ប្រធានអង្គការសេដាកនឹងហក់ចូលប្រឡូកក្នុងឆាកនយោបាយនៅឆ្នាំក្រោយ

ភ្នំពេញ ៖ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅថាសេដាក (CEDAC) លោក យ៉ង សាំងកុមារ ដែលកំពុងមានប្រជាប្រិយភាពក្នុងចំណោមកសិករ បានប្រកាសថា លោកនឹងមិនឈរឈ្មោះជាប្រធានអង្គការនេះទៀតឡើយ នៅក្រោយការបញ្ចប់អាណត្តិការងាររបស់លោកនៅចុងឆ្នាំ២០១៥ នេះ។ លោក យ៉ង សាំងកុមារ បញ្ជាក់ថា នឹងឈានជើងចូលប្រឡូកក្នុងជីវិតនយោបាយវិញម្តង ដោយរំពឹងថា នឹងអាចជួយលើកស្ទួយជីវភាពប្រជាកសិករកម្ពុជា បានកាន់តែច្រើនថែមទៀត។

ប្រធានអង្គការសេដាក លោកបណ្ឌិត យ៉ង សាំងកុមារ បានប្រកាសថា លោកនឹងចូលរួមជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលទើបនឹងបង្កើតថ្មីនៅពាក់កណ្ដាលឆ្នាំ២០១៦ ខាងមុខ ឬក្រោយពីលោកបញ្ចប់តួនាទីជាប្រធានអង្គការសេដាក នៅខែធ្នូ ឆ្នាំ២០១៥ នេះ។

ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី២៤ សីហា លោកបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា បើទោះបីជាលោកចូលប្រឡូកក្នុងវិស័យនយោបាយក៏ដោយ ក៏លោកនៅតែផ្ដោតអាទិភាពទៅលើវិស័យកសិកម្មដដែល ដោយលោកគិតថា វិស័យមួយនេះនឹងជំរុញដំណើរការនៃវិស័យដទៃទៀតនៅកម្ពុជា ដែលរួមមានវិស័យឧស្សាហកម្ម និងសេវាកម្មឲ្យដើរលឿនទៅមុខបាន៖ «ល្មមដល់ពេលខ្មែរយើងចែកគ្នាទទួលខុសត្រូវហើយ គ្មានអ្នកណាម្នាក់ចេះធ្វើអ្វីៗគ្រប់មុខនោះទេ។ យើងប្រើប្រាស់ចំណុចខ្លាំង ចំណុចពិសេសយើងផ្គុំជាមួយអ្នកដទៃ ដើម្បីដឹកនាំជាតិ។ ហើយខ្ញុំស្រមៃថា យើងគួរតែមានរដ្ឋាភិបាលសាមគ្គីជាតិមួយ ដែលយើងចែកគ្នាទទួលខុសត្រូវតាមវិស័យទៅតាមសមត្ថភាព ទៅតាមចំណេះដឹងរបស់យើង ប៉ុន្តែដើម្បីធ្វើអ៊ីចឹងបាន លុះត្រាតែមានការគាំទ្រពីប្រជាពលរដ្ឋឲ្យយើងចូលរួមក្នុងការដឹកនាំ»។

លោក យ៉ង សាំងកុមារ បានបញ្ជាក់ថា អ្វីដែលជំរុញឲ្យលោកចូលរួមក្នុងកិច្ចការនយោបាយ ដោយសារតែលោកមើលឃើញនូវកង្វះខាត ការយកចិត្តទុកដាក់ចំពោះកសិករពីសំណាក់រាជរដ្ឋាភិបាល។ លោកគិតថា ជម្រើសដ៏ប្រសើរដែលអាចជួយកសិករបានច្រើនជាងនេះ គឺការចូលរួមក្នុងឆាកនយោបាយ ដែលអាចផ្តល់ឲ្យលោកនូវតួនាទីក្នុងការសម្រេចចិត្តអនុវត្តគោលនយោបាយនានា សំដៅលើកកម្ពស់ជីវភាពកសិករ៖ «២០ឆ្នាំហើយ យើងឃើញវិស័យកសិកម្មយើងនៅដដែល។ យើងអត់ឃើញរដ្ឋាភិបាលបញ្ជូនមន្ត្រីល្អៗ ដែលជួយធ្វើការជាមួយកសិករឲ្យប្រាក់ខែសមរម្យទេ។ ២០ឆ្នាំហើយ យើងនៅតែនិយាយរឿងដដែលៗ កសិករខ្វះទឹក។ យើងនាំបន្លែពីគេមកកាន់តែច្រើន។ តើអ្នកណាជាអ្នកដោះស្រាយរឿងនេះ បើយើងមិនខំចូលប្រឡូកឲ្យស៊ីជម្រៅតែម្តងនោះ ហើយយើងចាំមើលលទ្ធផលថា តើវាយ៉ាងម៉េច? កាលណាយើងធ្វើអ្វីមួយ ត្រូវធ្វើឲ្យច្បាស់លាស់ ហើយកុំធ្វើនយោបាយគ្រាន់តែដើម្បីចង់បានបុណ្យស័ក្តិ ចង់បានអំណាច។ ធ្វើដូចនេះ មិនចាំបាច់ធ្វើទេ។ ធ្វើដើម្បីអ្វី បានផលប្រយោជន៍អី? យើងសុខចិត្តនៅធ្វើអ៊ីចឹងវាល្អជាង?»។

