ប្រធាន​រដ្ឋបាល​បដិសេធ​សារ​សំឡេង​តៗ​គ្នា​អំពី​ការបិទ​មន្ទីរពេទ្យ​កាល់ម៉ែត​

​ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា​នេះ មន្ត្រីជាន់ខ្ពស់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ប្រាប់​សារព័ត៌មាន​តាម​ប្រព័ន្ធ​ទូរស័ព្ទ ដោយ​ច្រានចោល​សារ​ជា​សំឡេង​មួយ ដែល​ផ្សព្វផ្សាយ តៗ​គ្នា​ថា ពេទ្យ​នេះ​កំពុង​ផ្ទុះ​កូ​វីដ​-១៩ ដែល​ឈានដល់​ការបិទ​មន្ទីរពេទ្យ​។​

​លោក​វេជ្ជបណ្ឌិត ម៉ៅ រ៉ា​សី ប្រធាន​រដ្ឋបាល​មន្ទីរ​ពេទ្យ​កាល់ម៉ែត បញ្ជាក់ថា សារ​ជា​សំឡេង​នេះ កំពុង​ធ្វើ​ឲ្យ​មាន​ការភាន់ច្រលំ និង​ចែករំលែក​តៗ​គ្នា និង​ពេលនេះ មន្ទីរពេទ្យ​កំពុង​ប្តឹងទៅ​មន្ត្រី​ជំនាញ ដើម្បី​រក​ម្ចាស់​សំឡេង​ដែល​បំផុស​រឿងនេះ យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​

​នៅ​ព្រឹក​ថ្ងៃនេះ មាន​សារ​ជា​សំឡេង​មួយ​ជិត​១​នាទី ដែលជា​សំឡេង​មនុស្ស​ប្រុស និយាយថា «​អ្នកធ្វើការ​នៅ​កាល់ម៉ែត​ផ្ទុះ​កូ​វីដ​-១៩ ហើយ ឥឡូវ​ថ្នាក់ដឹកនាំ​កំពុង​ស្វែងរក​អ្នកធ្វើការ​នៅ​កាល់ម៉ែត និង​កំពុង​ស្រាវជ្រាវ ហើយ​សូម​បងប្អូន​នៅ​ភ្នំពេញ​កុំទៅ​ប្លុក​នោះ ហើយ​បើ​អ្នក​ជាប់​ពាក់ព័ន្ធ ធ្លាប់​ទៅ​កាល់ម៉ែត​សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ​»​។​

​លោក​វេជ្ជបណ្ឌិត ម៉ៅ រ៉ា​សី ប្រធាន​រដ្ឋបាល​មន្ទីរ​ពេទ្យ​កាល់ម៉ែត បន្ថែមថា នៅ​ព្រឹក​ថ្ងៃនេះ មន្ទីរពេទ្យ​នឹង​ចេញ​ជា​ប្រកាស​ព័ត៌មាន​មួយ​ដើម្បី​កុំ​ឲ្យ​មាន ការយល់ច្រលំ និង​បញ្ជាក់ថា សារ​ជា​សំលេង​នេះ​មិន​ពិត​នោះទេ គឺ​មន្ទីរពេទ្យ​នៅ​ធ្វើ​ការទទួល​អ្នកជំងឺ​ដដែល​៕​

Loading...