ប្លន់ម៉ូតូបានជាងមួយម៉ោងត្រូវសមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន

(បន្ទាយមានជ័យ)៖ ជនសង្ស័យដែលជាឃាតករក្នុងអំពើប្លន់អារកជនរងគ្រោះយកម៉ូតូ ត្រូវបានសមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនក្រោយធ្វើសកម្មភាពហើយរត់គេចបាន១ម៉ោង។ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ នៅចំណុចខាងកើតផ្លូវបេតុងកែងមណ្ឌល៩ ស្ថិតក្នុងភូមិ ប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

សមត្ថកិច្ចអាវុធហត្ថបានប្រាប់ថា ជនសង្ស័យឈ្មោះឈុំ ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែររស់ភូមិស្ទឹងបត់សង្កាត់ផ្សាកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មុនកើតហេតុជនសង្ស័យ បានហៅម៉ូតូឌុប ដែលជាម៉ូតូជនរងគ្រោះនៅម្តុំមុខរោងចក្រអេសស៊ីវ៉ាដូ (រោងចក្រឌីស ) ជិះរហូតដល់ចំនុចកើតហេតុ ក៏ធ្វើសកម្មភាពអារក ហើយយកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួន បានរយះពេលមួយម៉ោងជាងត្រូវបានកំលាំងកងរាជអាវុធហត្ថឃាត់ខ្លួនបាននៅចំនុចអគារថ្មី ភូមិអូរជ្រៅ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះឈ្មោះ  ប្រាក់  សុខុម  ភេទប្រុស  អាយុ៥២ឆ្នាំ  ស្នាក់នៅភូមិផ្សារកណ្តាល  រងរបួសបំពង់ក  ត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកដីថ្មី  ចំណែកម៉ូតូដែលជនសង្ស័យជិះយកទៅម៉ាក  ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០២០  ពណ៌ខ្មៅ  មានស្លាកលេខ  “បាត់ដំបង  1AL. 6110 ។ កំលាំងកងរាជអាវុធហត្ថដកហូតបានកាំបិតចិតបន្លែមួយនិងម៉ូតូរបស់ជនរងគ្រោះ មួយគ្រឿង។

  បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធ ឃុំខ្លួនបណ្តោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរចម្លើយកសាងសំណុំរឿងបញ្ជូនបន្តទៅជំនាញអាវុធហត្ថខេត្តចាត់ការបន្ត៕

Loading...