ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ បញ្ជាសមត្ថកិច្ចចម្រុះខេត្ត ចុះត្រួតពិនិត្យលើគ្រប់មធ្យោបាយធ្វើដំណើរ ដើម្បីទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ជូនផល អនុផលព្រៃឈើល្មើសច្បាប់

ខេត្តព្រះវិហារ៖ វិធានការដ៏ក្តៅគគុក របស់អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះវិហារ បានធ្វើឡើងស្របពេលដែល ទទួលបានសេចក្តីរាយការណ៍ជាបន្តបន្ទាប់មកថា សកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ បានកើតឡើងយ៉ាងគគ្រឹកគគ្រេង ចេញពីភូមិសាស្ត្រស្រុកមួយចំនួន ក្នុងខេត្តព្រះវិហារ ដឹកឆ្លងកាត់ព្រំប្រទល់ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ ស្ទើរគ្មានថ្ងៃលោះនោះមក។

ប្រតិបត្តិការនេះ បានចាប់អនុវត្តតាំងពីថ្ងៃទី១៧មករា រហូតមកដល់ថ្ងៃទី២១មករាឆ្នាំ២០២១ នេះ នៅមិនទាន់បានបញ្ចប់នៅឡើយទេ ដែលការចុះដាក់បារាស់ត្រួតពិនិត្យយានយន្តគ្រប់ប្រភេទនោះ បានធ្វើនៅលើដងផ្លូវជាតិលេខ ៦២ នៅចំណុចព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ស្ថិតក្នុងភូមិជីអោក ឃុំរមណីយ ស្រុករវៀង។

នាយករដ្ឋរដ្ឋបាលខេត្តព្រះវិហារ លោក យង់ គឹមហឿន បានថ្លែងឲ្យដឹងនៅថ្ងៃ២១មករានេះថា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មាការទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានដាក់ចេញនូវវិធានការយ៉ាងម៉ឹងម៉ាត់ ហើយបានបញ្ជាកម្លាំងសមត្ថកិច្ចចម្រុះខេត្ត ដឹកនាំដោយ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ចុះត្រួតពិនិត្យលើគ្រប់មធ្យោបាយធ្វើដំណើរ មិនថាពេលយប់ ឬពេលថ្ងៃនោះទេ ដើម្បីរឹតបន្តឹង និងរកវិធានការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេស បទល្មើសដឹកជញ្ជូនផល អនុផល ដោយគ្មានច្បាប់អនុញ្ញាត។

លោក យង់ គឹមហឿន បានថ្លែងឲ្យដឹងទៀតថា ការចុះត្រួតពិនិត្យលើមធ្យោបាយគ្រប់ប្រភេទនេះ ដោយចាប់អនុវត្តតាំងពីយប់ថ្ងៃទី១៧មករានោះមក ក្រោយទទួលបានសេចក្តីរាយការណ៍មកថា សកម្មភាពដឹកជញ្ជូនផល អនុផលព្រៃឈើ ចេញពីតំបន់មួយចំនួន ស្ថិតក្នុងភូមិសាស្ត្រខេត្ត ឆ្លងចូលទៅខេត្តកំពង់ធំ ហាក់មានការកម្រើកឡើងវិញ បើទោះបីជាមានការរឹតបន្តឹងពី អាជ្ញាធរខេត្តព្រះវិហារ យ៉ាងណាក៏ដោយ។ លោកបានបញ្ជាក់ថា នៅក្នុងការត្រួតពិនិត្យ ក្នុងវិធានការរកការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ក្នុងរយៈពេល ៤ថ្ងៃ ៥យប់មកនេះ កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់លើមធ្យោបាយគ្រប់ប្រភេទ ដើម្បីរកមើលពីការលួចបង្កប់ឈើ និងបទល្មើសផ្សេងៗ ឆែករកភាពត្រឹមត្រូវតាមផ្លូវច្បាប់ ក្នុងការដឹកជញ្ជូនផល អនុផលព្រៃឈើ តាមរថយន្តធុនធំៗ ដែលមាន PC មានច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែ ក្នុងរយៈពេលនេះ រកមិនឃើញមានការដឹកជញ្ជូនឈើល្មើសច្បាប់នោះទេ។ លោក យង់ គឹមហឿន បញ្ជាក់ទៀតថា ប្រតិបត្តិការនេះ នឹងអនុវត្តក្នុងរយៈពេល ១សប្តាហ៍ ជាជំហានដំបូង ក្រោយទទួលបានបទបញ្ជាថ្មី ពីថ្នាក់ដឹកនាំខេត្ត កម្លាំងចម្រុះនឹងអនុវត្តជាបន្តទៀត ដើម្បីទប់ស្កាត់ការដឹកជញ្ជូនឈើល្មើសច្បាប់៕

Loading...