ប្រពន្ធ​លោក​មេ​ប៉ុស្តិ៍​ខ្លាធំ​ ជា​មេខ្លោង​កាប់​បំផ្លាញ​ព្រៃឈើ​ ដឹកជញ្ជូន​ទៅ​វៀតណាម កំពុង​ល្បីឈ្មោះ​ពេញ​ខេត្ត​រតនគិរី

ខេត្តរតនគិរី​៖ ​ ប្រជាពលរដ្ឋ​ បាន​ឲ្យដឹង​ថា ​​​អ្នកស្រី វ៉ាន់ ច​ន្នី (ហៅ ចែ​ច្រឹប) ​គាត់​គឺជា​ប្រពន្ធ​ របស់​លោក មិន ផុន ជា​មេ​ប៉ុស្ដិ៍​ច្រករបៀង ​ខ្លាធំ ​​មាន​អំណាច​ធំ​ជាង​ប្តី​ ​រក​ស៊ី​បទល្មើស​ឈើ​ផង ​ឲ្យ​ប្តី​ចេញមុខ​ការពារ​ផង។

សកម្មភាព​ដឹកជញ្ជូន​ ឈើ​ចេញ​តាម​ ច្រករបៀង​ខ្លាធំ ​កើតឡើង​ ទាំងយប់​ទាំង​ថ្ងៃ​ដោយ​ គេ​ប្រើប្រាស់​រថយន្ដ​​កែច្នៃ​និង​រថយន្ដ​ ត​បង្កុង​ពី​៣០​ទៅ​៣៥​ គ្រឿង​ហើយ​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​នោះទេ​។

ប្រជាពលរដ្ឋ​ បាន​និយាយក្នុងលក្ខណៈ​រិះគន់ថា ​​​អ្នកស្រី វ៉ាន់ ច​ន្នី ​​​​និង​ប្ដី​លោក​មេ​ប៉ុស្តិ៍​ខ្លាធំ ​មាន​សារជាតិ ​«​ឆ្នាំង​ណា​គ្រប​ហ្នឹង​»​ គឺ​ពួកគាត់​បាន​មូលមតិ​គ្នា​ជា​ឯកច្ឆាន ​នឹង​មុខរបរ​បំផ្លាញ​ព្រៃឈើ ក្លាយ​ជា​ជន​ដ៏​មាន​សេដ្ឋកិច្ច​តាមរយៈ​មុខរបរ​នេះ​ ពិសេស​មានគុណ​សម្បត្តិ​ជាមួយ​ អាជ្ញាធរ សមត្ថកិច្ច ​ជំនាញ​គ្រប់​ស្ថាប័ន​ លើ​ការ​បន្តក់​ប្រភព​ចំណូល​ នៃ​បទឧក្រិដ្ឋ​នេះ​។

ប្រភព​ដដែល បានបន្ដថា ​អ្នកស្រី វ៉ាន់ ច​ន្នី ហៅ ច្រឹប គាត់​ត្រូវ​បាន​គេទទួលស្គាល់​ជា​មនុស្ស​ហ៊ាន​បំផុត​ក្នុង​មុខរបរ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្តរតនគិរី​ កើតមាន​ជាប្រចាំ​រៀងរាល់​រដូវ ​មាន​ករណី​បង្ក្រាប​កាន់តែ​ញឹកញាប់ ​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​គាត់​កាន់តែ​រីក​ដុះដាល​រក​ចំណូល​កាន់តែ​បាន​ខ្ពស់​ ហ៊ាន​ដឹក​រហូតដល់​ប្រភេទ​ជា​ឈើ​មូល​កាប់​ថ្មីៗ​ ដឹកជញ្ជូន​ទៅ​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង ។ ដោយឡែក​ សម្រាប់​សមត្ថកិច្ច អាជ្ញាធរ ​មន្ត្រី​ជំនាញ​​​វិញ​ ​មានតែ​ជួយ​លាក់បាំង​ ​និង​ទទួល​​​បាន​ផល​ប្រយោជន៍​ ​ដើម្បី​បញ្ចៀស​ការ​បង្ក្រាប​ជាដើម​។

សេចក្ដីរាយការណ៍​ ដដែល​បានបន្ថែមថា ​ ចែ​ច្រឹប គាត់​ជា​ឈ្មួញ​មុខ​ដដែលៗ​ ចំពោះ​សមត្ថកិច្ច​យក​លុយ​គាត់ ការពារ​គាត់ ​សមគំនិត​ជាមួយ​គាត់ ​​បើកភ្លើង​ខៀវ​អោយ​គាត់ ….​សុទ្ធ​តែ​ជា​មនុស្ស​ដដែល​ៗ​ រហូត​ហ្នឹង​។ ឯកឧត្តម ​ថង​ សាវុន អភិបាលខេត្តរតនគិរី ​​​ក្នុងនាម​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត ​ក៏ដូចជា​ប្រធាន​អង្គភាព​លោក​មេ​ប៉ុស្តិ៍​ខ្លាធំ ​​មេត្តា​ពិនិត្យ​ពិចារណា​ផង ​បើ​គាត់​ជា​មេ​សមត្ថកិច្ច ​ហើយ​បើក​ច្រក​អោយ​ភរិយា ​​ការពារ​មុខរបរ​ល្មើសច្បាប់​ កាប់​បំផ្លាញ​ឈើ​យ៉ាងនេះ ​អាច​ប្រឈម​និង​ផ្លូវច្បាប់​ក្នុង​កម្រិត​ណា​..?

​គួរ​ឲ្យ​កត់​សម្គាល់​ថា ​មួយ​រយៈ​នេះ​ ចែ​ច្រឹប​ បំផ្លាញ​ព្រៃឈើ​ដ៏​ធ្ងន់ធ្ងរ ​ដឹកជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម ​ដូច​ហែកឋិន​ ទាំង​តាម​ទឹក​ និង​ផ្លូវគោក ​រហូតដល់​ករ​ណីនេះ​ ត្រូវ​បាន​ប្រព័ន្ធ​ព័ត៌មាន​ក្នុងស្រុក​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ ​តែ​មិន​រំញោច​សមត្ថកិច្ច ​អាជ្ញាធរ ជំនាញ​ និង​ថៅកែ​រូបនេះ​ឡើយ​។

ពាក់ព័ន្ធ​ព័ត៌មាននេះ ភ្នាក់ងារព័ត៌មាន មិន​អាច​សុំ​ការ​បំភ្លឺ​ពី​​លោក​មេ​ប៉ុស្តិ៍​ខ្លាធំ​ ​​ ​និង​ប្រពន្ធ​​ឈ្មោះ​ វ៉ាន់​ ច​ន្នី ​(ហៅ ចែ​ច្រឹប) ​​​បាន​នៅ​ឡើយ​ទេ៕

Loading...