ប្អូនប្រុស បាញ់បងប្រុសបង្កើត ទាំងព្រឹកនៅជាយក្រុងតាខ្មៅ រួចគេចខ្លួនបាត់ស្រមោល

ខេត្តកណ្តាល៖ប្អូនប្រុសដែលសមត្ថកិច្ច អះអាងថា ជាមនុស្សប្រើប្រាស់គ្រឿងញៀន បានបាញ់បងប្រុសបង្កើតមួយគ្រាប់ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ រួចគេចខ្លួនបាត់ស្រមោល ដែលពេលនេះ សមត្ថកិច្ចកំពុងតាមចាប់ខ្លួន ។

ការបាញ់នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នេះ នៅចំណុចផ្ទះជនសង្ស័យ ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកវរសនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលថ្លែង ថា ជនរងគ្រោះ ឈ្មោះ ឆាយ សៀមមី អាយុ៤៣ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅភូមិកាហេ ឃុំកាហេ ស្រុកកងមាស ខេត្តកំពង់ចាម ។

ចំណែក ជនសង្ស័យជាប្អូនបង្កើតមានឈ្មោះ ឆាយ សាលាភ អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុមុខរបរ មិនពិតប្រាកដ ដោយជិះម៉ូតូ១គ្រឿងម៉ាក Scoopy ពណ៌ក្រហម ។

លោក ឡាក់ ម៉េងធី បន្តថា មុនពេលកើតហេតុ ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនហើយតែងតែឈ្មោះគ្នាជាមួយប្រពន្ធ ដោយប្រពន្ធជាអ្នករកស៊ីលក់ផលិតផលតាមអនឡាញ ។ លុះមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៤រសៀល ជនសង្ស័យបានឈ្លោះប្រកែកជាមួយប្រពន្ធរបស់ខ្លួន ពេលនោះ ជនរងគ្រោះបានចូលទៅជួយសម្របសម្រួល ឲ្យឈប់ឈ្លោះគ្នា តែពេលនោះជនសង្ស័យបែរជាខឹងថា ជនរងគ្រោះចេះដឹងរឿងប្តីប្រពន្ធរបស់គាត់ចង់បំបែកបាក់ ប្តីប្រពន្ធគាត់ ។

លុះមកដល់វេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះពីខេត្តកំពង់ចាម ឲ្យឡើងមកជួបនៅផ្ទះរបស់ខ្លួននៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីនិយាយគ្នាបន្តិច ។

ពេលនោះជនរងគ្រោះក៏បានជិះម៉ូតូឡើងមកជួបជនសង្ស័យតាមការណាត់ តែនៅពេលមកដល់មិនទាន់បាននិយាយអ្វីផង ក៏ត្រូវជនសង្ស័យដកកាំភ្លើងខ្លីម៉ាកឡុកបាញ់ជនរងគ្រោះត្រូវចំក្រោមក្លៀកខាងស្តាំធ្លាយគ្រាប់ទៅក្រោយមានរបួសស្នាមយ៉ាងធ្ងន់ធ្ងរ ហើយជនសង្ស័យបាន រកបាញ់ ឪពុកក្មេក តែមិនផ្ទុះ និង ប្រតាយប្រតប់គ្នា ជ្រុះកាំភ្លើងត្រូវឪពុកក្មេក យកបាន ហើយជនសង្ស័យបាន គេចរួចឡើងជិះម៉ូតូ Scoopy ពណ៌ក្រហម ស្លាកលេខភ្នំពេញ-9941ជិះឡើងទៅតាខ្មៅ គេចខ្លួនសំដៅ មកភ្នំពេញ ។

ករណីនេះនគរបាលខេត្តកណ្តាល និង ក្រុងតាខ្មៅកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ៕

Loading...