ប្លន់ពីភ្នំពេញ ដឹកទម្លាក់ជនរងគ្រោះនៅស្រុកកណ្ដាលស្ទឹង លុះបើកចូលក្រុងវិញ នគរបាល​យកបានរថយន្ដ ចោររត់រួចអស់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើម បានធ្វើសកម្មភាពប្លន់រថយន្ដតាក់ស៊ី ម៉ាក HighLander មួយគ្រឿង ដោយជិះពីកោះពេជ្រទៅមុខក្រុមហ៊ុនស្រាបៀកម្ពុជា រួចក្រុមចោរបានវាយជនរងគ្រោះដោយចាប់ចងស្លាបសេក ក្រោយមកយក ទៅទម្លាក់ចោលនៅស្រុកកណ្ដាល ហើយជនសង្ស័យបើកចូលក្រុងវិញ តែត្រូវសមត្ថកិច្ច​បង្ក្រាបបាន។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៨៖០០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ហើយតាមបង្ក្រាបបានវិញ នៅយប់រំលង អាធ្រាត្រ ថ្ងៃដដែល នៅចំណុចមុខវត្តប្រធាតុ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ។

លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានប្រាប់នៅព្រឹកនេះ ឲ្យដឹង យ៉ាងដូច្នេះថា មុនពេលកើតហេតុ សង្ស័យ​២នាក់ អាយុប្រហែល៣០ឆ្នាំ បានហៅរថយន្តតាក់ស៊ី ម៉ាកHighLander ពណ៌ស​ ស្លាកលេខ ភ្នំពេញ 2AM-0924 ​ជិះពីកោះពេជ្រ មកក្រុមហ៊ុនស្រាបៀ​កម្ពុជា ក្នុងខណ្ឌដង្កោ មកដល់ចំណុចកើតហេតុ​ខាងមុខក្រុមហ៊ុន​ស្រាបៀកម្ពុជា ជនល្មើសម្នាក់បានដកកាំភ្លើងខ្លី១ដើម មិនស្គាល់ម៉ាកភ្ជង់ និងវាយជនរងគ្រោះនឹងស្នាប់កាំភ្លើង ត្រូវចំថ្ងាសខាងឆ្វេងរួចទាញមកក្រោយ ហើយឲ្យក្រាបចុះក្រោម រួចគ្នាវាម្នាក់ទៀតបើករថយន្ត រហូតដល់ចំណុចទឹកស្អាត ផ្លូវជាតិលេខ២ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជនល្មើសបានដោះអាវ ចងស្លាបសេក និងចងជើង ហើយទម្លាក់ជនរងគ្រោះនៅទីនោះ។

នាយការិយាល័យរូបនេះ បញ្ជាក់ថា ពេលទម្លាក់ជនរងគ្រោះរូចហើយ ជនសង្ស័យបើករថយន្តគេចខ្លួន តាមផ្លូវជាតិលេខ២ មកចូល ភ្នំពេញ ហើយកម្លាំង​ម៉ូតូប្រដេញ របស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ បានប្រដេញរហូតមកដល់ចំណុចវត្តប្រធាតុ ជនសង្ស័យបានបុកដើមឈើ ទៅមុខលែងរួច ក៏បានបើកទ្វារថយន្តហើយរត់គេចចូល ក្នុងព្រៃតែម្តង ហើយបានដករហូតរថយន្តខាងលើមករក្សាទុក បណ្តោះអាសន្ន ៕

Loading...