ប្រធានសហគមន៍ព្រៃឈើបានអះអាងថាបទល្មើសព្រៃឈើក្នុងខេត្តស្ទឹងត្រែងមានការថយចុះបន្ទាប់ពីមានកិច្ចសហការចុះបង្ក្រាបបានទាន់ពេលវេលាពីមន្ត្រីជំនាញនៅក្នុងមូលដ្ឋាន

ខេត្តស្ទឹងត្រែង៖ ការអះអាងរបស់ប្រធានសហគមន៍ការពារព្រៃឈើនោះ គឺបានបង្ហាញឲ្យដឹងកាលពីថ្ងៃអាទិត្យ ៩កក្កដា២០១៧ ក្នុងឧិកាសអបអរបុណ្យរុក្ខទិវា ៩កក្កដា នៅបរិវេណសួនច្បារមុខសាលាខេត្ត ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់/ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

នៅក្នុងរបាយរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានបង្ហាញថា ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បានបណ្តុះកូនឈើចម្រុះគ្រប់ប្រភេទ ចំនួន៣ពាន់ដើម ក្នុងនោះ កូនឈើឥន្ទនេលចំនួន២ពាន់ដើម កូនឈើក្រញូង បេង គគី និងដើមស្វាយ សរុប៣ពាន់ដើម សំរាប់ចែកជូនពលរដ្ឋ ព្រះសង្ឃ និងស្ថាប័នរដ្ឋនានាជុំវិញខេត្តយកទៅដាំ ដើម្បីលើកកំពស់តម្លៃបរិស្ថានជាតិ។

ទន្ទឹមនឹងនោះ មន្ត្រីព្រៃឈើខេត្ត បានសហការជាមួយអាជ្ញាធរដែនដី មន្ត្រីប្រដាប់អាវុធគ្រប់ប្រភេទ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅឆមាសទី១ ឆ្នាំ២០១៧នេះ មានទាំងបទល្មើសព្រៃឈើ និងសត្វព្រៃ បាន៥២ករណី រឹបអូសឈើអារគ្រប់ប្រភេទ បានចំនួន ១០៦ម៉ែត្រគូប ៤៣០ រថយន្ត៣៩គ្រឿង គោយន្តកន្ត្រៃ៤គ្រឿង ម៉ូតូ៤គ្រឿង ទូកម៉ាស៊ីន១គ្រឿង ព្រមទាំងមធ្យោបាយ និងសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្ននេះ មានសហគមន៍ការពារព្រៃឈើចំនួន២១ គ្រប់ដណ្តប់លើផ្ទៃដីព្រៃចំនួន៣៧ពាន់ ៤១៨ហិចតា មានប្រជាពលរដ្ឋចូលរួមចំនួន ១៦ពាន់ ៨៦២នាក់ នៅលើភូមិសាស្ត្រ ១៦ឃុំ ៤៤ភូមិ ស្ថិតនៅក្នុងដែនដីរដ្ឋបាលស្រុកចំនួន៣ ក្នុងខេត្តស្ទឹងត្រែង។

តំណាងសហគមន៍ការពារព្រៃឈើភ្នំតាគង់ កញ្ញា សូ សាអែម បានអះអាងថា រហូតមកទល់នឹងពេលនេះ សហគមន៍ការពារព្រៃឈើចំនួន២១ហើយ ដែលទទួលបានកិច្ចព្រមព្រៀងចុះបញ្ជីព្រៃឈើពី នាយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាពេលថ្មីៗកន្លងមកនេះ ឲ្យគ្រប់គ្រង និងថែរក្សាឲ្យបានគង់វង្ស។ កញ្ញាបន្តថា សហគមន៍ការពារព្រៃឈើភ្នំតាគង់ មានផ្ទៃដីសរុបចំនួន១ពាន់៧៣.៨ហិចតា មានមូលដ្ឋាននៅក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

សហគមន៍នេះ គឺជាព្រៃជំនឿអារុកអារ័ក្ខអ្នកតា ហើយពលរដ្ឋនៅតំបន់នោះ មានការយល់ដឹងច្រើន ព្រមទាំងបាននាំគ្នាចូលរួមថែរក្សា ដោយឈប់កាប់បំផ្លាញព្រៃឈើដូចមុនទៀតហើយ ប៉ុន្តែ ពួកគាត់នៅតែប្រកបរបរ ដងជ័រ បោចផ្តៅ និងវល្លិ៍ព្រៃ ដែលជារបរចាស់នោះ ដើម្បីចិញ្ចឹមជីវភាព។

កញ្ញាថា ក្នុងនាមប្រធានសហគមន៍ការពារព្រៃឈើ កញ្ញានឹងបន្តធ្វើការផ្សព្វផ្សាយឲ្យពលរដ្ឋនៅតំបន់នោះ ក៏ដូចជាពលរដ្ឋឯទៀត មានការយល់ដឹងពីសារៈប្រយោជន៍ និងគុណតម្លៃរបស់ព្រៃឈើ។ ចំណែក បទល្មើសព្រៃឈើនៅគ្រាបច្ចុប្បន្ននេះ កញ្ញាបានកត់សំគាល់ឃើញថា មានការថយយចុះជាងពេលមុន ដោយសារអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានសហការរួមគ្នាចុះទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា គ្រាដែលសហគមន៍បានជូនដំណឹង ពីការកើតឡើង នៃបទល្មើសកាប់ឈើធ្វើជំនួញនោះ។

អភិបាលរងខេត្តស្ទឹងត្រែង លោក ជា ថាវរិទ្ធ លោកបានបំផុតដល់ប្រជាពលរដ្ឋ ឲ្យចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការថែរក្សា និងដាំដើមឈើគ្រប់ប្រភេទ នៅលើផ្ទៃដីទំនេរ ផ្ទៃដីព្រៃរិចរឹល ដើម្បីស្តារព្រៃឈើឡើងវិញ។

លោកអភិបាលរងខេត្ត បានជម្រុញដល់មន្ត្រីជំនាញ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ត្រូវខិតខំអនុវត្តតាមគោលនយោបាយ ស្តីពី ការកែទម្រង់វិស័យព្រៃឈើជាតិ របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ ត្រូវរួមគ្នាថែរក្សាការពារ ដាំដើមឈើឡើងវិញ សហការគ្នាចុះទប់ស្កាត់ និងបង្ក្រាបជំនួញឈើអនាធិប តេយ្យ ការកាប់រុករានដីព្រៃរដ្ឋធ្វើជាកម្មសិទ្ធិ កុំឲ្យកើតមានទៀតឡើយ។

តំណាងយុវជន យុវនារីជំនាន់ថ្មី និងជាគរុសិស្ស នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង កញ្ញា ឃុន ណារ៉ាឌី ស្ថិតក្នុងវ័យ២១ឆ្នាំ កញ្ញាបានធ្វើការប្តេជ្ញាចិត្តថា នឹងខិតខំនាំគ្នាដាំដើមឈើឡើងវិញ ដើម្បីធ្វើឲ្យដែនដីខេត្តស្ទឹងត្រែងមានព្រៃឈើ ហើយមានសម្រស់ពណ៌បៃតងឡើងវិញ និងក៏ដើម្បីលើកកំពស់តម្លៃបរិស្ថានជាតិនោះផងដែរ៕

Loading...