ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ស្នើសុំក្រសួងមហាផ្ទៃ កាត់បន្ថយ ការបញ្ជូនមន្ត្រីនគរបាលជាតិ ថ្នាក់បរិញ្ញាបត្រ ជាអតិបរិមា ទៅរៀននៅក្រៅប្រទេស ដោយបង្កើនការបញ្ជូនមកសិក្សានៅបណ្ឌិត្យសភានគរបាលវិញ

(ខេត្តកណ្តាល)៖ ឯ ឧ.នាយឧត្តមសេនីយ៍ សាស្ត្រចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានស្នើសុំ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាគោលការណ៍ ដើម្បីកាត់បន្ថយជាអតិបរិមា ក្នុងចាត់បញ្ជូនមន្ត្រីនគរបាលជាតិ ចេញទៅសិក្សានៅក្រៅប្រទេស ថ្នាក់បរិញ្ញាបត្រ ខណៈដែល បណ្ឌិត្យសភានគរបាលកម្ពុជាបច្ចុប្បន្ន មានលក្ខណៈសម្បត្តិ ប្រហាក់ប្រហែលជាមួយ ប្រទេសជិតខាងរបស់យើងដែរ ។

ការស្នើសុំបែបនេះ របស់ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើឡើងក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារ បូកសរុបលទ្ធផល នៃការអនុវត្តការងារយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០១៥ ២០១៩)កាលពី ថ្ងៃទី២៧ខែ កក្កដាឆ្នាំ ២០២០ នៅបណ្ឌិត្យនគរបាលកម្ពុជា បាន ប្រព្រឹត្តទៅ ក្រោមអធិបតី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

បន្ទាប់ពី ឯ.ឧ.នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ចំពោះលទ្ធផលនៃការអនុវត្តផែនការសកម្មភាព៥ឆ្នាំ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ បណ្ឌិត្យសភានគរបាលសម្រេចបាន៨០.០៩ភាគរយ ក្នុងនោះដែរការងារបណ្ដះបណ្ដាលសម្រេចបាន២០៩វគ្គ ស្មើនឹង២០,៩៩៦នាក់ ត្រូវជា៨៦ភាគរយខណៈការងារមួយចំនួនទៀតក៏មានវឌ្ឍនភាពគួរឱ្យកត់សំគាល់។

ឯ.ឧ.នាយឧត្តមសេនីយ៍សាស្ត្រាចារ្យបានលើកឡើងថា សមិទ្ធផលដែលសម្រេចបានទាំងអស់ គឺជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញទិដ្ឋភាព៤ គឺការសម្រេចជោគជ័យតាមកម្មវិធីកំណែទម្រង់ និងផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ, ឆ្លុះបញ្ចាំងឱ្យឃើញថាបណ្ឌិត្យសភា បាន និងកំពុងអនុវត្តផែនការអភិវឌ្ឍធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិ និងពន្ធនាគារប្រកបដោយចីរភាព, អនុវត្តយ៉ាងសកម្មនូវគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងការពង្រឹកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្នុងឱកាសនោះ ឯ.ឧ.នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានស្នើសុំ សម្តេចក្រឡាហោម ស ខេង “កាត់បន្ថយ ការចាត់បញ្ជូន មន្ត្រីនគរបាលជាតិ ចេញទៅសិក្សានូវក្រៅប្រទេសថ្នាកើបរិញ្ញាបត្រ ដោយបង្កើនការបញ្ជូនមកសិក្សានៅបណ្ឌិត្យសភានគរបាលវិញ។
ដោយហេតុថា បច្ចុប្បន្នបណ្ឌិត្យសភានគរបាលកម្ពុជា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការរៀបចំផែនការដល់គ្រូបន្តវេន និង ការរៀបចំផែនការ គ្រប់គ្រងបណ្តុះបណ្តាលកងកម្លាំង ប្រហាក់ប្រហែលជាមួយប្រទេសជិតខាងរបស់យើង ដូចជា ប្រទេសថៃនិងវៀតណាមជាដើម។

ឯ.ឧ.នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បន្តថា តាមរយៈទស្សនៈកិច្ចសិក្សា ជាបន្តបន្ទាប់ ជាមួយក្រុមការងារ បណ្ឌិត្យសភានគរបាលកម្ពុជា ប្រមាណជិត២០ប្រទេស នាពេលកន្លងមក វិស័យអប់រំបណ្តុះបណ្តាល កងកម្លាំងនគរបាលជាតិ នៅតាមបណ្តោប្រទេសទាំងនោះ មានលក្ខណៈប្រហាក់ប្រហែលនិងបណ្ឌិត្យសភានគរបាលកម្ពុជាដែរ ។ ដោយគ្រាន់តែ យើងនៅខ្វះ សម្ភារៈឧបទេស មធ្យោបាយដឹកជញ្ជូន ឧបករណ៍ ដើម្បីឲ្យការសិក្សាផ្សារភ្ជាប់នឹងការអនុវត្តទ្រីស្តីជាក់ស្តែងតែប៉ុណ្ណោះ។

ក្រោយពីបានស្តាប់ របាយការណ៍សង្ខេប ក៏ដូចជា សំណូមពរផ្សេងៗ របស់ប្រធានបណ្ឌិត្យសភានគរបាលរួចមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា នេះគឺជាគោលដៅយុត្តិសាស្ត្រមួយ របស់យើងដែលសម្តេចចង់យូរមកហើយ។ ប៉ុន្តែមិនមានន័យថា យើងមិនបំបាត់ទាំងស្រុងនោះទេ។

សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា ការចាត់បញ្ជូនមន្ត្រីនគរបាលរបស់យើងទៅរៀននូវខាងក្រៅប្រទេស ដើម្បីឲ្យការយល់ដឹងនិងសមត្ថភាព មន្ត្រីរបស់យើងឲ្យវាដើរទន្ទឹមនិង ការយល់ដឹង និងសមត្ថភាពរបស់មន្ត្រីនគរបាលនៅតាមបណ្តោយប្រទេសជាមិត្ត ក៏ដូចជាសកលលោកផងដែរ។ ប៉ុន្តែការសម្រេចចិត្តជា យុត្តិសាស្ត្រមួយថា យើងត្រូវធ្វើម្ចាស់ការលើខ្លួនឯង ដើម្បីបណ្តុះបណ្តាលធនធាន
មនុស្សរបដ់យើងដែលយើងចង់បាន ដោយខ្លួនឯងនោះគឺជាសម្រេចចិត្តដ៏ត្រឹមត្រូវ ។ គឺជាគោលការយុត្តិសាស្ត្រដ៏ត្រឹមត្រូវ ដែលសម្តេចចង់បានជាយូហើយ ។ រហូតមកដល់ពេលនេះ យើងអាចចាប់ផ្តើម ចេញដំណើរបាន យើងអាចឈានទៅកាត់បន្ថយបណ្តើរៗខ្លះបានហើយ ដោយអាចកាត់ត្រឹម ៧០% ឬ ៥០% ឬ៣០% គឺយើងកាត់បន្ថយជាបន្តបន្ទាប់ ។

សម្តេចក្រឡាហោម បានចង្អុលបង្ហាញ បណ្ឌិត្យសភានគរបាលថា យើងមិនបាច់បញ្ជូនមន្ត្រីរបស់យើងទៅទេ។ ដោយយើងមានកិច្ចសហប្រតិបត្តិការណ៍ជាមួយបណ្ឌិត្យសភានគរបាលនិងក្រសួងដែលមានការពាក់ព័ន្ធ ក្នុងការគ្រប់គ្រងនគរបាលដូចគ្នា ចាត់បញ្ជូនគ្រូឧទ្ទេស មកសិក្សាស្វែងយល់ ពីគ្នាទៅវិញទៅមក ដើម្បីឲ្យយើង យល់ដឹងបន្ថែម និងក្លាយជាម្ចាស់ការលើខ្លួនឯងក្នុងការបណ្តុះបណ្តាល កងកម្លាំងរបស់យើងដោយខ្លួនឯង នេះគឺជាយុត្តិសាស្ត្រ និងជាការសម្រេចចិត្តដ៏ត្រឹមត្រូវ៕

Loading...