ប្រធានរដ្ឋវៀតណាមចុះត្រួតពិនិត្យការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងជំងឺរាលដាល កូវីដ-១៩ នៅមន្ទីរពេទ្យសួតដាណាង

នាព្រឹកថ្ងៃទី ៣០ ខែមេសា ប្រធានាធិបតីវៀតណាម លោក ង្វៀង ស្វឹងភុក (Nguyễn Xuân Phúc) បានចុះត្រួតពិនិត្យ ការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងរាលដាល Covid-19 នៅមន្ទីរពេទ្យសួត ដាណាង ទីក្រុងដាណាង ។ អមដំណើរគណៈប្រតិភូនោះ រួមមានលោកអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល Nguyễn Trường Sơn ផងដែរ ។ នេះបើតាមការផ្សាយរបស់ភ្នាក់ងារព័ត៌មាន Nhân dân điện từ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ។

រាយការណ៍ជូនលោកប្រធានរដ្ឋវៀតណាម ដោយលោកវេជ្ជបណ្ឌិត ឡេ ថាញ់ភុក (Lê Thành Phúc) ប្រធានមន្ទីរពេទ្យសួត ដាណាង បានមានប្រសាសន៍ថា មន្ទីរពេទ្យនេះ កំពុងតាមដានអ្នកជំងឺកូវីដ-១៩ ចំនួន៥៨នាក់ ។ អ្នកជំងឺទាំងអស់នោះ សុទ្ធតែជាអ្នកនាំចូលមកកាន់ទីក្រុងដាណាង។ ក្នុងចំណោមអ្នកជំងឺទាំងនោះ១៤នាក់ មានការធ្វើតេស្តិ៍អវិជ្ជមានចំនួន ៣លើក គឺពុំមានផ្ទុកវីរុស SARS-CoV-2 នោះទេ ។ ចំណែកអ្នកជំងឺចំនួន៤៤នាក់ទៀត គឺមានជំងឺចំនួន១០នាក់បានរកឃើញអវិជ្ជមានជាលើកទី១ ។

លោកវេជ្ជបណ្ឌិត ឡេ ថាញ់ភុក បានមានប្រសាសន៍ថា មន្ទីរពេទ្យសួតមានឧបករណ៍វេជ្ជសាស្ត្រគ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺជំងឺ Covid-19 រួមទាំងករណីអ្នកជំងឺដែលធ្ងន់ធ្ងរផងដែរ ដោយមានការគាំពារពីសំណាក់គ្រូពេទ្យ និងវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យដាណាងនេះ ។ យោងទៅតាមវេជ្ជបណ្ឌិត ភូក កាលពីថ្ងៃទី ២៩ ខែមេសា មន្ទីរពេទ្យបានយកសំណាកធ្វើតេស្តិ៍ទៅលើបុគ្គលិកនៅក្នុងមន្ទីរពេទ្យទាំងអស់ ហើយលទ្ធផលគឺអវិជ្ជមានជំងឺ SARS-CoV-2 ។

យោងតាមលោក ឡេ ទ្រុងជិន (Lê Trung Chinh) ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាណាងឲ្យដឹងថា បច្ចុប្បន្ន ចំនួនភ្ញៀវទេសចរ ដែលធ្វើដំណើរមកកាន់ទីក្រុងដាណាង ដើម្បីកម្សាន្តក្នុងឱកាសបុណ្យថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ១ ឧសភា មានចំនួនច្រើនគួរសម គឺមានភ្ញៀវទេសចរជិត ១៣ ម៉ឺននាក់ ។ ប្រឈមមុខនឹងជំងឺឆ្លងរាលដាលដ៏ស្មុគស្មាញ គឺជំងឺ Covid-19 នោះ រដ្ឋបាលទីក្រុងដាណាងបានសម្រេចបញ្ឈប់រាល់ព្រឹត្តិការណ៍ប្រមូលផ្តុំធំដុំទាំងឡាយ ។ ទីក្រុងដាណាងតែងតែអនុវត្តយ៉ាងតឹងរឹងវិធានការរក្សាគម្លាតគ្នាអ្នកចំណូលថ្មី ។ បច្ចុប្បន្ន ទីក្រុងដាណាងមានផែនការបំរុងទុកផលិតផលជីវសាស្រ្ត និងឧបករណ៍វេជ្ជសាស្ត្រ ដើម្បីត្រៀមសំរាប់គ្រប់ស្ថានភាពទាំងអស់ នៅពេលមានការឆ្លងរាលដាលពីជំងឺរាតត្បាត កូវីដ-១៩កើតឡើង ។

