ប្រភេទល្បែងស៊ីសងនៅ​មូលដ្ឋាន ដែល​ល្បី​ជាងគេ គឺ​ហ្គេម​បាញ់​ត្រី ភ្នាល់​ទឹកភ្លៀង ភ្នាល់​ស្លាក​លេខ​ឡាន​

ខេត្តព្រៃវែង ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មានប្រសាសន៍​លើក​ក​ឡើង​ពី​ល្បែង​ជាច្រើន​ប្រភេទ ដែល​កំពុងតែ​អុកឡុក​នៅក្នុង​មូលដ្ឋាន ហើយ​សម្ដេច​ក៏​បាន​កត់សម្គាល់​ល្បែង ដែល​លេចធ្លោ​ជាង​គេ​មួយចំនួន​ផង​ដែរ​។ សម្ដេច​ក្រឡាហោម បានបញ្ជាក់​ថា ល្បែងស៊ីសង ឥឡូវ​មាន​គេ​ប្តឹង​មក​ច្រើន​ល្បែងស៊ីសង គេ​តិទៀន​នគរបាល​ថា ស្នងការ​នគរបាល​ខេត្ត​នេះ ស្នងការ​នគរបាល​ខេត្ត​នោះ ធ្មេច​ភ្នែក ឬ​មួយ​អាជ្ញាធរ​ខេត្ត​នេះ ខេត្ត​នោះ ធ្មេច​ភ្នែក អា​ល្បែង ជល់​មាន់​, ល្បែង​បាញ់​ត្រី​, អាប៉ោង​, ភ្នាល់​ទឹកភ្លៀង និង​កន្ទុយលេខ ឥឡូវ​ខំ​នាំ​គ្នា​បង្ក្រាប​ទៅ​។

តាម​សម្ដេច​សខេង​មានប្រសាសន៍​កត់សម្គាល់​ខ្លាំង​ជាង​គេ​ទៅ​លើ​ល្បែង​ទឹកភ្លៀង​និង​ហ្គេម​បាញ់​ត្រី សម្ដេច​បន្ថែម​ថា​អា​ល្បែង​បាញ់​ត្រី​មិនដឹង​ជា​គេ​បាញ់​ដោយ​របៀប​ម៉េច​នោះទេ អត់​ដឹង​ហើយ​មិន​ហ៊ាន​ទៅ​មើល​ទៀត​នោះទេ ព្រោះ​ខ្លាច​គេ​ថា​យើង​ចេះ​បាញ់​ដែរ ។

ចំណែកឯ​ល្បែង​សំខាន់​ជាងគេ​គឺ​ល្បែង​ទឹកភ្លៀង ហើយ​ភ្លៀង​វា​ភ្លៀង​ពេញ​តែ​មេឃ​ហ្នឹង ហើយ​ថ្ងៃ​ណា​ក៏​មាន​ភ្លៀង​ដែរ​គ្រាន់តែ​ភ្លៀង​ដោយ​កន្លែង មាន​កន្លែង​ខ្លះ​ភ្លៀង កន្លែង​ខ្លះ​មិន​ភ្លៀង ប៉ុន្តែ​គេ​មិនមែន​ចាក់​អញ្ចឹងទេ បើ​តាម​ខ្ញុំ​ដឹង ដែល​ខ្ញុំ​សួរ​គេ អា​ល្បែង​ទឹកភ្លៀង​ហ្នឹង​គេ​ចាក់​របៀប​ម៉េច គឺ​គេ​មាន​ទ​របស់គេ​មួយ និយាយ​អញ្ចឹង​ដូច​ជា​ចង់​បង្រៀន​ឲ្យគេ​ចេះ​លេង​ទឹកភ្លៀង គឺ​ទាល់តែ​ទឹកភ្លៀង​ចូលក្នុង​ទ​នោះ ហើយ​បើ​ភ្លៀង​មិន​ចូល​ក្នុង​ទ​នោះទេ អ្នក​ចាក់​នោះ​គឺ​ចាញ់​ហើយ អ្នក​ភ្នាល់ ចាញ់​ហើយ ហើយ​បើ​មិន​ដឹង​ទេ​កុំ​ចង់​រៀន​។

សម្ដេច​ក្រឡាហោម​បានលើកឡើង​ទៀតថា ​នៅ​មាន​ល្បែង​មួយ​ប្រភេទ​ទៀត​គឺ​ភ្នាល់​ស្លាក​លេខ​ឡាន ជួន​អី​ឃើញ​ឡាន​បើក​មក​ពី​ខាង​នោះ ស្រាប់តែ​នាំគ្នា​អង្គុយចាំ​ទាយ​ថា​អា​ឡាន​មួយ​នោះ​បើ​កមក​មាន​លេខ​ប៉ុន្មាន​ហើយ​កន្ទុយ​ស្លាក​លេខ​ឡាន​នោះ​លេខ​ប៉ុន្មាន​លេខ 1 ឬក៏​លេខ 9 អា​ប្រភេទ​ហ្នឹង​ក៏មានដែរ​។ សម្ដេច​បាន​បញ្ជាក់​ចុងក្រោយ​ថា ឥឡូវនេះ​ស្នើ​ដល់​នគរបាល​ទាំងអស់​នាំគ្នា​ចុះបង្ក្រាប​ល្បែង​ទាំងអស់​កុំឲ្យ​កើតមាន​ក្នុង​មូលដ្ឋាន​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានលើកឡើង​នៅពេល​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​ឆ្លង​សមិទ្ធផល​នានា នៅ​វត្ត​នទី​ជោត្ត​នារា​ម (​ហៅ​វត្ត​ខ្យោក​ជើង​)​ ស្ថិតនៅក្នុង​ភូមិ​ខ្យោក​ជើង ឃុំ​ព​ពឹស ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ៧​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៩ ៕

Loading...