ផលិតកម្ម C-Star ទើបបញ្ចេញស្នាដៃដំបូង ប្រតិកម្មចំពោះការដាក់ម៉ោងចាក់បញ្ចាំង របស់រោងកុន

ភ្នំពេញ៖ ម្ចាស់ផលិតកម្ម C- Star កើតទុក្ខមិនសុខចិត្តដែលបណ្តារោងកុននានា ក្នុងរាជធានីភ្នំពេញ ដែលទទួលសិទ្ធចាក់បញ្ចាំង ស្នាដៃដំបូង របស់ខ្លួន គឺរឿង “ប៊ីអាយជី និង ខ្មោចយក្សធំ” បែរជាមិនព្រមទម្លាក់ម៉ោងល្អៗ ឬ ដាក់ឱ្យមានម៉ោងច្រើនដងជាងរឿងបរទេសនោះទេ។

លោក ឈី រដ្ឋា ម្ចាស់ផលិតកម្មស៊ីស្តារ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៍មានឱ្យដឹងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ថា ក្រោយពិធីសម្ពោធស្នាដៃរបស់ជាផ្លូវការប្រកាសចាក់បញ្ចាំងលើរោងកុនរួចហើយ បែរជាលោករកឃើញថា បណ្តារោងកុនទំនើបស្ទើរតែអស់នោះ មិនព្រមដាក់ម៉ោងល្អៗ និង ដាក់មានឱ្យបញ្ចាំងច្រើននោះទេ ក្នុងការជួយទ្រទ្រង់រឿងកុនខ្មែរឱ្យទទួលការគាំទ្រកាន់ខ្លាំងជារឿងបរទេសទេ។ សកម្មភាពមិនគាំទ្រ និង មិនធ្វើតាមលក្ខខណ្ឌព្រមព្រៀងគ្នាក្នុងការលើកស្ទួយរឿងខ្មែរគឺបង្កឱ្យស្នាដៃដំបូងរបស់លោក “ប៊ីអាយជីនិងខ្មោចយក្សធំ” នឹងត្រូវធ្លាក់ចុះទាំងប្រជាប្រិយភាពនិងចំណូលផងដែរ។

ទើបចេញមុខប្រឡូកស្នាដៃបានមួយរឿងបែរជាមានបញ្ហានេះឡើង លោកបាននិយាយចង់ស្រក់ទឹកភ្នែកថា ដើម្បីចង់បានស្នាដៃ និង គាំទ្រវិស័យកុនខ្មែរ លោកបានចំណាយធនធានជាច្រើន ហើយជាពិសេសលោកបានខ្ចីលុយកាកពីក្រុមគ្រួសារមកចំណាយផលិតកុនមួយនេះ ប៉ុន្តែដល់ពេលចេញដាក់បញ្ចាំងមែនទែន រឿង “ប៊ីអាយជីនិងខ្មោចយក្សធំ” រកមើលម៉ោងចូលមើលគ្មាន ហើយសុទ្ធរឿងបរទេស រហូតដល់ថ្នាក់អូសបន្លាយម៉ោងល្អៗផុត និង ដាក់ម៉ោងចុងក្រោយគេស្ទើរតែគ្មានអ្នកមកមើលថែមទៀត។ ដល់ថ្នាក់ម៉ោងខ្លះ ចាក់បានតែម្តងក្នុងមួយថ្ងៃ ឬ មានតែអ្នកទស្សនាតែមួយរយពីររយនាក់ សួរថាតើ រឿងរបស់លោកមួយនេះអាចទ្រាំទ្រទៅនឹងការចំណាយរាប់ម៉ឺនដុល្លារ លោកស្ទើរអស់ពីខ្លួនក្លាយជាមនុស្សជំពាក់គេ ដើម្បីកុនខ្មែរ និង អ្នកសិល្បៈយើងមានមុខមាត់រីកចម្រើន ប៉ុន្តែបែរជាមិនទទួលការគាំទ្រពីបណ្តារោងកុននានាមកវិញឡើយ។

លោក ឈី រដ្ឋា បានប្រាប់ថា ក្រោយពីបានផ្សព្វផ្សាយ វីឌីអូឈុតខ្លីៗ និង ប្រកាសសម្ពោធជាផ្លូវការនៃរឿង “ប៊ីអាយជីនិងខ្មោចយក្សធំ” រួចមកមានការគាំទ្រនិងមានមហាជនជាច្រើនចង់មើលផ្ទាល់ ប៉ុន្តែដល់រោងកុនគឺជួបខកចិត្ត មិននឹកស្មានដែលរោងកុនទំនើបនានាមិនបានដាក់បញ្ចាំងឱ្យរឿងរបស់លោកមាននៅលើផ្ទាំងសំពត់សឡើយ គឺឃើញរឿងបរទេសជាច្រើនបន្តកន្ទុយគ្នាជាហូរហែរ គ្មានរឿងកុនខ្មែរ។ ទិដ្ឋភាពបែបនេះជារឿងធ្វើឱ្យសោកសៅ និង ខកបំណង យ៉ាងខ្លាំងណាស់ ដែលផ្ទុយពីក្តីរំពឹងទុកថា ស្នាដៃដំបូងរបស់លោកនឹងចេញមកមានមនុស្សមើលច្រើប ប៉ុន្តែមកចប់ត្រឹមក្នុងដៃរបស់រោងកុនថា គ្មានម៉ោងចង្អៀតពិបាកដាក់ឱ្យនៅម៉ោងល្អៗ ដែលឆ្ងាយពីការគាំទ្រវិស័យកុនខ្មែរ ស្រលាញ់ខ្មែរ ជួយខ្មែរ។

ម្ចាស់ផលិតកម្មរូបនេះបានថ្លែងទាំងអារម្មណ៍សោកសៅផងដែរថា លោកសូមអំពាវនាវ និង សូមក្តីមេត្តា ដល់បណ្តារោងកុនទំនើបទាំងអស់ ពិចារណាឡើងវិញ និង សូមគិតគូជួយគាំទ្រដល់ស្នាដៃរបស់លោកមួយនេះ មានម៉ោងចាក់បញ្ចាំងត្រូវត្រឹមរាលថ្ងៃឡើងវិញ បើទោះបីជាមិនដាក់នៅម៉ោងល្អៗយ៉ាងណាក៏ដោយ៕

 

 

Loading...