ប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ បានជួយសង់ផ្ទះ៣ខ្នង និងចំណាយថវិកាជិត៦០លានរៀល ជូនគ្រួសារអតីតយុទ្ធជន ដែលបានពលី ពិការ កាលពីក្នុងសម័យសង្គ្រាម

ខេត្តព្រះវិហារ៖ បើទោះបីជាសង្គ្រាមបានបញ្ចប់ទៅហើយក្តី ប៉ុន្តែ សោកនាដ្ឋកម្មដែលបានបន្សល់ទុក ពីភ្នក់ភ្លើងសង្គ្រាមនោះ ត្រូវគេមើលឃើញថា ក្រៅពីស្ថាប័នជាតិ មានសាសនា សេដ្ឋកិច្ច វប្បធម៌ ទេសចរ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានាច្រើនទៀតនោះ សង្គ្រាមក៏នៅបានបន្សល់ទុកនូវស្ត្រីមេម៉ាយ កុមារកំព្រា និងជនពិការយ៉ាងច្រើនក្រាស់ក្រែល ហើយវិបត្តិដ៏ធ្ងន់ធ្ងរទាំងនោះ បានធ្លាក់មកលើ រាជរដ្ឋាភិបាល ជាអ្នកដោះស្រាយ។

នៅថ្ងៃអាទិត្យ ទី១១មីនា២០១៨ ម្សិលមិញនេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្ត្រា បានដឹកនាំក្រុមការងារសមាគម ខេត្ត ក្រុង និងស្រុក ដោយមានការចូលរួមពី អាជ្ញាធរមូលដ្ឋានជាង១០០នាក់ បានចុះជួយសង់ផ្ទះ១ខ្នង ជូនគ្រួសារអតីតយុទ្ធជន១គ្រួសារ ដោយចំណាយថវិកាអស់ ៩លាន ៨សែនរៀល។

ប្រធាន សមាគមអតីតយុទ្ធជន កម្ពុជា ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា ផ្ទះ១ខ្នងដែលបានសង់ជូនគ្រួសារអតីតយុទ្ធជននៅពេលនេះ គឺសង់ឡើងក្នុងទំហំទទឹង៦ម៉ែត្រ និងបណ្តោយ៨ម៉ែត្រ ធ្វើពីឈើ ជញ្ជាំងបាំងក្តា និងដំបូលប្រក់ស័ង្កសី ផ្ទះ១ខ្នងនេះបានចំណាយថវិកាអស់ ៩លាន ៨សែនរៀល ក្រោមការចូលរួមបរិច្ចាគ របស់អង្គភាពសឹករងខេត្តព្រះវិហារ ៤លាន ៨សែនរៀល ផ្នែកសឹករងក្រុងព្រះវិហារ ៤លាន ៤សែន ៧ម៉ឺនរៀល សាលាក្រុងព្រះវិហារ ជួយស័ង្កសី១០សន្លឹក គិតជាទឹកប្រាក់១៥ម៉ឺនរៀល អង្គភាពអាវុធហត្ថក្រុងព្រះវិហារ ជួយស័ង្កសី១០សន្លឹក មានតម្លៃទឹកប្រាក់១៥ម៉ឺនរៀល អធិការដ្ឋាននគរបាលក្រុងព្រះវិហារ ជួយស័ង្កសី១០សន្លឹក ស្មើនឹងថវិកា ១៥ម៉ឺនរៀល សាលាសង្កាត់ប៉ាលហាល ជួយដែកគោល២សុង មានតម្លៃទឹកប្រាក់៤ម៉ឺនរៀល និងថវិកា៤ម៉ឺនរៀលទៀត ជារបស់លោក ប៉ុក ងួន ពលរដ្ឋក្រុងព្រះវិហារ។ លោកថា ថវិកាទាំងជិត១០លានរៀល ដែលបានមកពីការចូលរួមរបស់សប្បុរសជននោះ បានយកសង់ផ្ទះជូនអតីតយុទ្ធជន ឈ្មោះ ជុំ អោម អាយុ ៨២ឆ្នាំ ជាជនពិការ និងប្រពន្ធឈ្មោះ ហេង រ៉េម រស់នៅភូមិប៉ាលហាល សង្កាត់ប៉ាល ហាល ក្រុងព្រះវិហារ។ បន្ទាប់មក លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្ត្រា និងក្រុមការងារ ក៏បានបន្តនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ទៅឧបត្ថម្ភអតីតយុទ្ធជនម្នាក់ទៀត ឈ្មោះ អ៊ុ កុសិនារ៉ា អាយុ ៦២ឆ្នាំ ជានិវត្តជន និងប្រពន្ធ ឈ្មោះ នួន ចាន់ណា អាយុ៥៧ឆ្នាំ រស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដែលកំពុងជួបការលំបាក។ ថវិកា និងគ្រឿងបរិភោគ ដែលឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជននោះ មានទឹកប្រាក់៣០ម៉ឺនរៀល អង្ករ២បេ មី២កេះ ទឹកផ្លែឈើ១កេះ ត្រីខកំប៉ុង១យួរ ទឹកបរិសុទ្ធសុទ្ធ២កេះ ប៊ីចេង២គីឡូក្រាម អំបិល២គីឡូក្រាម ទឹកត្រី២យួរ និងទឹកស៊ីអ៊ីវ២យួរ ផងនោះទៀត ។

លោកប្រធានសមាគមអតីតយុទ្ធជនខេត្ត បានបញ្ជាក់ថា ចាប់តាំងពីខែមករា រហូតដល់ខែមីនា២០១៨នេះ សមាគមអតីតយុទ្ធជន ខេត្តព្រះវិហារ បានជួយសង់ផ្ទះ និងផ្តល់ថវិកាបេឡាមរណៈសង្គ្រោះ ដល់អតីតយុទ្ធជន ពលី និងពិកាពីសម័យសង្គ្រាម បាន៣ខ្នងហើយទាំងលើកនេះ ដោយផ្ទះ១ខ្នងចំណាយថវិកាអស់៧លាន ៨សែនរៀល និងផ្ទះ១ខ្នងទៀត ចំណាយថវិកាអស់៩លាន ៨សែនរៀល ព្រមទាំងបានប្រគល់ប្រាក់បេឡាមរណៈសង្គ្រោះ ដល់គ្រួសារសពអតីតយុទ្ធជន ចំនួន៧សព នូវទឹកប្រាក់២៣លានរៀលទៀតផងដែរ។ លោកបញ្ជាក់ទៀតថា រយះពេលជិត៣ខែដើមឆ្នាំ២០១៨នេះ សមាគមអតីតយុទ្ធជន ខេត្តព្រះវិហារ បានចំណាយថវិកាអស់៥០លាន និង៧សែនរៀលហើយ សំរាប់ជួយសាងសង់លំនៅដ្ឋាន និងប្រគល់ប្រាក់បេឡាមរណៈសង្គ្រោះ ជូនគ្រួសារអតីតយុទ្ធជន ស្របពេលដែលពួកគាត់កំពុងមានការខ្វះខាតផ្នែកជីវភាព៕

Loading...