ប្រាសាទប្រវត្តិសាស្រ្តនៅស្រុកសំរោងខេត្តតាកែវកំពុងរងការបំផ្លាញខណៈក្រុមឈ្មួញដឹកដីឆ្លងកាត់

ខេត្តតាកែវ៖ ប្រាសាទសែនភូវាំងស្ថិតក្នុងភូមិអំបិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ដែលបច្ចុប្បន្នក្រុមឈ្មួញកំពុងសម្រុកដឹកដីឆ្លងកាត់តួនិងគ្រឹះប្រាសាទបុរាណប្រវត្តិសាស្រ្តដែលជាក្ដីបារម្ភពីប្រជាពលរដ្ឋថានិងបាក់រលំក្នុងពេលឆាប់ៗបើអាជ្ញាធរនិងមន្រ្តីពាក់ពន្ធ័មិនយកភ្នែកមើល ។

នៅព្រឹកថ្ងៃទី០៣ខែមករាឆ្នាំ២០២១អ្នកសារព័ត៌មានបានចុះទៅដល់ទីតាំងដែលប្រជាជននៅក្បែរនោះបានរាយការណ៍គឺបានឃើញក្រុមឈ្មួញបាននឹងកំពុងធ្វើសកម្មភាពដឹកដីដោយប្រើប្រាស់សុទ្ធតែប្រភេទរថយន្តបែនប្រាំតោន ឆ្លងកាត់បរិវេណប្រាសាទនោះពិតប្រាកដមែនហើយដែលមានម្ចាស់ឈ្មោះលោក ង៉ែត បានចេញមុខមកអះអាងថាខ្លូនបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរឃុំរហូតដល់ស្រុករួចហើយមុននឹងលោកធ្វើសកម្មភាពហើយខាងក្រុមប្រឹក្សាឃុំបានចុះមកត្រួតពិនិត្យទើបលោកហ៊ានធ្វើសកម្មភាពបានដោយរលូនបែបនេះ ។

លោក កេត ម៉ៅ អភិបាលស្រុកសំរោងបានអោយដឹងថាលោកមិនបានដឹងសោះចំពោះករណីនេះតែលោកនឹងបញ្ជាកម្លាំងចុះទៅចាប់យកគ្រឿងចក្រខាងលើនោះអោយទាល់តែបានក្នុងពេលបន្តិចទៀតព្រោះវាបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់ប្រាសាទបុរាណប្រវត្តិសាស្រ្តនិងយកម្ចាស់គ្រឿងចក្រមកទទួលទោសតាមផ្លូវច្បាប់ ។

ចំណែកលោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវបានអោយដឹងថាតើអាជ្ញាធរឃុំស្រុកហ្នឹងមើលមិនឃើញទេឬបានជាបណ្ដោយអោយក្រុមឈ្មួញជីកដឹកដីធ្វើអ្វីៗតាមតែអំពើចិត្តបែបនេះទៅវិញ។ តែទោះបីជាយ៉ាងណាលោកថានឹងបញ្ជាកម្លាំងរបស់លោកចុះទៅត្រួតពិនិត្យបន្ថែមទៀត និងសុំគោលការណ៏ពីអភិបាលខេត្តតាកែវដើម្បីបន្តនីតិវិធីដ៏សំខាន់នេះ ។

គួរបញ្ជាក់ថាប្រាសាទបុរាណប្រវត្តិសាស្រ្ត សែនភូវាំងជាប្រាសាទដែលសាងសង់ដំណាលគ្នានឹងប្រាសាទបុរាណភ្នំជីសូរ្យហើយត្រូវបានការពារយ៉ាងយកចិត្តទុកដាក់ពីក្រសួងពាក់ពន្ធ័ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បះ៕

Loading...