ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែងដឹកនាំមន្ត្រីក្រោមឧិវាទចុះពិនិត្យទំនិញខូចគុណភាពដើម្បីធានាសុខមាលភាពប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់

ខេត្តស្ទឹងត្រែង៖ ផលិតផលទំនិញជាច្រើនប្រភេទ ដែលក្រុមអាជីវករដាក់តាំងលក់ នៅតាមស្តង់ តូប និងនៅតាមលំនៅដ្ឋាន ត្រូវបានសាខាកាំកុងត្រូល សហការជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត ចុះធ្វើការត្រួតពិនិត្យរាល់មុខទំនិញ ដែលមានដាក់សារធាតុគីមី ជាតិបូរ៉ាក់ សារធាតុហ្វមមីលីន និងការប្រើប្រាស់ហួសកាលបរិច្ឆេទលក់ដូរ ក្នុងគោលដៅលុបបំបាត់ការនាំចូលទំនិញ ដែលគ្មានគុណភាព និងកាត់បន្ថយផលប៉ះពាល់ ដល់សុខមាលភាពប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ទូទៅនៅក្នុងខេត្តស្ទឹងត្រែង ។

ការចុះត្រួតពិនិត្យមុខទំនិញជាច្រើនប្រភេទនោះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ធ្នូ២០ ១៧នេះ នៅចំណុចប្រសព្វផ្លូវបំបែកជា៣ នៃផ្សារអូរពងមាន់ មានចម្ងាយពីទីរួមខេត្តប្រមាណជិត២០គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។

ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង លោក គឹម ប្រុស បានថ្លែងថា សាខាកាំកុងត្រូល បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទៅលើផលិតផលទំនិញ ចំណីអាហារ និងរបស់វេចខ្ចប់នានា ដែលអាជីវករបាននាំយកមកលក់ នៅតាមស្តង់ តូប និងនៅតាមលំនៅដ្ឋាន ដែលនៅប្របនឹងដងផ្លូវជាតិ ដើម្បីរកមើលពីទំនិញណាដែលខូចគុណភាព មានដាក់ជាតិគីមី ជាតិបូរ៉ាក់ និងទំនិញដែលហួសកាលបរិច្ឆេទលក់ដូរ និងប្រើប្រាស់ ដើម្បីធានា និងបញ្ជៀសបានពីផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងនោះទៀត ។

លោក គឹម ប្រុស បានប្រាប់ទៀតថា នៅក្នុងពេលមន្ត្រីជំនាញចុះត្រួតពិនិត្យទំនិញជាច្រើនប្រភេទ និងជាច្រើនទីតាំងដាច់ដោយឡែកពីគ្នា ដែលក្រុមអាជីវករបាននាំចូលពីខេត្តនានាក្នុងប្រទេស និងនាំចូលពីក្រៅប្រទេសនាពេលនេះ មន្ត្រីជំនាញបានធ្វើការពន្យល់ណែនាំដល់ក្រុមអាជីវករទាំងអស់ ឲ្យយល់ដឹង និងចេះប្រើប្រាស់នូវមុខទំនិញណា ដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូចជា មានដាក់ថ្នាំដែលមានជាតិគីមី ធ្វើឲ្យទំនិញ និងចំណីអាហារ នៅល្អបានយូរនោះជាដើម។ លោកថា ខណៈនេះសាខាកាំកុងត្រូលមិនបានរកឃើញ ផលិតផលទំនិញ ឬចំណីអាហារ ដែលខូចគុណភាព និងផ្ទុកទៅដោយសារធាតុម្យ៉ាង ដែលមានជាតិគីមី ឬសារធាតុហ្វមមីលីន ធ្វើឲ្យប៉ះពាលដល់សុខភាពប្រជាពលរដ្ឋនោះទេ ដោយសារអាជីវករ និងប្រជាពលរដ្ឋ ដែលរស់នៅទីនេះ មានការយល់ដឹងច្រើន ពីការនាំចូលទំនិញខូចគុណភាព យកមកលក់ធ្វើឲ្យប៉ះពាល់សុខភាព បងប្អូនប្រជាពលរដ្ឋ។

លោក គឹម ប្រុស បានបា្រប់អាជីវករថា ប្រសិនបើមានផលិតផលដែលខូចគុណភាព ហើយត្រូវបានមន្ត្រីកាំកុងត្រូលរកឃើញ នោះសាខាកាំកុងត្រូលនឹងមិនអនុញ្ញាតឲ្យបន្តដាក់លក់ទៀតនោះទេ ហើយលោកនឹងធ្វើការដកហូតយកទៅកំទេចចោល ព្រោះអ្នកដែលរងគ្រោះពីការបរិភោគចំណីអាហារដែលគ្មានគុណភាព គឺជាប្រជាពលរដ្ឋកម្ពុជា ។

អាជីវករម្នាក់ក្នុងចំណោមច្រើននាក់ កញ្ញា អានិច កញ្ញាស្ថិតក្នុងវ័យ២៣ឆ្នាំ បានសម្តែងការត្រេកអរ និងគាំទ្រចំពោះការចុះមកពិនិត្យ នូវមុខទំនិញ និងចំណីអាហារ របស់សាខាកាំកុងត្រូលខេត្ត ដើម្បីរកមើលពីភាពមិនត្រឹមត្រូវក្នុងការនាំយកមកលក់ នូវមុខទំនិញនានាដែលគ្មានគុណភាព ហួសសុពលភាព ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខមាលភាពអ្នកប្រើប្រាស់ ។ ហើយកញ្ញានឹងទទួលយកដោយរីករាយ តាមការណែនាំរបស់មន្ត្រីជំនាញ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ។ ស្របពេលជាមួយគ្នានោះ កញ្ញាអានិច បានត្អូញត្អែរពីផលវិបាកក្នុងការប្រកបរបររកទទួលទាន ព្រោះថា នៅពេលបច្ចុប្បន្ននេះ លក់ដូរមិនសូវដាច់ ឯអ្នកទិញចេះតែថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ៕

Loading...