ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ និងលោក ភូង លីណា ប្រធានមន្ទីរបរិស្ថានកំពុងបណ្តោយឲ្យបទល្មើសព្រៃឈើកើតឡើងពេញបន្ទុក

ប្រភពពីប្រជាពលរដ្ឋនៅភូមិអូរសោម និងភូមិក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នឡដុតធ្យូងជា​ច្រើនកន្លែងក្នុងមូលដ្ឋានពួកគាត់នៅតែដំណើរការពេញបន្ទុកព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបឡើយ។

ប្រភពបានឲ្យដឹងទៀតថា ឈើដែលគេដឹកមកបម្រើសេចក្តីត្រូវការតាមឡដុតធ្យូងនោះគឺមួយផ្នែកត្រូវគេដឹកជញ្ជូនមកពីខេត្តព្រះវិហារ ហើយមួយផ្នែកកាប់ដឹកចេញពីព្រៃឈើដែលនៅសេសសល់ក្នុងស្រុកត្រពាំងប្រាសាទ។ ចំណែកលោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម ខេត្តឧត្តរមានជ័យ​​ និងលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ នាំគ្នាសម្ងំស្ងាត់ឈឹងមិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើនៅស្រុកត្រពាំងប្រាសាទ ឡើយ។

តាមការបញ្ជាក់ពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំត្រពាំងប្រាសាទ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទ និងលោក ហោ លឹម ប្រធានស្នាក់ការបរិស្ថានស្រុកត្រពាំងប្រាសាទ ទេនោះគឺឡដុតធ្យូង ជាច្រើនកន្លែងក្នុងភូមិក្រសាំង និងភូមិអូរសោម​ មិនអាចដំណើរការបានឡើយ។

ប្រភពបានឲ្យដឹងទៀតថា មានឈ្មួញធំៗជាអ្នករត់ការបង់លុយឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាប្រចាំដើម្បីឲ្យឡដុតធ្យូង ប្រព្រឹត្តទៅដោយរលូនហើយពួកគេប្រមូលទិញធ្យូង ដឹកជញ្ជូនទៅស្រុកសៀម តាមអំពើចិត្ត។ ​

ប្រជាពលរដ្ឋក្នុងឃុំត្រពាំងប្រាសាទ បានឲ្យដឹងទៀតថា បច្ចុបន្បន្នឈ្មួញជាច្រើនអ្នកនៅតែអាចដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកត្រពាំងប្រាសាទចូលទៅស្រុកអន្លង់វែង និងចេញទៅខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប យ៉ាង​រលូន។ មជ្ឈដ្ឋាននានាបានរិះគន់ចំៗថា មន្ត្រីរដ្ឋបាលព្រៃឈើ​និងមន្ត្រីបរិស្ថានព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យ គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើដែលកើតឡើង​នោះទេ ជាពិសេសលោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ និងលោក ភូង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ កំពុងបណ្តោយឲ្យបទល្មើសព្រៃឈើកើតឡើងពេញបន្ទុក៕

Loading...