ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារបានចាត់ក្រុមបច្ចេកទេសចុះជួសជុលកំណាត់ផ្លូវជាច្រើនខ្សែក្រោយការកាត់ផ្តាច់ពីចម្រោះទឹកភ្លៀងនារដូវវស្សាកន្លងទៅនេះ

ខេត្តព្រះវិហារ៖ កំណាត់ផ្លូវជាតិ និងផ្លូវក្រាលគ្រួសក្រហមជាច្រើនខ្សែ មានរាប់សិបគីឡូម៉ែត្រ ត្រូវបានក្រុមបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាន និងកំពុងចុះជួលជុល ដោយចាក់ក្រាលកៅស៊ូ កៀរសម្រួល និងថែទាំដោយកាត់ស្មៅដែលដុះនៅអមសងខាងផ្លូវនោះឡើងវិញ នៅបន្ទាប់ពីបានរងការខូចខាតជាអន្លើរៗ ដោយសារចម្រោះទឹកភ្លៀងហូរកាត់ផ្តាច់ កាលពីច្រើនខែនៅក្នុងរដូវវស្សា ដែលទើបកន្លងទៅថ្មីៗនេះ ។

ការចុះជួសជុលផ្លូវជាតិ ផ្លូវគ្រាលគ្រួសក្រហម និងការថែទាំជាប្រចាំ កាត់ស្មៅដោយប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិនោះ គឺក្រុមការងារមន្ទីរសាធារណការខេត្ត បានអនុវត្តនៅក្រោយរដូវភ្លៀងធ្លាក់ជោគជាំ ដោយចាប់ផ្តើមតាំងពីថ្ងៃ២៦តុលា២០១៧ រហូតមកទល់នឹងថ្ងៃ១០វិច្ឆិកា២០១៧នេះ ក៏នៅមិនទាន់បានបញ្ចប់សកម្មភាព ថែទាំផ្លូវទាំងនោះនៅឡើយទេ ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានថ្លែងឲ្យដឹង នៅថ្ងៃ១០វិច្ឆិកានេះថា កាលពីនៅក្នុងរដូវវស្សាភ្លៀងធ្លាក់ជោគជាំ ទឹកជំនន់ដែលបង្កពីទឹកភ្លៀងនោះ បានហូរច្រោះកាត់ផ្តាច់កំណាត់ផ្លូវជាច្រើនខ្សែ មានរាប់សិបគីឡូម៉ែត្រ ក្នុងនោះមានផ្លូវជាតិលេខ៦២ ផ្លូវជាតិលេខ៩២ ផ្លូវជាតិលេខ៩៥ អតីតផ្លូវខេត្តលេខ២១៣ តភ្ជាប់ចេញពីស្រុកឆែប មកស្រុករវៀងមានប្រវែង៨៦គីឡូម៉ែត្រ និងផ្លូវក្រាលគ្រួសក្រហមលេខ៩៤ តភ្ជាប់ពីផ្លូវជាតិលេខ៩ ស្ថិតក្នុងស្រុកឆែប ឆ្ពោះមកកាន់ឃុំកំពង់ស្រឡៅ ជាប់ទល់ដែនឡាវ និងលុបបំបាត់សំបុកមាន់ ស្នាមស្រុតប៉ោង និងកាត់ស្មៅសម្អាតរុក្ខជាតិដែលដុះអមសងខាងផ្លូវ ដោយម៉ាស៊ីនស្វ័យប្រវត្តិ នៅលើកំណាត់ផ្លូវជាច្រើនខ្សែទៀត នៅក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ។

លោក សំ លាងទ្រី បានបន្តទៀតថា សកម្មភាពចុះជួសជុល និងថែទាំទាំងផ្លូវជាតិ និងផ្លូវក្រាលគ្រួសក្រហម នៅក្នុងភូមិសាស្ត្រខេត្ត ចាប់តាំងពីថ្ងៃ២៦តុលា២០១៧ រហូតមកទល់នឹងថ្ងៃ១០វិច្ឆិកា២០១៧នេះ មន្ត្រីថែទាំផ្លូវ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សំរេចបានប្រមាណជាង៥០គីឡូម៉ែត្រហើយ និងនៅខណៈនេះ ក្រុមការងារមន្ទីរ កំពុងសម្រុកកៀរសម្រួលផ្លូវដែលរងការដាច់ ប្រេះបែក ដោយសាររថយន្តដឹកទំនិញបើកឆ្លងកាត់ ពិសេស រងការខូចខាត ដោយសារចម្រោះទឹកភ្លៀងហូរកាត់ នារដូវវស្សាកន្លងមកនេះ ។ លោកថា ជាជំហានបន្ទាប់មកទៀតនេះ ក្រុមការងារបច្ចកទេសថែទាំងផ្លូវ នឹងបន្តចុះទៅកាន់ផ្លូវជាតិលេខ៩៥ អតីតផ្លូវខេត្តលេខ២១៣ ដែលមានប្រវែង៨៦គីឡូម៉ែត្រ តភ្ជាប់ពីស្រុកឆែប ឆ្ពោះមកកាន់ស្រុកជ័យសែន និងស្រុករវៀង ដើម្បីធ្វើការកៀរសម្រួល ថែទាំ និងកាត់ស្មៅនៅទីនោះ ហើយផ្លូវដែលនៅមិនទាន់ចាក់ក្រាលកៅស៊ូនោះ គឺមានជាង២២គីឡូម៉ែត្រទៀត ក្រុមការងារមន្ទីរនឹងធ្វើការជួសជុល និងចាក់ក្រាលកៅស៊ូបន្ថែម ធ្វើឡើងតាមបែបជំហានគីង្គក់ ដោយ១ឆ្នាំចាក់ក្រាលកៅស៊ូ មានពី២ទៅ៣គីឡូម៉ែត្រ ទៅតាមគោលការណ៍ក្រសួង ដែលបានកំណត់។

លោកប្រធានមន្ទីរសាធារណការខេត្ត បានបញ្ជាក់ថា កិច្ចការទាំងអស់នេះ គឺជាភារកិច្ចចម្បង និងការទទួលខុសត្រូវ ក្នុងការងារថែទាំផ្លូវថ្នល់ជាប្រចាំ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋទូទៅ ប្រកបដោយសុវត្ថិភាពខ្ពស់ បញ្ជៀសបានពីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ពីការប្រើប្រាស់ទ្រូងផ្លូវនោះ ។ លោកបានអំពាវនាវដល់អ្នកប្រើប្រាស់ទ្រូងផ្លូវទាំងអស់ ឲ្យចូលរួមថែទាំផ្លូវថ្នល់ទាំងអស់គ្នា សូមដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីធ្វើផ្លូវថ្នល់នៅជាប់បានយូរ និងជៀសវាងការចំណាយថវិកាជាតិច្រើន នោះថែមទៀត ៕

Loading...