ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង ជម្រុញឲ្យមានការសាងសង់មណ្ឌល សុខភាពបន្ថែមនៅតាមភូមិឃុំ ដើម្បីជួយលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ នៅថ្នាក់មូលដ្ឋាន ឲ្យបានកាន់តែប្រសើរឡើង ! ដោយ៖ឡុង សំបូរ

ខេត្តស្ទឹងត្រែង៖ រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង លោក ផៃ ប៊ុនឈឿន បានមានប្រសាសន៍បែបនេះ គឺនៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០២០ ដើមី្បត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កម្ពុជា នាថ្ងៃទី១៣សីហាឆ្នាំ២០២០ នៅសាលាខេត្តស្ទឹងត្រែង ។

កិច្ចប្រជុំដែលធ្វើឡើងក្រោមអធិបតីភាព លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួង បរិស្ថាន នាគ្រានោះ ក៏មានការអញ្ជើញចូលរួមពី អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន រួមទាំងមន្ត្រីខេត្ត ក្រុង មន្ទីរ និងអង្គភាព ពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ ។

ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង លោក ផៃ ប៊ុនឈឿន បានមាន ប្រសាសន៍ថា នៅក្នុងការអនុវត្តកម្មវិធីនយោបាយ កំណែទម្រង់ស៊ីជម្រៅ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារចុះមូលដ្ឋានខេត្ត នឹងបន្តខិតខំអនុវត្ត សម្រេចឲ្យ បានតាមគោលដៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយចក្ខុវិស័យ ជាសំខាន់ គឺដើម្បី បន្តពង្រឹងនូវយន្តការនានារបស់ រាជរដ្ឋាភិបាលកម្ពុជា ឲ្យធានាបាននូវកំណើនការងារ សមធម៌ និង ប្រសិទ្ធភាពពិតប្រាកដនៅកម្ពុជា ។
លោក ផៃ ប៊ុនឈឿន បានមានប្រសាសន៍ជំរុញ ឲ្យមានការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័សបំផុត តាមតែអាចធ្វើទៅបាន ដូចជា ការចុះកំណត់អត្តសញ្ញាណកម្មគ្រួសារ ក្នុងការផ្តល់ ប័ណ្ណសមធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន បន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បន្តចុះទប់ស្កាត់បទល្មើសព្រៃឈើ ជុំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្តចាត់វិធានការទប់ស្កាត់ឲ្យបាន នូវការរីករាលដាលជំងឺកូវីដ១៩ នៅតាមសហគមន៍ និងការសាងសង់មណ្ឌលសុខភាព នៅតាមភូមិ ឃុំ មួយចំនួនដែលមិនទាន់មាន ក្នុងការពិនិត្យ តាមដាន និងព្យាបាលជំងឺជូនពួកគាត់ ដើម្បីលើកកម្ពស់សុខ មាលភាព ជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ឲ្យបានកាន់តែប្រសើរឡើង។ លោកបានបន្តជំរុញដល់មន្ទីរ សុខាភិបាលខេត្ត ដែលជាតំណាងឲ្យក្រសួងសុខាភិបាល ប្រសិនបើមានបញ្ហាប្រឈមខ្វះមណ្ឌលសុខភាព នៅតាមមូលដ្ឋានភូមិ ឃុំមួយចំនួននោះ ត្រូវរាយការណ៍ទៅក្រសួងសុខាភិបាល ដើម្បីក្រសួងសុខាភិបាល មានវិធានការដោះស្រាយ នៅបំណាច់ ឆ្នាំ២០២០នេះ។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានថ្លែង ដោយបានបង្ហាញពីសមិទ្ធផលនានារបស់រដ្ឋ បាលខេត្ត និងសកម្មភាពរបស់ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង សម្រេចបាននៅក្នុង ឆមាសទី១ ឆ្នាំ២០២០នេះ ដោយលោកបានបញ្ជាក់ថា រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រក្សាបាន នូវសន្តិសុខសណ្តាប់ធ្នាប់ ការងារសេដ្ឋកិច្ចសង្គម ដោះស្រាយបញ្ហានៅតាមវេទិការសាធារណៈ បានយ៉ាង រលូន និងចំគោលដៅ ថែមទៀតផង។

លោក ម៉ុម សារឿន បានថ្លែងទៀតថា រដ្ឋបាលខេត្តស្ទឹងត្រែង បានគ្រប់គ្រងស្ថានភាព នៃជំងឺកូវីដ១៩ បានយ៉ាងល្អ តាមការណែនាំរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជា ហើយបានរឹតបន្តឹង ពិនិត្យ និងតាមដានជាប្រចាំ ដោយយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តបទបញ្ជា សេចក្តីណែនាំ និងផែនការសកម្មភាពរបស់ រាជរដ្ឋាភិបាល ដោយមានកិច្ចសហការជាប្រចាំ រវាងក្រុមការ ងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង ស្រុក ជាមួយរដ្ឋបាលមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរៀបចំ វេទិកាសាធារណៈ ព្រមទាំងដោះស្រាយបានទាន់ពេលវេលា នូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ស្របតាម គោលដៅ ផែនការដាក់ចេញក្នុងឆ្នាំ២០១៩កន្លងមក។ លោកអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្ត បានជំរុញការអនុវត្តគោលនយោបាយគាំពារសង្គម ដោយយកចិត្តទុកដាក់ដាក់បំផុត បានឧបត្ថម្ភប្រាក់ ចំពោះស្ត្រីក្រីក្រ កុមារក្រោម២ឆ្នាំ គ្រួសារដែលមាជីវភាពក្រីក្រ និងងាយរងគ្រោះ នៅក្នុងអំឡុងយុទ្ធនាការ ប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធិភាពបំផុត ៕

 

Loading...