ប្លន់អាជីវករលក់មាស និងប្តូរប្រាក់អស់រាប់ពាន់ដុល្លារនៅកំពង់ចាម

ខេត្តកំពង់ចាម៖ អាជីវករលក់មាស និងប្តូរប្រាក់ម្នាក់បានបាត់បង់ទ្រព្យសម្បត្តិរាប់ពាន់ដុល្លារ បន្ទាប់ពីត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពដាកអាវុធខ្លីភ្ជង់ប្លន់យកកាបូបលុយ ហើយជិះគេចខ្លួនដោយសុវត្ថិភាព ។

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចខាងលិចផ្សារធំកំពង់ចាម ភូមិទី១២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

សាក្សីបានប្រាប់ថា ជនសង្ស័យ មានគ្នា២នាក់ ជិះម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ធ្វើសកម្មភាពដកអាវុធខ្លី១ដើមភ្ជង់ ជនរងគ្រោះឈ្មោះ សុខ លក្ខិណ ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិទី២ សង្កាត់ វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មុខរបរលក់មាស-ប្តូរប្រាក់ នៅផ្សារធំកំពង់ចាមប្លន់យកកាបូបលុយ និងគ្រឿងអលង្ការ ហើយជិះគេចខ្លួនដោយសុវត្ថិភាព ។

ប្រភពព័ត៌មានពីជនរងគ្រោះឲ្យដឹងថា នៅក្នុងកាបូបមានលុយដុល្លារជាង៣ពាន់ដុល្លារ, លុយខ្មែរ៤លានរៀល, លុយថៃ១០មឺុនបាត, ទូរសព្ទ័៤គ្រឿង និងគ្រឿងអលង្ការមួយចំនួន ។

សូមបញ្ជាក់ថា នេះជាករណីប្លន់ប្រដាប់អាវុធនៅក្នុងក្រុងកំពង់ចាំដែលកក្រើកឡើងសាជាថ្មី បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈពេលនោះ ។ គេសង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ច នឹងបង្ហាញមុខជនសង្ស័យក្នុងករណីប្លន់នេះ ៕

Loading...