ប្រមុខរាជរដ្ឋាភិបាលបានចំណាយថវិកាជាច្រើនម៉ឺនដុល្លារដើម្បីកសាងសមិទ្ធិផលថ្មី៣ជូនប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ សមិទ្ធិផលដ៏ថ្មីស្រឡាងចំនួន៣ទៀត ដែលត្រូវចំណាយទឹកប្រាក់អស់ជាច្រើនម៉ឺនដុល្លារ ក្រោមការចំណាយដ៏ថ្លៃថ្លា របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ សែន និងក្រោមគំនិតផ្តួចផ្តើម ពីរដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ចាយ សាំងយុន និងមេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន នាយទាហាន និងពលទាហាន នៃក្រសួងការពារជាតិ និងតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង នៃយោធភូមិភាគទី១ ។

សមិទ្ធិផលថ្មីទាំង៣ ដែលត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅរយះពេលពីរថ្ងៃបន្តបន្ទាប់គ្នា គឺចាប់ពីថ្ងៃ២០វិច្ឆិកា រហូតដល់ថ្ងៃ២១វិច្ឆិកា២០១៧នេះ គឺស្តូបព្រះគោ១ខ្នង ផ្លូវក្រាលគ្រួសក្រហម១ខ្សែ និងសាលាឆ័ន១ខ្នង ប្រព្រឹត្តទៅក្រោមវត្តមានរដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ចាយ សាំងយុន អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន និងមេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន សមិទ្ធិផលថ្មីទាំង៣នេះ ត្រូវបានសាងសង់ឡើង នៅក្នុងដែនដីរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

មេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន លោកបានថ្លែងថា សមិទ្ធិផលថ្មីទាំង៣ ដែលកសាងជូនប្រជាពលរដ្ឋ សំរាប់គោរពបូជា និងប្រើប្រាស់នៅពេលនេះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ សែ លោកបានគិតគូពីភាពសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយបានផ្តល់ផ្លូវក្រាលគ្រួសក្រហម១ខ្សែ មានប្រវែងជាង៤ពាន់ម៉ែត្រ តភ្ជាប់ចេញពីផ្លូវជាតិ៧ ស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ឆ្ពោះទៅកាន់ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ស្ថាបនាឡើងដោយកងវិស្វកម្មអគ្គបញ្ជាការ ដែលជាចំណងដៃថ្មី របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងទៀតថា បន្ទាប់ពីចំណងដៃផ្លូវក្រាលគ្រួសក្រហមថ្មី១ខ្សែ របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កសាងជូនប្រជាពលរដ្ឋនោះមក ក៏នៅមានសមិទ្ធិផលថ្មី២ទៀត ដែលជាចំណងដៃរបស់ រដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ចាយ សាំងយុន គឺសំណង់ស្តូបព្រះគោ១ខ្នង មានទំហំទទឹង៧,៥០ម៉ែត្រ និងបណ្តោយមានទំហំ១៥ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿងក្បាច់ និងរចនាដោយក្បាច់បុរាណ សាងសង់ឡើងចាប់ពីខែឧសភា រហូតដល់ខែសីហា២០១៧ ចំណាយថវិកាអស់ ១ម៉ឺន៦ពាន់ដុល្លារ និងសាលាឆ័ន១ខ្នង សង់នៅក្នុងវត្តកោះកែវមុន្នីជ័យ នៅក្នុងឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ កសាងឡើងក្នុងទំហំទទឹង១៤ម៉ែត្រ និងបណ្តោយ២១ម៉ែត្រ ស្មើនឹង២៩៤ម៉ែត្រការ៉េ ចំណាយថវិកាអស់៣ម៉ឺន ៦ពាន់ដុល្លារ សមិទ្ធិផលទាំងនេះ បានមកពីការផ្តួចផ្តើមគំនិត និងបរិច្ចាគរួមគ្នា របស់នាយឧត្តមសេនីយ៍ ចាយ សាំងយុន នាយ និងពលទាហានក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ឯក ហួត ឈាង នាយ និងពលទាហាន មេបព្ជាការកងពលតូចលេខ៣១ កាពារកោះឆ្នេរ លោកឧត្តមសេនីយ៍ ស៊្រុន សារឿន នាយ និងពលទហាន អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿង រួមជាមួយមន្ត្រីក្រោមឧិវាទ និងរូបលោកឧត្តមសេនីយ៍ ដែលជាមេបញ្ជាការសិករងស្ទឹងត្រែងផងនោះដែរ ។

លោកបានថ្លែងទៀតថា ក្រៅពីផ្លូវក្រាលគ្រួសក្រហម១ខ្សែ ដែលជាចំណងដៃរបស់ ប្រមុខរាជរដ្ឋាភិបាលនោះ នាយឧត្តមសេនីយ៍ ចាយ សាំងយុន រួមជាមួយនឹងថ្នាក់ដឹកនាំ បានចំណាយថវិកាអស់៥ម៉ឺន ២ពាន់ដុល្លារ ក្នុងការកសាងសមិទ្ធិផលថ្មីនេះ ទុកជូនប្រជាពលរដ្ឋគោរពបូជា និងប្រើប្រាស់តរៀងទៅ ។

រដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ចាយ សាំងយុន នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ ពាំនាំនូវការសាកសួរសុខទុក្ខ ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ សែ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថាសម្តេចទាំងពីរនៅតែគិតគូពីភាពសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា មិនថានៅទីក្រុង ឬជនបទដាច់ស្រយាលនោះឡើយ ។ នាយឧត្តមសេនីយ៍ បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ក្រោយពីទទួលបានសមិទ្ធិផលថ្មី នៃចំណងដៃសម្តេចតេជោ នេះហើយ ត្រូវចេះជួយថែរក្សាឲ្យបានគង់វង់ សំរាប់ជាប្រយោជន៍នៃយើងទាំងអស់គ្នា ក្នុងការគោរពបូជា ទៅតាមគន្លង នៃព្រះពុទ្ធសាសនា និងប្រើប្រាស់បានយូរអង្វែង ។ នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ទីណាមានការលំបាក ទីនោះមានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ របស់រាជរដ្ឋាភិបាល ជាពិសេស មានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅតែតាមជួយដល់បងប្អូនជានិច្ច មានសម្តេចតេជោ គឺប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍ ៕

Loading...