ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌដង្កោ ដឹកនាំក្រុមការងារអញ្ជើញសាកសួរសុខទុក្ខនិងឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន១៥គ្រួសារ

ភ្នំពេញ៖ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌដង្កោរាជធានីភ្នំពេញចំនួន១៥គ្រួសារដែលរស់នៅមានភាពខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃប្រឈមប៉ះពាល់ដោយវិបត្តិជំងឺឆ្លងកូវីដ១៩អនុវត្តតាមការណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្រ្តីគន់ គីម អគ្គលេខាអធិការនៃសមាគមអតីតយុទ្ធជនកម្ពុជា ។

គ្រួសារអតីតយុទ្ធជនទាំងនេះទទួលបានការយកចិត្តទុកដាក់ពីគណៈកម្មាធិការសមាគមអតីតុយុទ្ធជនកម្ពុជា ខណ្ឌដង្កោ រាជធានីភ្នំពេញដោយបានឧបត្ថម្ភអំណោយមួយចំនួនជូនដល់បងប្អូនអតីតយុទ្ធជនក្នុងការលើកទឹកចិត្តនិងដើម្បីបង្ហាញពីការផ្សារភ្ជាប់មនោសញ្ចេតនាទឹកចិត្តអាណិតស្រលាញ់និងគោរពដឹងគុណចំពោះអតីតយុទ្ធជន ។

ពិធីសំណេះសំណាល់សាកសួរសុខទុក្ខបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ស្ថិត នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញប្រព្រឹត្តទៅក្រោមវត្តមានលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ រាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌដង្កោ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ។

ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌដង្កោ លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានពាំនាំនូវប្រសាសន៍កសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឃួង ស្រេង ប្រធានកិត្តិយស និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលឯកឧត្តមថ្នាក់ដឹកនាំតែងតែមានការនឹករលឹកនិងគិតគូរខ្ពស់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននិងក្រុមគ្រួសារ។អតីតយុទ្ធជនមានស្នាដៃនិងគុណបំណាច់ធំធេងក្នុងសកម្មភាពចូលរួមបំពេញភារកិច្ចអនុវត្តគោលនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំប្រទេសជាតិទាំងមូលទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើនរហូតដល់បច្ចុប្បន្ន។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា ក៏បានសំណេះសំណាលលើកទឹកចិត្តជូនដលគ្រួសារសពអតីតយុទ្ធជនត្រូវខិតខំថែទាំសុខភាពឱ្យបានល្អជាពិសេសចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ កុំឱ្យរីករាលដាលទៅដល់ក្នុងសហគមន៍និងពង្រឹងស្មារតីរឹងមាំតស៊ូក្នុងជីវិត ខិតខំប្រកបមុខរបរចិញ្ចឹមជីវិត មិនត្រូវអស់សង្ឃឹមនោះឡើយ។ រាជរដ្ឋភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា នៅតែបន្តជួយឧបត្ថម្ភគាំទ្រនិងដោះស្រាយបញ្ហាលំបាកជូនដល់បងប្អូនជាបន្តទៀតគឺមិនបោះបង់បងប្អូនអតីតយុទ្ធជននិងគ្រួសារនេះឡើយ។

លោកក៏បានសំណូមពរឱ្យបងប្អូនក្រុមគ្រួសារអតីតយុទ្ធជនបន្តជឿជាក់ផ្តល់ជំនឿទុកចិត្តនិងគាំទ្រនូវការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដើម្បីបន្តចូលរួមការពារសន្តិភាព និងការអភិវឌ្ឍន៍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើនសម្រាប់តកូនចៅជំនាន់ក្រោយ។ អំណោយរូមមានៈដោយក្នុង០១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ,មី ០១កេះ,ទឹកស៊ីអ៊ីវ ០១យួរ
និងថវិកា៥ម៉ឺនរៀល៕

Loading...