ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដាក់បទបញ្ជា ឲ្យអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ពង្រឹងការ ការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នាថ្ងៃឈប់សម្រាកជំនួសបុណ្យចូលឆ្នាំប្រពៃណីជាតិ

(ភ្នំពេញ) ៖ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បទបញ្ជាអោយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ត្រូវពង្រឹងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរពិសេសនៅក្នុងពេលឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដែលគ្រោងនឹងឈប់សម្រាកចាប់ពីថ្ងៃទី ១៧រហូតដល់ថ្ងៃទី២១ខែសីហាឆ្នាំ២០២០ ខាងមុខនេះ។ ការដាក់បទបញ្ជានិងការណែនាំរបស់ប្រធានគណៈបញ្ជាការឯកភាពភ្នំពេញ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៦ខែសីហាឆ្នាំ២០២០ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានលើកឡើងថា កិច្ចការការពារសន្តិសុខសណ្ដាប់ធ្នាប់ គឺជាកិច្ចការងារដែលអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវយកចិត្តទុកដាក់វពិសេស គឺក្នុងអំឡុងពេលនៃការឈប់សម្រាកចូលឆ្នាំខ្មែរប្រពៃណីជាតិដែលគ្រោងនឹងចំណាយជំនួសនៅថ្ងៃទី ១៧រហូតដល់ថ្ងៃទី ២១ខែសីហានេះ ។ ដូច្នេះអាជ្ញាធរនិងកងកំលាំងសមត្ថកិច្ចទាំងអស់ រួមទាំងមន្ទីរពាក់ព័ន្ធផង ត្រូវរួមសហការគ្នា ដើម្បីធ្វើយ៉ាងណារក្សាឲ្យបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងឱកាសនៃថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃខាងមុខនេះ ។ ក្រៅពីការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋជូនប្រជាពលរដ្ឋហើយនោះ ការបង្ការទប់ស្កាត់ជំងឺកូវីដ_១៩ ក៏ជារឿងសំខាន់ខ្លាំងមួយដែរ ដែលយើងត្រូវរួមគ្នាដើម្បីពង្រឹងនិងទប់ស្កាត់អោយបានទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ។

លោក ឃួង ស្រេង ក៏បានធ្វើការដាស់តឿនទៅដល់ប្រធានមន្ទីរមួយចំនួនចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវស្តាប់តាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលជារដ្ឋបាលថ្នាក់ក្រោមជាតិ ប៉ុន្តែក៏មិនអាចផ្តាច់បានពីក្រសួងបានដែរ តែការងារដែលត្រូវធ្វើនោះគឺការបម្រើប្រជាពលរដ្ឋ។ ប្រធានមន្ទីរទាំងអស់ត្រូវសិក្សា ពីវិមជ្ឈការអោយបានច្បាស់លាស់ បើធ្ងល់សួរគេ ដើម្បីយកមកអនុវត្តឲ្យចំតួនាទីនិងភារកិច្ចរបស់ខ្លួន ៕

Loading...