នាយកផ្នែកបោះពុម្ពផ្សាយនៃអង្គការសេដាក អ្នកស្រី ពាន សុខា ដែលបានធ្វើការជាមួយ លោក យ៉ង សាំងកុមារ អស់រយៈពេល ១៧ឆ្នាំមកហើយនោះ បានបង្ហាញពីអារម្មណ៍សោកស្ដាយចំពោះគម្រោងចាកចេញនេះ ដោយអ្នកស្រីលើកឡើងថា លោក យ៉ង សាំងកុមារ មានទេពកោសល្យក្នុងការដឹកនាំ និងមានគំនិតច្នៃប្រឌិតខ្ពស់ ធ្វើឲ្យអង្គការសេដាក រីកចម្រើនរហូតដល់សព្វថ្ងៃ។ យ៉ាងនេះក្តី អ្នកស្រីហាក់មានក្តីសង្ឃឹមខ្ពស់លើ លោក យ៉ង សាំងកុមារ ថានឹងអាចជួយកសិករកម្ពុជា បានកាន់តែច្រើនតាមរយៈការចូលរួមដោយផ្ទាល់ក្នុងកិច្ចការនយោបាយ៖ «ខ្ញុំមានអារម្មណ៍ក្តុកក្តួលសោកស្ដាយ ព្រោះមានតែគាត់ទេជាជំហររឹងមាំជាងគេក្នុងការដឹកនាំ ជាពិសេសទាក់ទងទៅនឹងកសិកម្ម គាត់មានគំនិតច្នៃប្រឌិតថ្មីៗច្រើន។ និយាយឲ្យចំទៅគំនិតរបស់គាត់ គឺអត់មានកកស្ទះ ឬនៅមួយកន្លែង គាត់គិតឃើញអ្វីថ្មីៗជានិច្ច»។

ចំណែកប្រធានក្រុមសន្សំប្រាក់មិត្តជួយមិត្ត លោក កុក ថា ដែលធ្លាប់បានទទួលការបណ្តុះបណ្តាលពី លោក យ៉ង សាំងកុមារ បានថ្លែងថា លោកទុកចិត្តសមត្ថភាពរបស់អ្នកជំនាញកសិកម្មរូបនេះ ថាពិតជាអាចជួយដោះស្រាយបញ្ហាផ្សេងៗជូនសង្គមជាតិ៖ «ខ្ញុំគិតថាមិនមែនមានតែគាត់ម្នាក់ទេ ជាអ្នកអភិវឌ្ឍ ឬក៏ដោះស្រាយបញ្ហាប្រទេសនោះទេ។ សំខាន់ គឺគាត់នឹងធ្វើការងារជាមួយនឹងមនុស្សដទៃទៀត ដែលគាត់មានសមត្ថភាពផ្តល់ឱកាសឲ្យពួកគាត់មានការចូលរួម។ អ៊ីចឹង យើងរួមគ្នាផ្គុំគ្នាដើម្បីធ្វើការងារហ្នឹងទៅ ខ្ញុំជឿថាវានឹងជោគជ័យ»។

លោក យ៉ង សាំងកុមារ បានជាប់គ្រប់ការបោះឆ្នោតជាប្រធានអង្គការសេដាក ដែលមានអាណត្តិ ២ឆ្នាំតាំងពីឆ្នាំ១៩៩៧។ កិច្ចការងារសំខាន់ដែលលោកសម្រេចបាននាពេលកន្លងមក រួមមាន ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់កសិករ ការបង្កើតគម្រោងផ្សេងៗសម្រាប់និស្សិត និងយុវជននៅតាមទីជនបទ និងការបង្កើតឲ្យមានជាទីផ្សារផលិតផលកសិកម្មសរីរាង្គ។

លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានថ្លែងថា លោករីករាយនឹងដំណឹងនៃការចូលរួមនេះ ប៉ុន្តែលោកមិនអាចកំណត់ពីតួនាទីរបស់ លោក យ៉ង សាំងកុមារ នៅក្នុងគណបក្សបានទេ គឺរង់ចាំការសម្រេចពីសមាជិកបក្សនៅក្នុងសមាជដ៏ធំ ដែលគ្រោងធ្វើនៅដើមឆ្នាំ២០១៦ ខាងមុខ។ ចំណែកអង្គការសេដាក វិញ នឹងធ្វើការបោះឆ្នោតរើសប្រធានថ្មីរបស់ខ្លួននៅខែធ្នូ ឆ្នាំ២០១៥ នេះ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *