ប្រធានក្រុមការងាររាជរដ្ឋាភិបាល ក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរខេត្តស្ទឹងត្រែង រួមគ្នាដោះស្រាយកង្វល់ និងបញ្ហាប្រឈមនានា ដើម្បីបញ្ចប់វិបត្តិដ៏រ៉ាំរ៉ៃ ជូនប្រជាពលរដ្ឋនៅស្រុកដាច់ស្រាយាលមួយ ជាប់ព្រំដែនឡាវ

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋច្រើនរយគ្រួសារ នៅក្នុងស្រុកសៀមប៉ាង ដែលនៅប្របនឹងដងទន្លេសេកុង ជាប់ព្រំដែនឡាវ បានលើកឡើងនូវបញ្ហា និងការចោទជាសំនួរជាច្រើន ដើម្បីស្វែងរកការជួយដោះស្រាយពីមន្ត្រីថ្នាក់ជាតិ មន្ត្រីក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរខេត្តស្ទឹងត្រែង។

បញ្ហាចោទដែលជាសំនួរ នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានដូចជា បញ្ហាការខ្វះអគ្គីសនីប្រើប្រាស់ ,ផ្លូវរងការខូចខាតជាច្រើនខ្សែ ស្នើសុំឲ្យមានការជួសជុលឡើងវិញ ដែលជាឧបសគ្គដល់ការគ្រោះថ្នាក់ និងសិស្សានុសិស្សខកខានមកសិក្សាមិនទាន់ពេលវេលា ,ការខ្វះប្រព័ន្ធទឹកស្អាតប្រើប្រាស់ ,ភាពយឺតយ៉ាវក្នុងការបម្រើសេវាសាធារណៈ ,វិវាទដីធ្លី និងការស្នើសុំកាត់ឆ្វៀលដីចេញពីក្រុមហ៊ុនសៀម៉ុន ដីព្រៃច្រករបៀងបរិស្ថាន សម្រាប់ប្រជាពលរដ្ឋប្រកបរបរកសិកម្ម ,ខ្វះមណ្ឌលសុខភាព ដែលជួយទ្រទ្រង់ដល់ស្រ្តីមានផ្ទៃពោះ ,ផ្នែកយេនឌ័រ ស្ត្រីនិងកុមារ ស្នើឲ្យមានការចុះជាប់ដល់មូលដ្ឋានឲ្យបានញឹកញាប់ និងបញ្ហានានា មួយចំនួនទៀត ស្នើឲ្យមានកិច្ចអន្តរាគមន៍ ក្នុងការស្វែងរកការជួយដោះស្រាយ ពីមន្ត្រីរាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែង រួមទាំងអាជ្ញាធរខេត្ត ផងដែរ។

វេទិកានេះបានធ្វើឡើងក្រោមអធិបតីភាព រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តស្ទឹងត្រែង លោក ផៃ ប៊ុនឈឿន ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់, អភិបាលរងខេត្ត លោក ស៊ី សួន ,អគ្គាធិការ ក្រសួងបរិស្ថាន លោក ឈរ រតនៈ ដែលមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋ ៣៣៦នាក់ នៅក្នុងបរិវេណវត្ត ពោធិ៍ជ័យ ហៅវត្តសៀមប៉ាង ស្ថិតនៅក្នុងឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២០។

អភិបាលរងខេត្តស្ទឹងត្រែង លោក ស៊ី សួន បានលើកឡើងថា រដ្ឋបាលខេត្តបានដាក់ចេញ នូវទិសដៅជាយុទ្ធសាស្ត្រ ឆ្លើយតបបញ្ហាប្រឈមនានា រួមមាន រក្សារសន្តិសុខ ទប់ស្កាត់ និងបង្ក្រាបបទល្មើស និងបាតុភាពអសកម្មនានាក្នុងសង្គម និងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ជាពិសេស ការការពារ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ,ពង្រឹងការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ និងលិខិតបទដ្ឋានគិតយុត្តិពាក់ព័ន្ធនានា តាមរយៈការពង្រឹងសមត្ថភាព ធនធានមនុស្ស នៅរដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តមុខងារ និងធនធានតាមការផ្ទេររចនាសម្ព័ន្ធថ្មី ជាពិសេស ការអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសមធម៌។ ដោយឡែក ចំពោះការលើកឡើង នូវរាល់បញ្ហាប្រឈម កង្វល់ និងសំណូមពរ របស់ប្រជាពលរដ្ឋនៅក្នុងពេលនេះ ដែលមិនទាន់បានដោះស្រាយបញ្ចប់ អាជ្ញាធរខេត្ត នឹងខិតខំដំណោះស្រាយជូន ឲ្យបានសមស្រប និងទាន់ពេលវេលា ក្នុងពេលខាងមុខ។

ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលជាអ្នកចូលរួមក្នុងវេទិការនេះ បានលើកនូវសំណើរ កង្វល់ និងសំណូមពរមានចំនួន ៣១ ក្នុងនោះ អាជ្ញាធរខេត្ត បានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភ្លាមៗ ចំនួន ២៦សំណូមពរ។ សំណួរ សំណូមពរ និងកង្វល់ ចំនួន៥ទៀត ក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរខេត្ត នឹងត្រូវលើកយកមកពិភាក្សា និងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ បន្ទាប់គ្នានាពេលខាងមុខនេះ ជាពិសេស នៅក្នុងការដឹកនាំប្រតិបត្តិ ដោយគណៈអភិបាលខេត្ត និងការរាយការណ៍វឌ្ឍនភាព ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត តាមបណ្តាខែនីមួយៗ រួមទាំងកិច្ចប្រជុំគណៈអភិបាលខេត្ត ជាមួយតាមបណ្តាមន្ទីរ អង្គភាព ដែលពាក់ព័ន្ធជាមួយសំណើរ កង្វល់ និងសំណូមពរទាំងនោះ រដ្ឋបាលខេត្តនឹងខិតខំដោះស្រាយឲ្យអស់លទ្ធភាព ដើម្បីឆ្លើយតបនឹងសំណូមពរ និងក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ការពង្រឹងក្នុងការផ្តល់សេវាសាធារណៈ ឲ្យកាន់តែមានប្រសិទ្ធភាព និងមានការឆ្លើយតប ធានាបាននូវគណនីយភាព តម្លារភាព គុណភាព និងប្រសិទ្ធផល ក្នុងគោលបំណងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង។

ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តស្ទឹងត្រែង លោក ផៃ ប៊ុនឈឿន បានមានប្រសាសន៍ ចាត់ទុកវេទិកាពិគ្រោះពិភាក្សានេះ គឺជាវេទិកា ដែលមានសារៈសំខាន់មួយ សម្រាប់ការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ ការកសាងបានសមិទ្ធផលថ្មីៗ របស់រដ្ឋបាលខេត្តក្នុងពេលកន្លងមក និងក៏ជាការផ្តល់ឱកាសដល់ប្រជាពលរដ្ឋ បានបញ្ចេញមតិយោបល់ លើកពីកង្វល់ និងបញ្ហាប្រឈមនានា ឲ្យថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ខេត្តបានដឹង និងដោះស្រាយជូនប្រកបដោយតម្លារភាព និងប្រសិទ្ធភាពខ្ពស់។ លោក ផៃ ប៊ុនឈឿន បានមានប្រសាសន៍ទៀតថា វេទិការនេះបានផ្តោតលើ ៣ចំណុច ជាសំខាន់ គឺពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ,ការលើកឡើងវេទិការសាធារណៈ ក៏ដូចជាការផ្តល់ នូវសេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការពាក់ព័ន្ធនឹងបញ្ហាដីធ្លី ផងដែរ។ លោកប្រធានក្រុមការងាររាជរដ្ឋាភិបាល បានក្រើនរំលឹកប្រជាពលរដ្ឋ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវចូលរួមទាំងអស់គ្នា ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាំងកងកម្លាំងទាំង៣ ប្រជាការពារ និងមន្ត្រីនគរបាលយុត្តិធម៌ ដូចជាមន្ត្រីព្រៃឈើ និងមន្ត្រីបរិស្ថាន ត្រូវគ្រប់គ្រងអាវុធជាតិផ្ទុះ បញ្ហាគ្រឿងញៀន និងបញ្ហាក្មេងទំនើង។ល។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលលួចលាក់ប្រើប្រាស់អាវុធកែច្នៃទាំងអស់ ត្រូវយកមកប្រគល់ជូនដល់មន្ត្រីបរិស្ថាន និងមន្ត្រីសមត្ថកិច្ច និងលោកសន្យា ផ្តល់រង្វាន់លើកទឹកចិត្ត ក្នុងម្នាក់ផ្តល់អង្ករ ១០០គីឡូក្រាម សម្រាប់មនុស្សម្នាក់បានតែម្តង តែបើមនុស្សម្នាក់លួចកែច្នៃអាវុធ២ដង នឹងក្លាយជាជនល្មើស ហើយអាជ្ញាធរមានសត្ថកិច្ច នឹងចាត់ការតាមច្បាប់ជាធរមាន ៕

Loading...