ប្រធានមន្ទីររ៉ែនិងថាមពលខេត្តរតនគិរី មិនខ្វល់រឿងឈ្មួញរ៉ែមាសខុសច្បាប់

ខេត្តរតនគិរី៖ករណីក្រុមហ៊ុនឆាយលីហៀង យកលេសធ្វើការដ្ឋានបូមខ្សាច់បូមក្រួសទៅធ្វើអាជីវកម្មបូមរ៉ែមាស នោះ កំពុងធ្វើឲ្យប្រជាពលរដ្ឋនៅភូមិដាល ឃុំញ៉ាង ស្រុកអណ្ដូងមាស ប្រតិកម្មយ៉ាងខ្លាំងព្រោះក្រុមហ៊ុននេះធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ។ ទាក់ទងនឹងបញ្ហានេះ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានរិះគន់ថា បើគ្មានការបើកដៃពីលោក ហ៊ុន ប៊ុនថាន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តរតនគិរីទេនោះ គឺក្រុមហ៊ុនឆាយលីហៀង មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។ ជាងនេះទៅទៀតមន្ត្រីអាជ្ញាធរឃុំញ៉ាង និងមន្ត្រីអាជ្ញាធរស្រុកអណ្ដូងមាស ក៏អាចជាប់ពាក់ព័ន្ធផលប្រយោជន៍ជាមួយក្រុមហ៊ុនឆាយលីហៀង ទើបនាំគ្នារក្សាភាពស្ងប់ស្ងាត់។
ប្រភពពីប្រជាពលរដ្ឋនៅភូមិដាល បានឲ្យដឹងថាក្រុមហ៊ុនឆាយលីហៀង បានឈូសឆាយច្រាំងទន្លេសេសាន ដើម្បីធ្វើការដ្ឋានបូមខ្សាច់នៅចំណុចកោះខ្យង តែត្រូវផ្អាកទៅវិញដោយសារតែសកម្មភាពឈូសឆាយនោះ គ្មានច្បាប់អនុញ្ញាត។ ប្រជាពលរដ្ឋក្នុងភូមិដាល ដែលភាគច្រើនជាជនជាតិចារ៉ាយ បានឲ្យដឹងថា ក្រុមហ៊ុននោះមានចេតនាយកលេសធ្វើការដ្ឋានបូមខ្សាច់ដើម្បីបូមយក រ៉ែមាសទៅតាមគម្រោងរបស់ខ្លួន។ ដោយសារបានដឹងពីល្បិចកលរបស់ក្រុមហ៊ុនឆាយលីហៀង ទើបពួកគាត់តវ៉ាចាត់វិធានការទប់ស្កាត់ព្រោះចំណុចកោះខ្យង គឺជាតំបន់ដែលជនជាតិដើមភាគតិចារ៉ាយធ្វើអាជីវកម្មរ៉ែមាសជា លក្ខណៈគ្រួសាររាប់សិបឆ្នាំមកហើយ។ ការតវ៉ារបស់ជនជាតិដើមភាគតិចចារ៉ាយដោយសារតែពួកគាត់មើលឃើញថា ឧបករណ៍ដែលក្រុមហ៊ុនឆាយលីហៀង យកមកឈូសឆាយធ្វើការដ្ឋានបូមខ្សាច់ការពិតគឺជាឧបករណ៍សម្រាប់ធ្វើ អាជីវកម្មរ៉ែមាស។
ទាក់ទងបញ្ហាខាងលើនេះ អភិបាលស្ដីទីស្រុកអណ្ដូងមាស លោក ផាត់ សម្បត្តិ បាននិយាយការពារផលប្រយោជន៍ក្រុមហ៊ុនឆាយលីហៀង ដោយអះអាងថា ការឈូសឆាយធ្វើការដ្ឋានបូមខ្សាច់ គឺខុសពីទីតាំងដែលប្រជាពលរដ្ឋរែងមាសមិនមែនដូចប្រជាពលរដ្ឋអះអាង នោះទេ។ ប៉ុន្តែជនជាតិដើមភាគតិចចារ៉ាយក្នុងភូមិដាល បានឲ្យដឹងថា សកម្មភាពឈូសឆាយច្រាំងទន្លេសេសាន ចំណុចកោះខ្យងនោះ គឺជាទីតាំងដែលពួកគាត់ធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសារច្រើន ជំនាន់មកហើយ។ មន្ត្រីរាជការនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានអំពាវនាវឲ្យក្រសួងរ៉ែនិងថាមពល ចាត់វិធានការទប់ស្កាត់គម្រោងអាជីវកម្មបូមខ្សាច់របស់ក្រុមហ៊ុនឆាយលី ហៀង ជាបន្ទាន់ព្រោះមិនទាន់ទទួលបានអាជ្ញាប័ណ្ណពីក្រសួងផង ក្រុមហ៊ុននេះហ៊ានឈូសឆាយច្រាំងទន្លេនិងដាក់ឧបករណ៍បូមយករ៉ែមាស យ៉ាងគឃ្លើនបំផុត៕

a

b

c

Loading...

Leave a Reply

Your email address will not be published. Required fields are marked *