ប្រវត្តិសង្ខេបរបស់ជនជាប់ចោទ អៀង ធីរិទ្ធ

ភ្នំពេញ ៖អ្នកស្រី អៀង ធីរិទ្ធ ជាស្ត្រីលេចធ្លោតែម្នាក់គត់នៅក្នុងជួរមេដឹកនាំខ្មែរក្រហម ទាំងនៅក្នុងសម័យតស៊ូ និងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ អ្នកស្រី អៀង ធីរិទ្ធ ក៏ជាជនជាប់ចោទស្ត្រីម្នាក់គត់នៅក្នុងសាលាក្ដីខ្មែរក្រហម។
តើ អ្នកស្រី អៀង ធីរិទ្ធ មានប្រវត្តិយ៉ាងណាខ្លះ?
អ្នកស្រី អៀង ធីរិទ្ធ មានឈ្មោះ និងក្លាយជាបុគ្គលលេចធ្លោមួយរូបនៅក្នុងមជ្ឈដ្ឋានពលរដ្ឋកម្ពុជា ជាទូទៅ គឺនៅពេលដែលអ្នកស្រីមានមុខជាជនជាប់ចោទក្នុងរឿងក្ដីនៅសាលាក្ដីខ្មែរក្រហម ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២។

ឯកសារសំណុំរឿងរបស់សាលាក្ដីខ្មែរក្រហម និងឯកសារស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បង្ហាញថា អ្នកស្រី អៀង ធីរិទ្ធ ដែលមានឈ្មោះដើមថា ខៀវ ធីរិទ្ធ កើតនៅឆ្នាំ១៩៣២ ក្នុងគ្រួសារដែលមានជីវភាពធូរធារមួយនៅខេត្តបាត់ដំបង។ អ្នកស្រី អៀង ធីរិទ្ធ បានបញ្ចប់ការសិក្សានៅវិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញ ហើយបន្ទាប់មក គាត់ទៅសិក្សាផ្នែកអក្សរសាស្ត្រនៅសាកលវិទ្យាល័យ សបូន (Sorbonne) នៅប្រទេសបារាំង។ អ្នកស្រីរៀបការជាមួយ លោក អៀង សារី ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ នៅទីក្រុងប៉ារីស ប្រទេសបារាំង ពេលដែលអ្នកទាំងពីរទៅសិក្សានៅទីនោះ។ គឺនៅទីក្រុងប៉ារីស នោះហើយដែលអ្នកស្រីបានជួបជាមួយជនកុម្មុយនិស្តជាច្រើនរូបទៀតដែលមានជាអាទិ៍ ប៉ុល ពត និងលោក អៀង សារី ដែលជាប្ដីរបស់អ្នកស្រី។ អ្នកស្រី អៀង ធីរិទ្ធ ជាស្ត្រីកម្ពុជា ទីមួយ ដែលបានទទួលសញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេស។ អ្នកស្រី អៀង ធីរិទ្ធ បានត្រឡប់មកធ្វើជាសាស្ត្រាចារ្យនៅកម្ពុជា វិញនៅឆ្នាំ១៩៥៧ ហើយអ្នកស្រីបង្កើតសាលាឯកជនបង្រៀនភាសាអង់គ្លេសមួយនៅឆ្នាំ១៩៦០។

អ្នកស្រី អៀង ធីរិទ្ធ ដែលមានឈ្មោះដើមថា ខៀវ ធីរិទ្ធ ជាប្អូនបង្កើតរបស់ លោកស្រី ខៀវ ប៉ុណ្ណារី ជាប្រពន្ធទីមួយរបស់ ប៉ុល ពត។

អ្នកស្រី អៀង ធីរិទ្ធ ឈ្មោះបដិវត្តន៍ហៅថា ភា ឬ ហុង ត្រូវបានអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្តកម្ពុជា តែងតាំងជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៃរបបកម្ពុជាប្រជាធិបតេយ្យ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧៥។ អ្នកស្រី អៀង ធីរិទ្ធ កាន់មុខតំណែងនេះរហូតដល់របបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបខ្មែរក្រហមដួលរលំ នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ក្នុងតួនាទីជាអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នេះ អ្នកស្រី អៀង ធីរិទ្ធ ត្រូវបានសាលាក្ដីខ្មែរក្រហម ចាប់ខ្លួនពីផ្ទះរបស់អ្នកស្រីនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៧ រួមជាមួយនឹងប្ដីរបស់អ្នកស្រី គឺលោក អៀង សារី ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេស នៃរបបខ្មែរក្រហមដែរ។

សាលាក្ដីខ្មែរក្រហម បានបញ្ជូន អ្នកស្រី អៀង ធីរិទ្ធ ទៅជំនុំជម្រះជាសាធារណៈនៅឆ្នាំ២០១១ ក្នុងសំណុំរឿងក្ដីលេខ០០២ រួមជាមួយជនជាប់ចោទអតីតជាមេដឹកនាំខ្មែរក្រហម ៣រូបទៀត គឺជនជាប់ចោទ អៀង សារី នួន ជា និង ខៀវ សំផន។

ជនជាប់ចោទ អៀង ធីរិទ្ធ ជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ និងក្នុងច្បាប់ស្ដីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៤។

