ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ដឹកនាំមន្ត្រីជំនាញចុះចាប់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសកាត់ទ្រុង ដើម្បីកាត់បន្ថយការដឹកលើសទម្ងន់បំផ្លាញផ្លូវ និងស្ពាន

ខេត្តព្រះវិហារ៖ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ដឹកនាំមន្ត្រីជំនាញចុះចាប់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសកាត់ទ្រុង ដើម្បីកាត់បន្ថយការដឹកលើសទម្ងន់បំផ្លាញផ្លូវ និងស្ពាន។ រថយន្តកាមីញ៉ុងធំៗ តទ្រុងវែងៗ និងខ្ពស់ៗ ផ្ទុកលើសទម្ងន់កំរិតកំណត់នោះ ត្រូវគេឃើញថា នៅតែមានធ្វើចរាចរណ៍ជាដដែល បើទោះជាក្រសួងសាធារណៈការបានប្រកាសឲ្យ បញ្ឈប់ការធ្វើចរាចរណ៍ និងបានបើកយុទ្ធនាការ ចុះឃាត់រថយន្តទាំងនោះផាកពិន័យ និងកាត់ទ្រុង ឲ្យត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេសដើមវិញ ជាញឹកញាប់រួចមកហើយយ៉ាងណាក្តី ។

នៅរយះពេលពីរថ្ងៃបន្តបន្ទាប់គ្នាមកនេះ គឺនៅថ្ងៃ៦ធ្នូ ដល់ថ្ងៃ៧ធ្នូ២០១៧ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក សំ លាងទ្រី បានដឹកនាំមន្ត្រីជំនាញ ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅកាន់កំណាត់ផ្លូវជាតិលេខ ៦២ ក្នុងភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ចាំឃាត់រថយន្តដែលកែច្នៃខុសពីលក្ខណៈដើមកាត់ទ្រុង ដើម្បីធានានិរន្តរភាពផ្លូវជាតិ និងស្ពានឲ្យជាប់នៅបានយូរ ។

នៅក្នុងយុទ្ធនាការពីរថ្ងៃកន្លងមកនេះ ក្រុមមន្ត្រីបច្ចេក ទេសរបស់មន្ទីរ ឃាត់បានរថយន្ត១គ្រឿង ដើម្បីកាត់ទ្រុង ទុកជាការព្រមានដល់ម្ចាស់រថយន្តនេះ ដោយតម្រូវឲ្យបញ្ឈប់ការកែច្នៃខុសតាមការកំណត់ ដែលមានចែងក្នុងច្បាប់ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ។ ក្រោយការឃាត់ត្រួតពិនិត្យនោះរួចមក មន្ត្រីបច្ចេកទេសបានរកឃើញថា រថយន្តនេះបានតទ្រុងលើសរហូតដល់កម្ពស់ និងលើសបណ្តោយ។

ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានប្រាប់ឲ្យដឹងថា ការបន្ថែម ឬតទ្រុងរថយន្តដែលខុសលក្ខណៈបច្ចេកទេសនេះ គឺដើម្បីធ្វើឲ្យរថយន្តផ្ទុកទំនិញបានច្រើន ប៉ុន្តែ វាបានបង្កឲ្យផ្លូវ និងស្ពានរងការខូចខាត និងអាចបង្កការគ្រោះថ្នាក់ ដល់អ្នកប្រើប្រាស់ទ្រូងផ្លូវនោះថែមទៀត ។

លោកថា លោកបានខិតខំអនុវត្តន៍តាមការណែនាំរបស់ថ្នាក់លើ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានធ្វើការបង្ក្រាបចំពោះរថយន្តណា ដែលតទ្រុងខុសបច្ចេកទេស ផ្ទុយពីច្បាប់ កំណត់ ដែលបើកបរឆ្លងកាត់ក្នុងភូមិសាស្រ្ត នៅទូទាំងខេត្តព្រះវិហារនេះ ឲ្យខានតែបាន។ លោក សំ លាងទ្រី បានបញ្ជាក់ថា នៅរយះកាលកន្លងមក មន្ទីរ រួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្លាប់បានចុះធ្វើការអប់រំ និងផ្សព្វផ្សាយ ដល់អ្នកប្រើប្រាស់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ហើយបានព្រមានថា ប្រសិនបើម្ចាស់រថយន្ត នៅតែមិនអនុវត្តតាមការ ណែនាំនោះទៀត នោះក្រុមការងារនឹងចាត់វិធានការក្តៅ ដើម្បីចាប់រថយន្តល្មើសច្បាប់ទាំងនោះយកមកកាត់ទ្រុង ដោយមិនមានការលើកលែងនោះឡើយ ។

លោកបញ្ជាក់ទៀតថា ការអនុវត្តបែបនេះ គឺដើម្បីការពារនូវការខូចខាតផ្លូវថ្នល់ បាក់ស្ពាន និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ផងនោះដែរ ។

លោកបានអំពាវនាវ ដល់អ្នកប្រើប្រាស់យានយន្ត និងទ្រូងផ្លូវទាំងអស់ ឲ្យចូលរួមលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីធានាដល់អាយុជីវិតយើងទាំងអស់គ្នា ៕

Loading...