ប្រមុខការពារជាតិកម្ពុជាបានក្រើនរំលឹកដល់យុទ្ធជនព្រំដែនទាំងអស់ឲ្យយកចិត្តទុកដាក់ពង្រឹងសមត្ថភាពដើម្បីការពារបូរណភាពទឹកដី 

ខេត្តស្ទឹងត្រែង៖ ប្រសាសន៍ក្រើនរំលឹករបស់ ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ នាគ្រានោះ គឺបានធ្វើឡើងនៅព្រឹកថ្ងៃទី៥មករានេះ នៅគ្រាដែលសម្តេច ដែលមានការអមដំណើរ ដោយមន្ត្រីយោធាជាន់ខ្ពស់ នៃក្រសួងការពារជាតិ បានអញ្ជើញទៅកាន់តំបន់អូរអាឡៃ និងអូរតាង៉ាវ ជាទីតាំងដែលកងទ័ពឡាវ ធ្លាប់ចូលទន្ទា្រនកាន់កាប់ កាលពីក្នុងឆ្នាំ២០១៧កន្លងទៅនេះ ស្ថិតក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

នៅក្នុងដំណើរឆ្ពោះទៅកាន់ តំបន់ដែលទាហានឡាវធ្លាប់ចូលទន្ទ្រាន និងមានមហិច្ឆតាចង់កាន់កាប់ផ្តាច់មុខនោះ មានមេទ័ពកំពូលៗរបស់កម្ពុជាជាច្រើនរូប ដែលបានរួមដំណើរដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ និងដើម្បីពិនិត្យស្ថានភាពទូទៅ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ បន្ទាប់មកសម្តេចក៏បានចុះជួប និងសួរសុខទុក្ខកងទ័ព របស់អង្គភាពកងពលតូចថ្មើរជើងលេខ១២៨ នោះថែមទៀត។

ឈ្លាតឧិកាសនៅគ្រាដែលសម្តេចប្រមុខការពារជាតិ ជួបសួរសុខទុក្ខកងទ័ពនោះ សម្តេចពិជ័យសេនា ក៏បានក្រើនរំលឹកដល់យុទ្ធជនការពារព្រំដែនទាំងអស់ ឲ្យយកចិត្តទុកដាក់ និងពង្រឹងសមត្ថភាពថែមទៀត ដើម្បីការពារបូរណភាពទឹក កុំឲ្យសត្រូវឈ្លានពានបានជាដាច់ខាត ។ សម្តេចបានផ្តាំផ្ញើដល់កងទ័ពទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អ ព្រោះកងទ័ពគឺជាសសរទ្រូងរបស់ប្រទេសជាតិ ។

គួររំលឹកថា តំបន់អូរអាឡៃ និងអូរតាង៉ាវ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងនេះ គឺជាទីតាំងដែលទាហានឡាវ ធ្លាប់បានចូលមកទន្ទ្រានកាន់កាប់ នៅឆ្នាំ២០១៧កន្លងទៅនេះ។ កងទ័ពកម្ពុជា និងទាហានឡាវនៅគ្រានោះ បានប្រឈមមុខដាក់គ្នាយ៉ាងតឹងតែងបំផុត។ នៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោសែន បានរកដំណោះស្រាយសន្តិភាពមួយ ហើយបានបើកការចរចាដោយសន្តិវិធី ជាមួយនាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត ដោយទុកពេលឲ្យរយះពេល៣ថ្ងៃ តម្រូវឲ្យឡាវដកកងទ័ពឲ្យអស់ចេញពីទឹកដីកម្ពុជា។ ប៉ុន្តែ ស្ទើរតែមិនបាន១ថ្ងៃផងនោះ នាយករដ្ឋមន្ត្រីឡាវ បានបញ្ជាកងទ័ពខ្លួនឲ្យដកថយទៅវិញអស់ នៅថ្ងៃ១២សីហា២០១៧។

ក្រោយសភាពការណ៍ព្រំដែន បានវិលមករកភាពល្អប្រសើរឡើងវិញនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសំរេចបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ដើម្បីការពារខ្សែបន្ទាត់ព្រំដែន ពិសេស តំបន់អូរអាឡៃ និងអូរតាង៉ាវ ដែលជាទីតាំងធ្លាប់ប្រឈមមុខដាក់គ្នា ដោយប្រដាប់អាវុធដ៏តឹងតែងបំផុតនោះ ។ ចំណែក ការសំរេចរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្កើតកងពលតូចអន្តរាគមន៍ថ្មី ដែលដាក់ឈ្មោះ «១២៨»នេះ គឺជាលេខតំណាងឲ្យថ្ងៃ និងខែ ដែលទាហានឡាវបានដកចេញពីកម្ពុជា គឺនៅថ្ងៃទី១២ សីហា២០១៧៕

Loading...