ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី លោក សុង ឃាង ជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​បំផ្លាញ​ព្រៃឈើ

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី បាន​បង្ហើប​ឲ្យ​ដឹងថា​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួងកសិកម្ម កំពុង​ធ្វើជា​បង្អែក​សម្រាប់​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក អ៊ុំ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ហ៊ាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន គឺ​ដោយសារ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម មិនគួរ​មើលរំលង​អំពើពុករលួយ​របស់លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី ក៏ដូចជា​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុំ វណ្ណ​សុភ​គ៌ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី នោះទេ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​ដែល​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កោះ​ញែក ស្រុក​កែវ​សីមា និង​ស្រុក​ពេ​ជ្រា​ដា ចេញទៅ​ស្រុក​យួន​សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក សុង ឃាង និង​លោក អ៊ុំ វណ្ណ​សុភ​គ៌​។ ប្រសិនបើ​ឈ្មួញ​ណា​គ្មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក សុង ឃាង និង​លោក អ៊ុំ វណ្ណ​សុភ​គ៌ ទេនោះ​គឺ​មិនអាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ និង​ច្រក​ផ្សេងៗ​ទៀត​បានឡើយ​។ លើស​នេះ​ទៅទៀត​ការដែល​លោក សុង ឃាង និង​លោក អ៊ុំ វណ្ណ​សុភ​គ៌ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ផងដែរ​ហេតុនេះហើយ​ទើប​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តមណ្ឌលគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក សុង ឃាង កំពុង​សប្បាយ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ក្នុង​ក្រសួងកសិកម្ម​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​មេ​ឈ្មួញ សឹង សំអុល ប្រើប្រាស់​រថយន្ត​ធំៗ​ច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ទៅ​ស្រុក​យួន​កាលពីពេល​ថ្មី​កន្លងទៅនេះ គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភ​គ៌ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ឈ្មួញ​ជាច្រើន​នាក់​ទៀត​ដែលមាន​ទាំង​លោក គួ​យ សុ​ឃុន មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី ហើយ​ជា​ប្អូនប្រុស​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏​នៅតែ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដែរ ព្រោះ​មាន​លោក សុង ឃាង និង​លោក អ៊ុំ វណ្ណ​សុភ​គ៌ ជួយ​សម្របសម្រួល​យ៉ាង​រលូន​៕

Loading...