ប្រធានគណៈកម្មការទិ៧នៃរដ្ឋសភាជំរុញនិងលើកទឹកចិត្តសួងទេសចរណ៍ចំពោះការដាក់ចេញនូវវិធានសុវត្ថិភាពក្នងវិស័យទេសចរណ៍ ក្នុងបរិបទកូវីដ-១៩និងក្រោយកូវីដ-១៩

(ភ្នំពេញ)៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដែលមាន ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន​​​បានដឹកនាំកិច្ចប្រជុំ ជាមួយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសហការី  រួមជាមួយវត្តមានរបស់ឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មការជំនាញនៃរដ្ឋសភា​ ។ កិច្ចប្រជុំនេះត្រូវឡើងដោយផ្នែកលើស្ថានភាពជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ-១៩ដែលនាំឱ្យវិស័យទេសចរណ៍កម្ពុជា បាននិងកំពុងរងការប្រឈមដោយអត្រាភ្ញៀវទេសចរជាតិនិងអន្តរជាតិធ្លាក់ចុះ យ៉ាងខ្លាំង ។

ក្នុងនោះអាជីវកម្មទេសចរណ៍មួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្ន ប្រតិបត្តិករក្នុងឧស្សាហកម្មទេសចរណ៍មួយចំនួនកំពុងរងនូវផលប៉ះពាល់ជាបន្តបន្ទាប់។ បញ្ហាប្រឈមដែលបានជួបប្រទះក្នុងវិស័យទេសចរណ៍ មិនថាការរងប៉ះពាល់លើវិស័យទាំងមូល និងការលំបាកនានារបស់ប្រតិបត្តិករក្នុងឧស្សាហកម្មនេះ បានជំរុញឱ្យគណៈកម្មការទី៧ ដែលជាសេនាធិការទទួលបន្ទុកលើវិស័យទេសចរណ៍ផ្ទាល់ មានការយកចិត្តទុកដាក់តាមដាន ពិនិត្យលើសកម្មភាពនានាដែលក្រសួងទេសចរណ៍បាន និងកំពុងអនុវត្ត រហូតឈានដល់ការជួបប្រជុំរវាងគណៈកម្មការទី៧ និងក្រសួងទេសចរណ៍ ដើម្បីពិនិត្យពិភាក្សារួមគ្នាអំពីវិធានការជាដំណោះស្រាយ ចំពោះវិស័យទេសចរណ៍ក្នុងបរិបទកូវីដ-១៩​និងក្រោយកូវីដ-១៩ព្រមទាំងការពិនិត្យលទ្ធភាពបង្កើនសកម្មភាពទេសចរណ៍ក្នុងប្រទេសកម្ពុជា ។

ថ្លែងក្នុងឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនិងវឌ្ឍនភាពជាច្រើនក្នុងវិស័យទេសចរណ៍នាពេលកន្លងមក ។ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ចំពោះការខិតខំប្រឹង ដាក់ចេញជាវិធានសុវត្ថិភាពនិងសេចក្តីណែនាំនានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដើម្បីឆ្លើយតបទៅនឹងស្ថានភាពទេសចរណ៍ក្នុងបរិបទកូវីដ១៩ ។ ឯកឧត្តម ក៏បានកត់សម្គាល់ចំពោះការចូលរួម និងការយោគយល់របស់មន្ត្រីទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ អជ្ញាធរ និងប្រតិបត្តិករក្នុងឧស្សាហកម្មទេសចរណ៍គ្រប់ៗរូប ដែលអាចធ្វើឱ្យវិធាននានាដែលបានដាក់ចេញដោយក្រសួងផ្ទាល់ អាចអនុវត្តទៅបានពីមួយជំហាន ទៅមួយជំហាន។ ឯកឧត្តមប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានស្វែងយល់ពីបញ្ហាប្រឈមរបស់ក្រសួងទេសចរណ៍ បាននិងកំពុងជួបប្រទះ ទោះបីយ៉ាងណាក៏គណៈកម្មការទី៧ បានផ្តល់អនុសាសន៍ជាធាតុចូលបន្ថែម និងផ្តល់ការគាំទ្រដល់ការរៀបចំដាក់ចេញនូវផែនទីចង្អុលផ្លូវជាឯកសារគោលដ៏មានសារៈសំខាន់ព្រមទាំងជំរុញការដាក់ឲ្យអនុវត្តឲ្យបានជោគ ជ័យតាមទិសដៅរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ។ 

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា៖ «ក្នុងដំណាក់កាលនេះ ការបង្កើនបរិយាកាសទេសចរណ៍ ដែលគួរអោយទុកចិត្ត និងដោយមានសុវត្ថិភាពពីជំងឺកូវីដ-១៩ព្រមទាំងការធានាស្តង់ដានៃការការពារ មើលថែប្រកបដោយការយកចិត្តទុកដាក់ គឺជាកត្តាសំខាន់ក្នុងការជំរុញឧស្សាហកម្មទេសចរណ៍ឱ្យដំណើរការបានជាធម្មតា ក៏ដូចជាការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ»។ ក្នុងនោះឯកឧត្តមបានលើកទឹកចិត្តឱ្យក្រសួងបន្តកិច្ចសហការយ៉ាងជិតស្និតជាមួយអន្តរជាតិជាពិសេសប្រទេសក្នុងតំបន់អាស៊ាន ដើម្បីចូលរួមជម្រុញចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ាន (intra-ASEAN) នៅក្នុងដំណាក់កាលសមស្របណាមួយ ដែលចរន្ត និងលំហូរទេសចរណ៍ផ្ទៃក្នុងតំបន់អាចដំណើរការវិញបាន។ ក្នុងកិច្ចប្រជុំបានកត់សម្គាល់ថា ឈរលើស្មារតី “ប្រែក្លាយបញ្ហាប្រឈមជាឱកាស”  វិបត្តិជំងឺកូវីដ-១៩ នេះ ក៏ជាឱកាសមួយសម្រាប់ការពង្រឹងគុណភាពគោលដៅកម្ពុជា ជាគោលដៅដ៏ល្អ ប្រកបដោយភាពទាក់ទាញ តាមរយៈការពង្រឹងកិច្ចសហការរវាង រដ្ឋ-ឯកជន និងភាគីពាក់ព័ន្ធ ក្នុងការចាប់យកឌីជីថលរូបនីយកម្ម (Digitalization) ក្នុងវិស័យទេសចរណ៍កម្ពុជា ស្របតាមតម្រូវការជាក់ស្តែងក្នុងបរិបទឧស្សាហកម្ម ៤.០ ។ 

សូមជម្រាបជូនដែរថា គណៈកម្មការទី៧ នឹងបន្តសហការ តាមដាន ពិភាក្សា ក៍ដូចជាគាំទ្រទាំងស្មារតី និងកម្លាំង ចំពោះការដាក់ចេញជាចំណាត់ការ និងវិធានការជាដំណោះស្រាយរបស់ក្រសួង ចំពោះវិស័យទេសចរណ៍ក្នុងបរិបទកូវីដ១៩ និងក្រោយកូវីដ១៩ ព្រមទាំងបន្តពិនិត្យលទ្ធភាពបង្កើនសកម្មភាពទេសចរណ៍ក្នុងប្រទេសកម្ពុជា ៕

Loading...