ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សាអំពីការសងប្រជាពលរដ្ឋ នូវថ្ងៃឈប់សម្រាក សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

ភ្នំពេញ៖ លោកផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យងដឹងរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សាអំពីលទ្ធភាពនៃការសង ជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសវិញ នូវការឈប់សម្រាកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២០ ដែលបានផ្អាក ដោយសារតែវិបត្តិជំងឺកូវីដ១៩ ។

លោក ផៃស៊ីផាន បានគូសបញ្ជាក់ថា៖ “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សាអំពីលទ្ធភាពនៃការសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជូនប្រជាពលរដ្ឋវិញ ហើយបន្ទាប់ពីសិក្សាលទ្ធភាពរួចហើយ ក្រសួងស្ថាប័នត្រូវដាក់ជូនសម្តេចតេជោ ពិនិត្យជាចុងក្រោយ មុននឹងសម្រេចជាផ្លូវការថា នឹងសងប្រជាពលរដ្ឋវិញ ចំនួនប៉ុន្មានថ្ងៃ ហើយនៅថ្ងៃណា ខែណា?”

លោកបានបន្ថែមថា ការសងថ្ងៃឈប់សម្រាកនេះ គឺអាចកើតឡើងក្នុងពេលឆាប់ៗនេះ គឺអាចសង៧ថ្ងៃតែម្តង ដោយអនុវត្តចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃអាទិត្យ ។

គួររម្លឹកថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលគ្រោងនឹងធ្វើឡើងក្នុងខែមេសា ឆ្នាំ២០២០នេះ ត្រូវបានអាក់ខាន ដោយសារតែវិបត្តិនៃការរីករាលដាលវីរុសកូវីដ១៩ ហើយដើម្បីទប់ស្កាត់ការរីករាលដាលនេះ សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំមួយ ដោយផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែសម្តេចតេជោ ក៏បានប្រកាសផងដែរថា នឹងសងប្រជាពលរដ្ឋវិញ នៅពេលវេលាសមស្របណាមួយ ៕

Loading...