សាលាក្ដីខ្មែរក្រហម ចោទប្រកាន់ជនជាប់ចោទ អៀង ធីរិទ្ធ ថា ក្នុងនាមជាអ្នកដឹកនាំ គឺមានការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដូចបានចោទប្រកាន់ទាំងនេះ តាមរយៈការធ្វើសកម្មភាព ឬបរាជ័យក្នុងការទប់ស្កាត់ (រួមបញ្ចូលទាំងការប្រព្រឹត្តតាមរយៈឧក្រិដ្ឋកម្មរួម) បញ្ជាញុះញង់ រៀបចំផែនការ ដឹកនាំ ឬសមគំនិតដោយការជួយ ឬជំរុញ ឬបង្កលក្ខណៈងាយស្រួលដល់ការប្រព្រឹត្តឧក្រិដ្ឋកម្មទាំងនេះ នៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ប៉ុន្តែជនជាប់ចោទ អៀង ធីរិទ្ធ បដិសេធរាល់បទចោទប្រកាន់ទាំងអស់មកលើរូបគាត់ ហើយក៏ប្ដឹងទាស់នឹងការឃុំខ្លួនគាត់ដែរ។ ដោយសារតែហេតុផលស្ថានភាពសុខភាពបញ្ញាស្មារតីចុះខ្សោយ បាត់ការចងចាំ អង្គជំនុំជម្រះសាលាដំបូង សម្រេចដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ ឲ្យនៅក្រៅឃុំនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២។ ការដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ ត្រូវបានសហព្រះរាជអាជ្ញាប្ដឹងទាស់ ដោយស្នើសុំឲ្យដាក់ការដោះលែងនោះ នៅក្រោមការត្រួតពិនិត្យរបស់តុលាការ និងក្រោមលក្ខខណ្ឌ ៦ចំណុច។

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូល សម្រេចដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ព្រោះយល់ឃើញថា ការឃុំខ្លួនជនជាប់ចោទរូបនេះនៅមន្ទីរឃុំឃាំងតទៅទៀត ជាការពុំចាំបាច់ទេ។

ទោះជាដូច្នេះក្ដី អង្គជំនុំជម្រះតុលាការកំពូល បានភ្ជាប់ការដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ ជាបណ្ដោះអាសន្ននេះ ដោយលក្ខខណ្ឌសំខាន់ចំនួន៣ គឺទី១ ជនជាប់ចោទត្រូវជូនដំណឹងដល់អង្គជំនុំជម្រះអំពីអាសយដ្ឋានដែលខ្លួនត្រូវស្នាក់នៅ ហើយមិនត្រូវផ្លាស់ប្ដូរលំនៅដោយមិនមានការអនុញ្ញាតពីអង្គជំនុំជម្រះឡើយ។ ទី២ ជនជាប់ចោទត្រូវប្រគល់លិខិតឆ្លងដែន និងលិខិតធ្វើដំណើរពាក់ព័ន្ធដទៃទៀត ហើយមិនត្រូវចាកចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា ឡើយ។ ទី៣ ជនជាប់ចោទ អៀង ធីរិទ្ធ ត្រូវតែចូលខ្លួនពេលតុលាការកោះហៅ ហើយជាងនេះទៀត ជនជាប់ចោទ ត្រូវបានហាមឃាត់មិនឲ្យជ្រៀតជ្រែកចូលក្នុងកិច្ចការរដ្ឋបាលរបស់តុលាការឡើយ។

ជនជាប់ចោទ អៀង ធីរិទ្ធ គឺជាជនជាប់ចោទតែម្នាក់គត់ដែលអង្គជំនុំជម្រះសាលាក្ដីខ្មែរក្រហម យល់ព្រមដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ក្នុងចំណោមជនជាប់ចោទ ៥រូប ដែលក្នុងនោះមាន ឌុច ជាអតីតប្រធានគុកទួលស្លែង ជនជាប់ចោទ នួន ជា ជាលេខាបក្សកុម្មុយនិស្តកម្ពុជា ខៀវ សំផន ជាប្រធានរដ្ឋ និងលោក អៀង សារី ជារដ្ឋមន្ត្រីការបរទេស ដែលទទួលមរណភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីឆ្នាំ២០១៣។

ចាប់តាំងពីថ្ងៃដែលអង្គជំនុំជម្រះតុលាការកំពូល សម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ននោះហើយ ដែលជនជាប់ចោទ អៀង ធីរិទ្ធ បាននៅក្រៅឃុំក្រោមការធានារបស់កូនស្រីឈ្មោះ អៀង វិជីដា និងមានកូនប្រុសឈ្មោះ អៀង វុធ រហូតមកដល់ថ្ងៃទទួលមរណភាពនៅថ្ងៃទី២២ សីហា។ មរណភាពរបស់ជនជាប់ចោទ អៀង ធីរិទ្ធ ក៏ដូចគ្នានឹងមរណភាពជនជាប់ចោទ អៀង សារី ដែរ គឺកើតឡើងនៅមុនពេលសាលាក្ដីខ្មែរក្រហម រកឃើញការពិតថា តើជនជាប់ចោទទាំងពីរមានទោស ឬយ៉ាងណា នៅក្នុងរឿងក្ដីឧក្រិដ្ឋកម្មខ្មែរក្រហមក្នុងសំណុំរឿងលេខ០០២។

រហូតមកដល់ពេលនេះ មានតែជនជាប់ចោទពីររូបប៉ុណ្ណោះ គឺជនជាប់ចោទ នួន ជា និង ខៀវ សំផន កំពុងប្រឈមនឹងការជំនុំជម្រះរបស់សាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ចំពោះឧក្រិដ្ឋកម្មដែលបានកើតឡើងនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ក្រោយមរណភាពនៃជនជាប់ចោទ អៀង ធីរិទ្ធ សហព្រះរាជអាជ្ញាសាលាក្ដីខ្មែរក្រហម កំពុងតែចុះទៅពិនិត្យស្រាវជ្រាវរកមូលហេតុពិតប្រាកដ នៃមរណភាពរបស់ជនជាប់ចោទរូបនេះ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *