ប្រភព​ចំណូល​របស់ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំបែន រ័ត្ន គឺកុងត្រូលជជុះ​កើតឡើង​យ៉ាង​រាលដាល​

ខេត្តត្បូងឃ្មុំ៖ ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅតាម​ផ្លូវ​ក្នុងស្រុក​មេមត់ និង​ផ្លូវ​ដទៃទៀត​ក្នុង​ខេត្ត​ត្បូងឃ្មុំ មាន​កុងត្រូលជជុះ​របស់​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ជាច្រើន​កន្លែង​។

មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ ដែល​ឈរជើង​តាម​ប៉ុស្ដិ៍​ជជុះ​ទាំងនោះ​កំពុង​ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន​ និង​ជំរិត​យកលុយ​ពី​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ស្រុក​យួន​យ៉ាង​គឃ្លើន​។

សូម្បីតែ​ប្រជាកសិករ​ខ្មែរ​ឬ​អាជីវករ​ខ្មែរ​ដឹក​កសិផល​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​នៅតាម​ច្រកព្រំដែន​ក៏ត្រូវ​ក្រុមមន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ ប្រចាំ​កុងត្រូលជជុះ​ទាំងនោះ​តម្រូវ​ឲ្យ​បង់លុយ​តាម​ការកំណត់​របស់​ពួកគេ​ផងដែរ​ ។

ប្រភពបានរិះគន់ និងសង្ស័យថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ បង្កើត​កុងត្រូលជជុះ​ជាច្រើន​កន្លែង បើទោះបីបំពាន​លើ​បទបញ្ជា​របស់ថ្នាក់លើ យ៉ាងណាក៏ដោយ ។

ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​លុបបំបាត់​កុងត្រូលជជុះ​នៅក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ជាបន្ទាន់​ដើម្បី​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់ថ្នាក់លើ​។

ប្រភព​ពីមន្ត្រីនៅក្នុងស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានបង្ហើបថា លោក បែន រ័ត្ន បច្ចុប្បន្ន​បានចាត់ទុក​កុងត្រូលជជុះ​ដែល​កើតឡើង​យ៉ាង​រាលដាល​គឺជា​ប្រភព​ចំណូល​ដ៏​ធំ​របស់ខ្លួន ហើយក៏​អាចមាន​ការបែងចែក​មួ​យ​ផ្នែក​ណា​នោះ​ទៅ​ថ្នាក់លើ​ផងដែរ ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​ ។

ប្រភព​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ឈ្មួញ​កំពុង​សម្រុក​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ច្រើន​កន្លែង​ក្នុងស្រុក​មេមត់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដូច្នេះ​ក្រុមនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដែល​ឈរជើង​តាម​ប៉ុស្ដិ៍​ជជុះ​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ក្នុង​មួយថ្ងៃៗ​។

ទន្ទឹមនឹងនេះ​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​ពី​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក មាន​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា បង់ពន្ធ​ជូ​ល​រដ្ឋ​ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​ ក្រៅពីនេះ​គឺ​ឈ្មួញ​ឃុបឃិត​ចំណាយលុយ​លើ​តុ​ក្រោម​តុ​ជាមួយ​ក្រុមមន្ត្រី​ពុករលួយ​យ៉ាង​សុខ​ស្រួល​។

ក្នុងនោះ​ការដែល​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ​គឺ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ ដែល​ឈរជើង​តាម​កុងត្រូលជជុះ អាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ព្រោះ​លោកចៅហ្វាយនាយ​របស់​ពួកគេ​គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ ។

ពាក់ព័ន្ធករណីខាងលើនេះ មិនអាចទាក់ទងលោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំដើម្បីសុំការពន្យល់បានទេ ពីព្រោះគ្មានលេខទូរស័ព្ទ ៕

 

 

 

Loading...