ប្លន់ប្រដាប់អាវុធថៅកែស្រូវបាត់ដំបងទៀតហើយ

ខេត្តបាត់ដំបង ៖ មានករណីប្លន់ប្រដាប់អាវុធទៅលើពលរដ្ឋជាអ្នកទិញ និងលក់ស្រូវ ដោយត្រូវក្រុមចោរមាន៣នាក់ បាញ់គំរាមដោយកាំភ្លើងអាកា២ដើម គំរាមយកកាបូបលុយពីជនរងគ្រោះទាំងសងខាងដោយសុវត្ថិភាព។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៨ និង៣០នាទីយប់ថ្ងៃទី២៨ វិច្ឆិកា ស្ថិតត្រង់ចំណុចមុខវត្ត «ទួលព្រះខែ» ក្នុងភូមិក្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ជនរងគ្រោះជាអ្នកទិញ-លក់ស្រូវទាំង២ ត្រូវគេស្គាល់ម្នាក់ឈ្មោះអ៊ុក អឿ ភេទស្រី អាយុ៥១ឆ្នាំ (អ្នកទិញស្រូវ) មានទីលំនៅក្នុងភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង (ត្រូវចោរយកកាបូបមានលុយចំនួន៥ម៉ឺនបាត និងលុយខ្មែរ១០លានរៀល) និងម្នាក់ទៀតឈ្មោះមួង ស៊ីណាត អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល (ត្រូវចោរយកកាបូបមានលុយ៧ម៉ឺន៥ពាន់បាត, លុយខ្មែរ៥០ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាកណូគៀ១គ្រឿង) ។ មុនពេលកើតហេតុ ភាគីរងគ្រោះទាំង២បានណាត់គ្នាយកស្រូវចំណុចកើតហេតុខាងលើ ដោយថ្លឹងស្រូវរួចរាល់ឱ្យក្រុមកម្មករ២-៣នាក់ជញ្ជូនស្រូវដាក់លើរថយន្ត ។ មួយសន្ទុះក្រោយ ខណៈកំពុងអង្គុយទូទាត់រាប់លុយនោះ ស្រាប់តែលេចមុខក្រុមចោរមានគ្នា៣នាក់ ចេញមកពីទិសខាងលិចប្រដាប់ដោយកាំភ្លើងអាការ២ដើម រត់មកភ្ជង់ពួកគាត់ ដោយបាញ់ផ្ចុចដីចំនួន៣គ្រាប់ ដើម្បីគំរាម ។ បន្ទាប់មក ក្រុមចោរទាំងនោះបានយកកាបូបពួកគាត់ទាំង២នាក់ ហើយរត់ចេញទៅដោយសុវត្ថិភាព៕

c21f

Loading...