ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តកំពង់ស្ពឺលើកឡើងថាអ្នកជួសជុលស្ពានព្រៃផ្តៅដែលរង ការខូចខាតនោះធ្វើអោយរួចតែពីដៃទេ

ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានផ្សព្វផ្សាយរឿងស្ពានដែក(ស្ពានបេឡេ) រងការខូចខាតពិបាកក្នុងការធ្វើដំណើរនោះ ភ្លាមៗនោះ គេឃើញមានមនុស្សមួយក្រុមធ្វើការជួសជុល។ ប៉ុន្តែ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តកំពង់ស្ពឺបានលើកឡើងថា មន្ទីរបានដាក់លូរួចហើយ មិនមានគ្រោះថ្នាក់អីទេ.! តែអ្នកទៅជួសជុលគឺជួសជុលមិនបានឆ្លងយោបល់មន្ត្រីជំនាញហើយធ្វើឱ្យរួចតែពីដៃតែប៉ុណ្ណោះ។

ការលើកឡើងយ៉ាងដូច្នេះគឺធ្វើឡើងក្រោយពីមានការចុះផ្សាយរបស់កាលពីពេលកន្លងទៅដោយបានបញ្ជាក់ថាស្ពានមួយកន្លែងស្ថិតនៅក្នុងភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកំពុងរងការបាក់ស្រុតចំកណ្តាលស្ពាន ពលរដ្ឋរអ៊ូរទាំ និងសម្តែងក្តីបារម្ភពីគ្រោះថ្នាក់ដែលនឹងអាចកើតមានជាយថាហេតុ ខណៈធ្វើដំណើរឆ្លងកាត់ស្ពាននេះ ពិសេសនៅពេលយប់។

ឆ្លើយតបនិងការចុះផ្សាយនេះលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តកំពង់ស្ពឺបានលើកឡើងតាមប្រពន្ធ័អេឡិចត្រូនិចថា គ្មានអ្វីដែលមន្ទីរមិនដឹងនោះទេ ក្រោយខូចមន្ទីរបានយកលូទៅដាក់ការពារគ្រោះថ្នាក់រួចហើយនិងក៏បានដាក់កូនចៅទៅធ្វើចរាចរថែមទៀតផង តែអ្នកចេញមុខធ្វើអត់ឆ្លងយោបល់ហើយជួសជុលអត់សួរមន្ត្រីថ្នាក់ក្រោម ធ្វើហើយទៅបាត់ទុកឱ្យមន្ទីរទទួលរងថ្មបាក់។មួយវិញទៀតអ្នកសារព័ត៌មានក៏គួរមើលដែរ មន្ទីរមិនមែនដេកស្ងៀមទេគឺខំប្រឹងណាស់កន្លែងខ្លះឆ្លើយតបទាន់និងកន្លែងខ្លះក៏ឆ្លើយតបមិនទាន់ ។

លោក ញ៉ាញ់ ជាបហ៊ង បានបញ្ជាក់បន្ថែមថា មន្ទីរបានរៀបចំគម្រោងរួចហើយក្នុងការសាងសង់ស្ពាននេះឡើងវិញនៅក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរដោយរើស្ពានចាស់ចោលហើយសាងសង់ឡើងវិញជាស្ពានបេតុងដែលចំណាយកញ្ចប់ថវិកាកែច្នៃ។

លើកឡើងតាមរយៈសារអេឡិចត្រូនិចរបស់លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តកំពង់ស្ពឺជុំវិញស្ថានភាពស្ពានទ្រុឌទ្រោមបាក់ស្រុតបង្ករហានិភ័យគ្រោះថ្នាក់ដល់ពលរដ្ឋនិងជុំវិញនៃការជួសជុល សាងសង់ស្ពានខាងលើនេះ ហាក់បានបង្ហាញពីភាពមិនប្រក្រតី ចម្រូងចម្រាស់និងផលប្រយោជន៍។

ដោយមានការលើកឡើងយ៉ាងដូច្នេះពីសំណាក់ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្ត បងប្អូនប្រជាពលរដ្ឋដែលធ្វើឆ្លងកាត់ស្ពានទ្រុឌទ្រោមខាងលើបានសម្តែងការសាទរនិងរងចាំទទួលដោយអន្ទះសារនូវសមិទ្ធិផលថ្មីដែលនិងលេចរូបរាងក្រោយថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។

សូមបញ្ជាក់ផងដែរថាដោយសម្លឹងឃើញពីសញ្ញាគ្រោះថ្នាក់ជាយថាហេតុរបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានទ្រុឌទ្រោមខាងលើមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺបានយកស្លាកសញ្ញាទៅដាក់ចុងនិងដើមស្ពានដើម្បីបញ្ជាក់ពីចំនុចគ្រោះថ្នាក់និងបានជួសជុលសម្រួលចរាចរណ៍បណ្តោះអាសន្នរហូតដល់មានចំណាត់ថ្មីពីមន្ទីរជំនាញធនធានទឹកនិងឧត្តុនិយម៕

Loading...