ថ្លែងអំពីករណីអ្នកជំងឺ ២ ៨៩៩​នាក់ (ពលរដ្ឋនៅខេត្តហាណាម (Hà Nam) ដែលចូលមកពីប្រទេសជប៉ុន និងត្រូវបានដាក់ឲ្យនៅដោយឡែក ក្នុងទីក្រុងដាណាង)នោះ, លោក ជិន បានបញ្ជាក់ថា វិស័យសុខាភិបាល និងវិស័យផ្សេងទៀតបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានដាក់ឲ្យពួកគេនៅដោយឡែករយៈពេល ១៤ ថ្ងៃ ហើយបានធ្វើតេស្តិ៍ចំនួន៣លើក គឺសុទ្ធតែអវិជ្ជមានវីរុស SARS-CoV-2 ។ តាមក្បួន អ្នកជំងឺនេះ បន្ទាប់ពីបញ្ចប់ភាពនៅដាច់ដោយឡែកនៅដាណាង រួចហើយ ត្រូវតែវិលត្រឡប់ទៅកាន់មូលដ្ឋានរបស់ពួកគេវិញ ហើយបន្តរស់នៅដោយឡែកតែឯងនៅក្នុងផ្ទះរបស់ពួកគេ រយៈពេល ១៤ ថ្ងៃទៀត ។ លោក ឡេ ទ្រុងជិន បានបញ្ជាក់ថា ទីក្រុងដាណាងបានអនុវត្តតាមនីតិវិធីត្រឹមត្រូវ ហើយបានស្នើសុំឱ្យក្រសួងសុខាភិបាល សិក្សា និងមានទិសដៅទូទៅលើឯកោភាពនៅក្នុងផ្ទះរយៈពេល ១៤ ថ្ងៃទៀត បន្ទាប់ពីការបញ្ចប់ភាពឯកោខាងវេជ្ជសាស្ត្ររបស់អ្នកជំងឺ ។

ថ្លែងបន្ថែមអំពីករណីខាងលើ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល ង្វៀន ទ្រឿង សឺន (Nguyễn Trường Sơn) បានថ្លែងថា បន្ទាប់ពីឧប្បត្តិហេតុនេះ ក្រសួងនឹងមានការប្រជុំវាយតម្លៃ ហើយផ្តល់អនុសាសន៍ដល់ថ្នាក់មូលដ្ឋានដើម្បីអនុវត្តឲ្យបានហ្មឹងម៉ាត់នូវបទប្បញ្ញត្តិ ស្តីពីវិធានការការពារ បង្ការ ឯកោភាព និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានថ្លែងថា នាពេលបច្ចុប្បន្ន ជំងឺរាតត្បាតនៅលើពិភពលោកមានសភាពស្មុគស្មាញ ។ ប្រទេសរបស់យើងមានព្រំប្រទល់ជាប់នឹងប្រទេសដែលមានជំងឺរាតត្បាតច្រើន ហើយរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅជាមួយពិភពលោក ដូច្នេះហានិភ័យនៃការឆ្លងរាលដាលជំងឺឆ្លងគឺខ្ពស់ណាស់ ។ លោកប្រធានាធិបតីបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតរបស់ខេត្តដាណាង ជាពិសេស និងនៅទូទាំងប្រទេស ក្នុងរយៈកាលចុងក្រោយថ្មីៗនេះ ។ លោកប្រធានរដ្ឋ បានថ្លែងស្វាគមន៍ដល់អាជ្ញាធរទីក្រុងដាណាង បានបញ្ឈប់សកម្មភាពយ៉ាងសកម្ម របស់ពលរដ្ឋដែលប្រមូលផ្តុំគ្នា ហើយណែនាំឲ្យគោរពយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិ ៥កុំ ដើម្បីការពារ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ ។

ដោយរំលឹកពីស្មារតីប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ដូចទៅនឹងការប្រយុទ្ធប្រឆាំងជាមួយសត្រូវ និងបទពិសោធន៍ប្រឆាំងរលករីករាលដាលជំងឺ ដែលទទួលបានជោគជ័យនាពេលកន្លងមក, លោកប្រធានាធិបតី Nguyen Xuan Phuc បានស្នើឱ្យក្រសួងសុខាភិបាល ទីក្រុងដាណាង ត្រូវផ្តោតលើការទប់ស្កាត់ការរីករាលដាលប្រកបដោយស្មារតីទទួលខុសត្រូវ និងគ្រប់គ្រងឲ្យបានម៉ឺងម៉ាត់បំផុត កាត់បន្ថយជនចំណូលថ្មី ។ ស្មារតីការពារគឺរឿងសំខាន់ ។ ប្រសិនបើមានករណីសង្ស័យនោះ ចាំបាច់ត្រូវតែតាមដានឲ្យឆាប់រហ័ស ការយកសំណាក ដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា លុបបំបាត់ចោលឲ្យខាងតែបានការឆ្លងរីករាលដាល ហើយត្រៀមខ្លួនឆ្លើយតបយ៉ាងសកម្មចំពោះរាល់ស្ថានភាពទាំងឡាយ ដើម្បីប្រឆាំងទប់ស្កាត់ការរីករាលដាល ដូចកាលពីពេលមុន យើងសម្រេចបានយ៉ាងល្អប្រសើរនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងរាលដាលនេះ ។

