉ែត្រ និងបណ្តោយប្រវែង ១៤,៥ ម៉ែត្រ។

អាជ្ញាធរខេត្តព្រះវិហារ ធ្លាប់បានបញ្ជាក់ថា ក្រោយបញ្ចប់ការសាងសង់រួច «ទំនប់អាងទឹករក្សា» អាចស្តុកទឹកបានចំនួនប្រមាណ ២៥៦,៩ លានម៉ែត្រគូប និងអាចផ្គត់ផ្គង់ទឹកស្រោចស្រព សម្រាប់បង្កបង្កើន ផលិតផលកសិកម្ម លើផ្ទៃដីទំហំប្រមាណ ១៤៣ពាន់ ៣២៣ហិកតា សម្រាប់នៅក្នុងរដូវវស្សា និងប្រមាណ ២២ពាន់ ៨៧៨ហិកតា សម្រាប់នៅរដូវប្រាំង ហើយទំនប់អាងទឹករក្សានេះ ថ្វីបើមានទីតាំងស្ថិតនៅក្នុង ខេត្តព្រះវិហារ ក៏មែនពិត ប៉ុន្តែ លទ្ធភាព នៃការស្រោចស្រពភាគច្រើន គឺស្ថិតនៅក្នុងខេត្តកំពង់ធំ ដែលជា ខេត្តមានព្រំប្រទល់ជាប់ខេត្តព្រះវិហារ។
អាជ្ញាធរខេត្តធ្លាប់បានអះអាងថា «ទំនប់អាងទឹករក្សា» គឺជាសំណង់ដ៏មានសារៈសំខាន់មួយ ព្រោះ ត្បិតអាងស្តុកទឹកមួយនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ នូវគ្រោះទឹកជំនន់ និងការ ផ្គត់ផ្គង់ទឹកស្អាត តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ លោក ចាប កុយ បានប្រាប់ឲ្យដឹងថា ភ្លៀងបន្ត ធ្លាក់ជាប់ៗគ្នានាច្រើនថ្ងៃមកហើយ និងនៅក្នុងថ្ងៃនេះ ភ្លៀងក៏នៅតែបន្តធ្លាក់ចុះមកជាដដែល ហើយបានហូរ ចាក់ចូលទៅក្នុងស្ទឹងសែន ធ្វើឲ្យទឹកឡើងពេញប្រៀបច្រាំង ហក់ឡើងលើសកម្ពស់ប្រកាសអាសន្ននោះ ហើយ។ លោកថា នៅថ្ងៃទី១៩តុលាឆ្នាំ២០២០នេះ ទឹកស្ទឹងសែនបានបន្តហក់ឡើង រហូតដល់កម្ពស់ ១២.៦២ម៉ែត្រ បើប្រៀបធៀបថ្ងៃម្សិលមិញ ទឹកមានកម្ពស់ ១២.៣៨ម៉ែត្រ ខណៈកម្ពស់ដែលត្រូវប្រកាស ឲ្យប្រុងប្រយ័ត្ន ១១.៥០ម៉ែត្រ សីតុណ្ហភាពស្ថិតក្នុងកម្រិតអប្បបរមា ២៣•C អតិបរមា ៣២•C ហើយរបាយ ទឹកភ្លៀង បានបន្តធ្លាក់គ្រប់ក្រុង និងស្រុក ៣ទៅ២៥មីលីម៉ែត្រ ៕

 

 

Loading...