លោកប្រធានាធិបតី Nguyen Xuan Phuc បានកត់សម្គាល់ថា ទីក្រុងដាណាងគឺជាមជ្ឈមណ្ឌលទេសចរណ៍របស់ប្រទេសវៀតណាម ដែលមានជើងហោះហើររាប់រយជើងចេញ ចូលមកកាន់ទីក្រុងដាណាងរៀងរាល់ថ្ងៃ ដូច្នេះទីក្រុងនេះត្រូវតែផ្តោតលើការគ្រប់គ្រងជនចំណូលថ្មី ។

លោកប្រធានាធិបតីបានកត់សម្គាល់ថា ក្រសួងសុខាភិបាល និងថ្នាក់មូលដ្ឋាន គួរបន្ថែមការអនុវត្ត៥កុំឲ្យបានតឹងរឹង និងបន្ថែម១កុំទៀតនោះ គឺគ្មានការលួចចូលដោយខុសច្បាប់ និងការប្រកាសរបស់វេជ្ជសាស្ត្រមិនច្បាស់លាស់នោះទេ ។ ទីក្រុងដាណាងនិងក្រសួងសុខាភិបាល ចាំបាច់ត្រូវបន្ថែមចំនួនវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជនក្នុងទ្រង់ទ្រាយធំ ដើម្បីបង្ការ ការរីករាលដាលជំងឺរាតត្បាតនេះ ។ ក្រសួងសុខាភិបាលចាំបាច់ត្រូវបន្តនាំចូលប្រភពវ៉ាក់សាំងបន្ថែមទៀត ដើម្បីធានាថា ការចាក់វ៉ាក់សាំងប្រឆាំងនឹងការរាតត្បាត Covid-19 គឺបានចំនួនច្រើន ។

ប្រធានរដ្ឋរូបនេះបានសង្កត់ធ្ងន់ថា យើងបានធ្វើ និងចាំបាច់ត្រូវតែធ្វើឲ្យកាន់តែសកម្មថែមទៀត” ។ មានតែការកំណត់តំបន់ឲ្យបានលឿន, ទប់ស្កាត់ឲ្យបានឆាប់រហ័ស និងអនុវត្តឲ្យបានមុនទេ ទើបអាចដោះស្រាយបានការរីករាលដាលជំងឺកាចសាហាវនេះ ។ នេះក៏ជាបទពិសោធន៍ដ៏មានតម្លៃដែលប្រទេសនានាបានស្រាវជ្រាវពីប្រទេសវៀតណាម ដោយអនុវត្តបច្ចេកវិទ្យាតាមដានឆាប់រហ័ស។ ដើម្បីធ្វើដូចនេះ ប្រព័ន្ធសុខាភិបាល ត្រូវតែត្រៀមគ្រប់ពេលវេលា ។ សូមណែនាំ ដល់អាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយជូនដល់ប្រជាជនគ្រប់រូប គ្រប់គ្រឹះស្ថាន កន្លែងស្នាក់នៅ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវការការពារ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩នេះ ។ យើងត្រូវតែប្រឹងប្រែងបន្ថែមទៀតដើម្បីសម្រេចបានគោលដៅបន្ទាប់” ។

លោក Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះបុគ្គលិកសុខាភិបាលទាំងអស់ ដែលជាទាហានស្លៀកពាក់សនៅលើសមរភូមិ ប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត កូវីដ-១៩នេះ ដើម្បីធានាបាននូវសុខភាព សុវត្ថិភាពរបស់ប្រជាជនទាំងមូល ។ លោកប្រធានាធិបតីបានស្នើដល់រដ្ឋាភិបាលទីក្រុងដាណាង ឱ្យមានគោលនយោបាយគាំទ្រ និងលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាលផងដែរ ហើយថា មិនយូរប៉ុន្មានទៀតទេ ក្រសួងសុខាភិបាល នឹងវិនិយោគក្នុងការកសាងមន្ទីរពេទ្យតំបន់ត្រូពិកមួយ នៅក្នុងទីក្រុងដាណាងនេះ ៕ ប្រែសម្រួលដោយ៖ ថាច់ យ៉ាត

Loading...